មន្ត្រី​បក្ស​កាន់​អំណាច​ថា​បើ​នរណា​មាន​លទ្ធភាព​ទប់ស្កាត់​បន្លែ​គីមី​គួរ​បង្កើត​បក្ស​ថ្មី​មក​ប្រកួតប្រជែង

ដោយ មួង ណារ៉េត
2018.01.05
សុខ ឥសាន ៨៥៥ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​មិន​ទទួល​យក​ការ​រិះគន់​របស់​សាធារណជន​ទូទៅ​រឿង​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​រឿង​មិន​ចេះ​មើល​អាហារ​មាន​ជាតិ​គីមី​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​បែរ​ជា​ឌឺ​ដង​ឲ្យ​អ្នក​ដែល​រិះគន់ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ប្រជែង​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច​ទៅ​វិញ បើ​ថា​ខ្លួន​ជា​អ្នក​មាន​សមត្ថភាព​ទប់​ស្កាត់​បន្ថែម​មាន​ជាតិ​ពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ។  ប៉ុន្តែ​អ្នក​ធ្វើ​ការ​ផ្នែក​កសិកម្ម​ថា ការ​លើក​ឡើង​បែប​នេះ​គឺ​ជា​សម្ភី​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មន្ត្រី​រាជការ​ដែល​បម្រើ​រាស្ត្រ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ពលរដ្ឋ​អំពី​រឿង​អាហារ​ដែល​មាន​សារធាតុ​គីមី ដោយ​លើក​ឡើង​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​សមត្ថភាព និង​អ្នក​វិភាគ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ដណ្ដើម​ប្រជាប្រិយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​មករា នេះ របៀប​ឌឺដង​ឡង​សម្តី​ថា អ្នក​ដែល​រិះគន់​អ្នក​មាន​សមត្ថភាព និង​អ្នក​វិភាគ​ទាំង​នោះ​អាច​សង្ឃឹម​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ​បាន។

​ការ​ឌឺដង​បែប​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​រឿង​មិន​សមគួរ​នោះ​ទេ។ ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ការ​ឆ្លើយ​តប​ពី​សំណាក​មន្ត្រី​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ជា​សារ​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ទទួល​ទទួល ឬ​ប្រមូល​ទស្សនៈ​មហាជន​យក​ទៅ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។ អ្នក​ធ្វើ​ការ​ជាមួយ​កសិករ​រូប​នេះ​និយាយ​ថា បើ​ជា​ការងារ​របស់​លោក​ទាក់ទង​ជាមួយ​វិស័យ​កសិកម្ម ក៏​លោក​មិន​អាច​មើល​នឹង​ភ្នែក​របស់​លោក​ដឹង​ថា បន្លែ​បែប​ណា​មាន​ជាតិ​គីមី ឬ​បន្លែ​បែប​ណា​គ្មាន​ជាតិ​គីមី​នោះ​ទេ។  លោក​ថា ការ​ពិនិត្យ​ដឹង​មាន​ជាតិ​ពុល​នៅ​បន្លែ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជំនាញ និង​ត្រូវ​មាន​ឧបករណ៍​ត្រួត​ពិនិត្យ និង​បច្ចេកទេស​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ថែម​ទៀត​ផង។

ចំណែក​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់​សង្គម​របស់​លោក​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​បន្ទោស​ពលរដ្ឋ​ថា មិន​ចេះ​មើល​បន្លែ​មាន​ជាតិ​គីមី។ លោក យ៉ង សាំងកុមារ ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ​ផលិត​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី​សំយោគ។

លោក​ឆ្លៀត​លើក​ឡើង​អំពី​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ថា ក្នុង​ករណី​បែប​នេះ លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ ៥.០០០​នាក់​ដែល​ស្មើ​តែ​ប្រមាណ ១​ភាគរយ​នៃ​ចំនួន​មន្ត្រី​ទូទាំង​ប្រទេស និង​ចំណាយ​តិចជាង ១​ភាគរយ នៃ​ថវិកា​ជាតិ​ប៉ុណ្ណោះ ដើម្បី​​ឲ្យ​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ធ្វើការ​លើ​រឿង​នេះ។

ការ​បញ្ចេញ​ប្រតិកម្ម​ដែល​ជា​ការ​ថ្លែង​ឌឺដង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា បើ​ពលរដ្ឋ​ទិញ​បន្លែ​ប៉ះចំ​បន្លែ​គីមី​កុំ​បន្ទោស​រដ្ឋាភិបាល​របស់​លោក ឬ​កុំ​បន្ទោស​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពលរដ្ឋ​ខ្លួន​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង។ លោក ហ៊ុន សែន ស្តី​បន្ទោស​ថា មក​ពី​ពលរដ្ឋ​មិន​ចេះ​មើល​បន្លែ​ណា​មាន​គីមី ឬ​បន្លែ​ណា​គ្មាន​គីមី ទើប​មាន​បញ្ហា​បែប​នេះ។  លោក ហ៊ុន សែន ចាត់​ទុក​ការ​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​ថា ជា​រឿង​ជ្រុល​ពេក៖ «»។

