សមាជ​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន​លទ្ធផល​៩​ចំណុច​ធំៗ

ដោយ ប្រាជ្ញ ចេវ
2015.02.01
មហា​សន្និបាត​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន ៦២០ មហា​សន្និបាត​ផ្ទៃ​ក្នុង​ជា​លើក​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
Photo: RFA

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ចាស់​វស្សា បាន​បញ្ចូល​សមាជិក​ជា​យុវជន​ចំនួន​៧០​នាក់ ស្នើ​ជាង​២២​ភាគរយ នៃ​ចំនួន​សមាជិក​ថ្មី​សរុប​៣០៦​នាក់។ ក្រុម​យុវជន ជា​សមាជិក​ថ្មី ដែល​គណបក្ស​បញ្ចូល​តាមរយៈ មហាសន្និបាត​នេះ មន្ត្រី​បក្ស​អះអាង​ថា ជ្រើស​រើស​ដោយមាន​បែបផែន​ប្រជាធិបតេយ្យ សម្ងាត់ និង​មិន​មែន​ជា​លើកដៃ​ទេ។

ការ​បញ្ចូល​យុវជន​ជា​សមាជិក​ថ្មី របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​ក្នុង​ក្ដី​រំពឹង​ថា យុវជន​ទាំងនោះ នឹង​ធ្វើ​ការងារ​ល្អ​ជាមួយ​យុវជន​ផ្សេងទៀត ខណៈ​ដែល​មាន​យុវជន​មួយ​ចំនួន​ធំ ក្នុង​ប្រទេស កំពុង​ចាប់​អារម្ភ​រឿង​នយោបាយ។ យុវជន​ដែល​ត្រូវ​ដាក់​បញ្ចូល​ជា​សមាជិក​ថ្មី គឺ​មាន អាយុ ក្រោម​៥០​ឆ្នាំ ដែល​បក្ស​អះអាង មាន​សមាសភាព​គ្រប់​ស្រទាប់​វណ្ណៈ។ ប៉ុន្តែ​ក្នុង​បញ្ជី ឈ្មោះ អ្នក​ទាំងនោះ យុវជន​ដែល​បញ្ចូល​ក្នុង គណៈកម្មាធិការ កណ្ដាល​បក្ស​ប្រជាជន សុទ្ធ​តែ​មាន​ងារ​ជា​ឯកឧត្ដម និង​លោកជំទាវ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ការបោះឆ្នោត​បំពេញ​បន្ថែម​សមាសភាព​ថ្មី​នេះ គឺ​ធ្វើ​ឡើង​នៅ​លើ​បញ្ជី​រួម​មួយ​ដោយ​សម្ងាត់ តាម​បែប​ប្រជាធិបតេយ្យ និង​មិនមែន​ការ​ជា​បោះឆ្នោត​ដោយ លើក​ដៃ​ឡើយ៖ «ចំនួន​ច្រើន​ណាស់ គឺ​យើង​បោះ​លើ​បញ្ជី​រួម​ឃើញ​ថា មាន​អ្នកប្រឆាំង​ដែរ ប៉ុន្តែ​សំឡេង​គាំទ្រ​មាន​ជាង​៩០​ភាគរយ»

សមាជិក​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា មុន​ធ្វើ​សន្និបាត​មាន​ចំនួន​២៦៨​នាក់ បន្ទាប់​ពី​បក្ស​បោះឆ្នោត​បំពេញ​បន្ថែម​៣០៦​នាក់​ទៀត និង​ត្រូវ​ទូទាត់ មន្ត្រី​បក្ស​២៧ ទទួល មរណភាព ១រូប លាឈប់ និង​មួយ​រូប​ត្រូវ​បក្ស​ប័ណ្ណចេញ​នោះ គឺ​មាន​ចំនួន​សរុប ៥៤៥​នាក់។

