"លោក សម រង្ស៊ី បង្កើត​សមាគម​ដើម្បី​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ជា​រឿង​គ្មាន​ប្រយោជន៍"

ដោយ ទីន ហ្សាការីយ៉ា
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ចាត់​ទុក​កា​គ្រោង​បង្កើត​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​ជា​រឿង​មិន​អាច​ទៅ​រួច ក៏​ប៉ុន្តែ​អ្នក​វិភាគ​លើក​ឡើង​ការ​គម្រោង​របស់​លោក សម រង្ស៊ី ក្នុង​គោលបំណង​បង្រួបបង្រួម​ជាតិ​នេះ ជា​រឿង​ល្អ​មួយ​នៅ​ខណៈ​កម្ពុជា កំពុងតែ​រង្គោះរង្គើ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​បែកបាក់​ជាតិ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ហើយ ដូច្នេះ​កម្ពុជា មិន​ទាមទារ​ឲ្យ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បង្កើត​សមាគម​ដើម្បី​លើក​តម្កើង​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពេល​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន អំពាវនាវ​ពី​ប្រទេស​បារាំង ឲ្យ​គ្រប់​ជាតិ​សាសន៍​ចូលរួម​បង្កើត​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ក្នុង​គោលបំណង​បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ចង់​បង្កើត​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នេះ​របស់​លោក សម រង្ស៊ី នេះ គ្មាន​ន័យ​អ្វី​ទេ ព្រោះ​កម្ពុជា បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពេញលេញ​ហើយ៖ «»។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រកាស​បង្កើត​សមាគម​ឈ្មោះ​ថា សមាគម​លើក​តម្កើង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក សម រង្ស៊ី អះអាង​ថា បើទោះបីជា​លោក​ឋិត​នៅ​ឆ្ងាយ​ពី​នយោបាយ​នៅ​កម្ពុជា លោក​នៅ​តែ​មាន​បំណង​ចង់​ជួយ និង​ចង់​បម្រើ​កម្ពុជា ក្នុង​ន័យ​បង្រួបបង្រួម​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ក្នុង​គោលបំណង​សម្រេច​ឯកភាព​ជាតិ​ដោយ​មាន​លទ្ធិប្រជាធិបតេយ្យ​ជា​មូលដ្ឋាន។

​លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សមាគម​ថ្មី​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​តាម​ច្បាប់​ប្រទេស​បារាំង មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​គោលដៅ​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​ជា​សកល និង​ជំរុញ​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ជាក់​ស្ដែង និង​ជា​ប្រចាំ។

លោក សម រង្ស៊ី បាន​សរសេរ​ទៀត​ថា សមាគម​របស់​លោក​នឹង​ទទួល​មិត្ត​ប្រទេស​កម្ពុជា មាន​គ្រប់​សញ្ជាតិ​អោយ​ចូល​ធ្វើ​ជា​សមាជិក​ផង​ដែរ បើ​អ្នក​ទាំង​នោះ​ចង់​បង្ហាញ​ពី​ការ​អាណិត​អាសូរ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ហើយ​ចង់​គាំទ្រ​ដោយ​សន្តិវិធី​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា ឯកភាព​ជាតិ​ជា​ការ​ចាំបាច់ ដើម្បី​ដោះស្រាយ​វិបត្តិ​សព្វថ្ងៃ ហើយ​នឹង​បញ្ចៀស​ប្រទេស​កម្ពុជា ពី​មហន្តរាយ។

លោក​បញ្ជាក់​ថា មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​បើក​ផ្លូវ​ឲ្យ​ខ្មែរ និង​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​អាច​និយាយ​គ្នា​បាន​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ក្នុង​គោល​បំណង​ការពារ​​ឧត្ដម​ប្រយោជន៍​ជាតិ ដែល​នឹង​នាំ​មក​នូវ​វឌ្ឍនភាព​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គម។

ម្យ៉ាង​វិញ​ទៀត ការ​ប្រកាស​បើក​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នេះ នៅ​ក្រោយ​ពេល​បរិយាកាស​នយោបាយ​កំពុង​តែ​វិវឌ្ឍ​ទៅ​កាន់​តែ​អាក្រក់ ដែល​សហគមន៍​ជាតិ អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​បិទ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​វិទ្យុ​ឯករាជ្យ មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អាស៊ីសេរី វិទ្យុ​ប្រជាធិបតេយ្យ បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អង្គការ NDI និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ជា​ដើម​ដែល​បញ្ហា​ទាំង​អស់​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​ដឹកនាំ​ប្រទេស​វិវឌ្ឍ​ទៅ​របប​ផ្ដាច់ការ។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ប្រកាស​បើក​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ជា​ការ​ចលនា​មួយ​ដើម្បី​កៀរគរ​កម្លាំង​ពី​ក្រៅ​ប្រទេស​ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល និង​អាច​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី បាន​ក្លាយ​ជា​ទណ្ឌិត និង​មាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​រនាំង​មិន​ឲ្យ​លោក​អាច​វិល​ចូល​ស្រុក ឬ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ប៉ុន្តែ​ការ​ប្រកាស​បង្កើត​សមាគម​នេះ​ជា​រឿង​មួយ​ដើម្បី​ឲ្យ​លោក​មាន​លទ្ធភាព​ប្រមូល​កម្លាំង​ពី​ក្រៅ​ស្រុក ហើយ​ជួយ​ដល់​អតីត​គណបក្ស​របស់​លោក​បាន។ លោក​បញ្ជាក់​ថា បើសិនជា​កម្លាំង​នេះ​កាន់​តែ​ធំ ប្រភព​ថវិកា​ក៏​កាន់​តែ​ច្រើន​ដែរ សម្រាប់​ផ្គត់ផ្គង់​គណបក្ស​ប្រឆាំង៖ «»។