​ប៉ុន្តែ​ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន សែន មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ និង​អ្នក​វិភាគ​ទេ។ ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​មិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​នោះ​ឡើយ។ អ្នក​វិភាគ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មេដឹកនាំ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ បំបាត់​អំពើ​ពុករលួយ​មិន​បាន និង​បញ្ហា​ដទៃ​ទៀត។

អ្នកវិភាគ​រិះគន់​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទប់​ចិត្ត​មិន​បាន បញ្ចេញ​ប្រតិកម្ម​ជំនួស​លោក ហ៊ុន សែន។

​ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ដើម្បី​លើក​កម្ពស់​បន្លែ​ធម្មជាតិ​គ្មាន​ជាតិ​គីមី និង​ធានា​បាន​ការ​បរិភោគ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុខមាលភាព ទាំង​ប្រជាកសិករ និង​រដ្ឋាភិបាល​មាន​តួនាទី ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចូលរួម​ទប់​ស្ងាត់​ទាំង​អស់​គ្នា​ដោយ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ដើម្បី​ទប់​ស្ងាត់ និង​ធានា​បាន​សុខភាព​ប្រជាលរដ្ឋ។ លោក​លើក​ឡើង​ទៀត​ថា ធ្វើការ​បង្កើន​ថវិការ​ជាតិ​លើ​ផ្នែក​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ជា​ទុន​កម្ចី​ការ​ប្រាក់​ទាប និង​កា​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិករ។ ធ្វើ​ការ​បណ្តុះបណ្ដាល​បច្ចេកទេស​វេច​ខ្ចប់ ការ​ត្រួត​ពិនិត្យ​គុណភាព​ដល់​កសិករ។  ឃុំ-​សង្កាត់​ត្រូវ​បង្កើត​ទីផ្សារ​គោលការណ៍​ធម្មជាតិ​ឃុំ​មួយ ផ្សារ​សហគមន៍​មួយ សម្រាប់​លក់​ផលិតផល​កសិកម្ម​បែប​ធម្មជាតិ​ដែល​ដាំ​បាន​ដោយ​កសិករ។

​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​រៀបចំ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ដូចជា​ប្រឡាយ អាង​ស្ដុប​ទឹក ព្រែក ស្រះ​ជាដើម ដើម្បី​ធ្វើការ​ស្ដុប​ទឹក​ឲ្យ​កសិករ​មាន​ការ​ប្រើប្រាស់​គ្រប់គ្រាន់។ រដ្ឋាភិបាល​ក៏​ដូច​ក្រសួង​កសិកម្ម ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​លើ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជី និង​ថ្នាំ​គីមី​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។ លោក​ថា បើ​ធ្វើតាម​វិធីសាស្ត្រ​នេះ ប្រជាពលរដ្ឋ​លែង​រិះគន់​រដ្ឋាភិបាល​ទៀត​ហើយ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រជាពលរដ្ឋ។ នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ ដែល​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ចេញ​មុខ​ការពារ​ជំហរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បើ​ទោះ​ជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មតិ​សាធារណជន​យ៉ាង​ណា​ក៏ដោយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​គ្រួសារ​នីមួយៗ​របស់​ពលរដ្ឋ​ទូទៅ​ក្នុង​ការ​គ្រប់គ្រង​កូន​ចៅ​ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ទាំង​នោះ​សេព​គ្រឿងញៀន ឬ​ចូល​ក្រុម​បង​តូច​បងធំ ឬ​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ ព្រោះ​លោក​អះអាង​ថា រដ្ឋាភិបាល​មើល​មិន​អស់​ទេ។ លោក ហ៊ុន សែន ប្រដូច​រដ្ឋាភិបាល​ទៅ​នឹង​ម្ដាយ​ឪពុក​ដែរ ប៉ុន្តែ​ត្រូវ​មើល​កូន​ជាង ១៥​លាន​នាក់​ឯ​ណោះ។ លោក​ថា បើ​គ្រាន់តែ​គ្រួសារ​មួយៗ មាន​កូន​តែ​ពីរ​បី​នាក់ មើល​ថែ​កូន​មិន​បាន​ល្អ​ផង តើ​ឲ្យ​រដ្ឋាភិបាល​មើល​យ៉ាង​ម៉េច​នឹង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។