កា​ធ្វើ​សន្និបាត រយៈពេល​២​ថ្ងៃ​កន្លះ ដែល​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ ពុំ​មាន​វត្តមាន​លោក ជា ស៊ីម ប្រធាន​បក្ស​ទេ ដោយ​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស វៀតណាម។ ចំណែក​លោក ស ខេង ជា មន្ត្រី​ដែល​មាន​ឥទ្ធិពល​ក្នុង​បក្ស និង​ត្រូវ​ជា​ប្អូន​ថ្លៃ​លោក ជា ស៊ីម ក៏​អវត្តមាន​ដែរ ដោយ​រវល់​នៅ​កំដរ​លោក ជា ស៊ីម នៅ​មន្ទីរពេទ្យ។

ទោះបីជា​យ៉ាងណាក៏ដោយ មហាសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស ដែល​មាន​អ្នកចូលរួម​ជាង ១​ពាន់​នាក់ (.៣០០​នាក់) មកពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល មន្ត្រី​ខេត្ត និង​ស្រុក បានសម្រេច​បាន​លទ្ធផល​ចំនួន​៩​ចំណុច​ធំ​ៗ។ គណបក្ស​នេះ អះអាង​ថា គ្រប់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ គឺ​ពួកគេ​អាច​ផ្ដល់​ជូន​ពលរដ្ឋ​បាន ដោយ​សន្យា​ថា នៅ​ឆ្នាំ​២០១៨ ប្រាក់​បៀវត្ស​អប្បបរមា​ប្រចាំខែ​របស់​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ និង​កើន​ដល់​មួយ​លាន​រៀល​នៅ​ឆ្នាំ​២០១៨ ហើយ​ប្រាក់​អប្បបរមា​របស់​កម្មករ​និយោជិក​នៅ​តាម​រោងចក្រ សហគ្រាស នឹង​ឡើង​ដល់​១៦០​ដុល្លារ នៅ​ឆ្នាំ​២០១៨។

លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​និង​លោក សាយ សំអាល់ កូនប្រុស​លោក សាយ ឈុំ អនុប្រធាន​ទី​១​ព្រឹទ្ធសភា ដែល​អង្គ​សមាជ​បក្ស​បាន បោះឆ្នោត​បញ្ចូល​ជា​សមាជិក​វ័យក្មេង ក្នុង​តួនាទី​គណៈកម្មាធិការ​កណ្ដាល​បក្ស បដិសេធ​មិន​ឆ្លើយ​នឹង​សំនួរ​របស់​ក្រុម​អ្នក​កាសែត​ទេ ក្រោយពេល​ចប់​អង្គ​សន្និបាត ។

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី យល់ថា ក្រុម​យុវជន​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​បក្ស​ប្រជាជន​កើន​ឡើង​បាន លុះ​ត្រា​ណា​ពួកគេ មាន​ផ្នត់គំនិត​ថ្មី មាន​ឥរិយាបថ​ថ្មី។ ប៉ុន្តែ​លោក កែម ឡី សង្កេត​ឃើញ​ថា សកម្មភាព​យុវជន​គណបក្ស​ប្រជាជន​កន្លងមក នៅ​តែ​មាន​លក្ខណៈ​រើសអើង និង​ប្រកាន់​វណ្ណៈ​នៅឡើយ៖ «បើ​គ្រាន់តែ​ដាក់​យុវជន​អត់​ទាន់​គ្រប់គ្រាន់​ទេ ដល់​តែ​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ ពី​ជួយ​អ្នក​មាន​មក​ជួយ​អ្នកក្រ ប្ដូរ​ពី​អំណាច​ប្រមូល​ផ្ដុំ មក​ជា​អំណាច​ពលរដ្ឋ»

លោក ខៀវ កាញារីទ្ធ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន លើក​ឡើង​ថា សមាជិក​បក្ស​ដែល​បំពេញ​បន្ថែម​ថ្មី ដោយមាន​យុវជន​ចូលរួម​នេះ គឺជា​អ្នក​ស្នង​ត្រកូល​ដែល​មាន​សមត្ថភាព ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ពេល​ខាង មុខ​នឹង​យក​សមត្ថភាព​ជាធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។