លោក សម រង្ស៊ី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​លោក​ធ្លាប់​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ជា​ច្រើន​ទសវត្ស​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ គណបក្ស សម រង្ស៊ី របស់​លោក​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ដោយ​ចោទ គ.ជ.ប ថា​លំអៀង​ទៅ​បក្ស​កាន់​អំណាច។

នៅ​ពេល​នោះ គណបក្ស​ទាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី ទទួល​បាន​សំឡេង ២៤​អាសនៈ។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ ដែល​ចំនួន​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បង្កើត​រដ្ឋាភិបាល​តែ​ឯង​បាន​ទេ គឺ​ទាមទារ​សំឡេង​ណា​មួយ​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន។

ដោយ​លោក សម រង្ស៊ី និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឃើញ​ដូច្នេះ​ក៏​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​បង្កើត​សម្ពន្ធភាព​ជាមួយ​គ្នា​គឺ​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ។ ក្រោយ​ពី​ការ​បង្កើត​សម្ពន្ធភាព​នេះ ស្ថានភាព​នយោបាយ​នៅ​ពេល​នោះ បាន​ជាប់​គាំង​រយៈពេល​មួយ​ឆ្នាំ គឺ​នៅ​ក្នុង​ឆ្នាំ​២០០៤ ទើប​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ក្បាល​ម៉ាស៊ីន​សភា និង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន ដោយសារ​តែ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រត់​ចោល​លោក សម រង្ស៊ី កណ្ដាល​ទី ហើយ​ទៅ​ចាប់ដៃ​លោក ហ៊ុន សែន។

សម្រាប់​បរិបទ​សព្វថ្ងៃ​នេះ​វិញ អ្នក​វិភាគ​លើក​ឡើង​ថា សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ដូច​សម្ពន្ធភាព​ជាមួយ​សម្ដេច​ក្រុមព្រះ​នោះ​ទេ ដោយសារ​ថា លោក សម រង្ស៊ី បាន​ចេញ​ផុត​ពី​ឆាក​នយោបាយ ហើយ​លោក កឹម សុខា សុខ​ចិត្ត​ជាប់​គុក មិន​លក់​ឧត្ដមគតិ​ក្បត់ និង​លោក សម រង្ស៊ី នោះ​ទេ។

​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិន​សាទរ​ចំពោះ​ការ​បង្កើត​សមាគម​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ទេ ដោយ​លោក​លើក​ហេតុផល​ថា ស្ថានការណ៍​នយោបាយ​កំពុង​តែ​ក្ដៅ៖ «»។

​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ផ្ដួចផ្ដើម​អោយ​មាន​សមាគម​បែប​នេះ ប៉ុន្តែ​លោក​បារម្ភ​ថា សមាគម​នេះ​គឺ​នៅ​មិន​នៅ​ឆ្ងាយ​ពី​នយោបាយ​នៅ​ឡើយ បើ​និយាយ​ពី​ឈ្មោះ​របស់​សមាគម​នេះ។ លោក​ថា គួរ​ជ្រើសរើស​ឈ្មោះ​ផ្សេង​ពី​នេះ។

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​រូប​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​យោបល់​នៅ​លើ​ទឹក​ដី​កម្ពុជា ក៏​ដូចជា​នៅ​ក្រៅ​ប្រទេស​ឲ្យ​ចូលរួម​ក្នុង​សមាគម​នេះ ដែល​មាន​គោល​បំណង​តែមួយគត់ គឺ​បង្រួបបង្រួម​ជាតិ​ឈរ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ដែល​ជា​និយាម​របស់​កម្ពុជា ព្រោះ​ថា ប្រទេស​នៅ​លើ​សាកលលោក​មាន​ប្រជាធិបតេយ្យ​ផ្សេងៗ​ពី​គ្នា ហើយ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​គឺ​ជា​ការ​គោរព​តាម​នីតិរដ្ឋ។

​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​បែប​ផ្ដាច់ការ​ក្រោម​រូបភាព​អនុវត្ត​ច្បាប់​ដែល​បំផ្លាញ​រដ្ឋធម្មនុញ្ញ ដូច​ការ​ចាប់ចង​តំណាងរាស្ត្រ​ទាំង​មាន​អភ័យ​ឯកសិទ្ធិ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផ្ទុយ​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក សម រង្ស៊ី អះអាង​ថា មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ ដែល​អាច​ធានា​ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនចេះខ្មាស់សំដីខ្លួនឯងអួតសុទ្ធតែកម្ពុជាមានសុវត្តិភាពជាងនៅអាមេរិក អាមេរិកជាមេនាំអាតបាតដៃទីបីឃុមឃឹតនឹងជនក្បត់ជាតិ៕រួចនាំគ្នាស្តាយមិនបាននាំប្រពន្ធកូនទៅលេងអាមេរិក? ~Reader

Sep 15, 2017 04:26 AM

Young Khmer

Wow I didn't know that sok al San's family live in AMERCA. I though his family live in China.

Sep 14, 2017 03:44 PM

Dan

ពី LA

សុខ ឥសាននេះសំដីថ្លោសដាក់អាគាំងខ្លាំងណាស់តែកូនចៅបញ្ជូនមករៀននៅអាមេរិកទាំងអស់ បើគ្រាន់បើម៉េចមិនបញ្ជូនទៅរៀននៅស្រុកចិនឬយួនទៅ?

Sep 14, 2017 07:56 AM

គេហទំព័រ​ទាំងមូល