បក្ស​ប្រជាជន​ស្វាគមន៍​លោក កឹម សុខា ដែល​ទទួល​តំណែង​ក្នុង​សភា​ជំនួស​លោក សម រង្ស៊ី

ដោយ យ៉ង ចាន់តារា
2016.12.05
សម រង្ស៊ី កឹម សុខា ៦២០ លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from Kem Sokha Facebook Page

គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​លោក កឹម សុខា ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រដ្ឋ​សភា ជំនួស​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ការ​ទទួល​បាន​មុខ​តំណែង​ថ្មី​របស់​លោក កឹម សុខា នៅ​ពេល​នេះ បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ កាល​ពី​ចុង​សប្ដាហ៍​មុន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ឱ្យ​លោក កឹម សុខា ធ្វើ​ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី គឺ​ជា​ការ​សមស្រប និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ដំណើរ​ការ​ជួប​សន្ទនា​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

​លោក សុខ ឥសាន បញ្ជាក់​ថា លោក កឹម សុខា គឺ​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​ស្រុក​ស្រាប់ ដូច្នេះ​សក្ដិសម​នឹង​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​របស់​ខ្លួន ផ្ទុយ​ពី​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស ហើយ​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​បាត់បង់​សិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ៖ «វា​ប្រាកដ​ជា​មាន​លក្ខណៈ​ងាយ​ស្រួល​ច្រើន​ហើយ ពីព្រោះ​ទី​មួយ​ឯកឧត្ដម កឹម សុខា ជា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋសភា អ៊ីចឹង​ពេល​ទំនាក់ទំនង​មាន​ភាព​ងាយស្រួល​ជាមួយ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​មតិ​ភាគ​ច្រើន ពីព្រោះ​គាត់ (លោក កឹម សុខា) នៅ​ទី​នេះ​ជា​ប្រចាំ​ទៅ​ហើយ ដូច្នេះ​យើង​មាន​ទំនាក់ទំនង​ល្អ។ បើ​លោក សម រង្ស៊ី មិន​អាច​ទៅ​ទាក់ទង​ស្រួល​ដូច​ពេល​មុន​នោះ​ទេ។ កាល​ពី​មុន​គាត់​ជា​តំណាងរាស្ត្រ ឥឡូវ​គាត់​បាត់​សិទ្ធិ​ជា​តំណាងរាស្ត្រ នោះ​វា​ចប់​រឿង​ត្រឹមតែ​ប៉ុណ្ណឹង ហើយ​ម្យ៉ាង​គាត់​នៅ​ក្រៅ​ប្រទេស​ទៀត ដូច្នេះ​មិន​អាច​ងាយស្រួល​ដូច​នៅ​ក្នុង​ប្រទេស​ទេ»

​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​តែងតាំង​លោក កឹម សុខា ឱ្យ​ធ្វើ​ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ដែល​មាន​តួនាទី​មួយ​ទៀត​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋ​សភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​កែ​សម្រួល​រចនាសម្ព័ន្ធ​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​យន្តការ​សភា​ទៅ​ជជែក ឬ​ចរចា​គ្នា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច៖ «យើង​ចង់​ឱ្យ​កិច្ចការ​នៃ​សន្ទនា​គ្នា​ហ្នឹង ឱ្យ​វា​មាន​ភាព​ប្រក្រតី​ឡើង​វិញ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូចជា​បញ្ហា​ប្រទេស​ជាតិ បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​ការ​បោះឆ្នោត បញ្ហា​នយោបាយ»។ ​

លោក អេង ឆៃអ៊ាង ច្រានចោល​ការ​លើក​ឡើង​ដែល​ថា ការ​កែ​សម្រួល​រចនាសម្ព័ន្ធ​នេះ ជា​សញ្ញា​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស។ លោក​បញ្ជាក់​ថា លោក សម រង្ស៊ី នៅ​តែ​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៅ​រដ្ឋ​សភា​ដដែល ហើយ​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ភ្លាមៗ​ក្រោយ​ពី​មាន​ការ​កែប្រែ​រចនាសម្ព័ន្ធ​នេះ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​លោក​ថា ក្នុង​តួនាទី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​នៅ​តែ​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៅ​រដ្ឋ​សភា ហើយ​សម​ភាគី​របស់​លោក​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​សរសេរ​ទៀត​ថា ក្នុង​តួនាទី​ជា​ប្រធាន​ស្ដីទី លោក កឹម សុខា គឺ​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម​ភាគី​របស់​លោក គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង។ ​អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ការ​កែសម្រួល​រចនាសម្ព័ន្ធ​នេះ នឹង​គ្មាន​ប្រយោជន៍​នោះ​ទេ បើ​សិន​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​នៅ​តែ​គិតគូរ​រឿង​អំណាច​ជា​ធំ​នោះ។

លោក​ថា អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ការ​លើក​យក​បញ្ហា​ជាតិ​ជា​របៀបវារៈ​ទៅ​ជជែក​ដេញដោល​គ្នា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច៖ «សូម​អ្នក​តំណាងរាស្ត្រ​ទាំង​អស់ អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទាំង​អស់ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ក្តី គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី មេត្តា​កុំ​ស្រឡាញ់​កិត្តិយស និង​អំណាច​ដែល​ប្រជាពលរដ្ឋ​ផ្ដល់​ឱ្យ​ហើយ ហើយ​ភ្លេច​ពី​ការ​សន្យា​របស់​ពួកគាត់​ដែល​ត្រូវ​មាន​កាតព្វកិច្ច​ស្រប​ច្បាប់​ដើម្បី​ធានា​ទៅ​ដល់​សេចក្ដី​សុខ បូរណភាព​ទឹក​ដី និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ ខ្ញុំ​សង្ឃឹម​ថា ពួកគាត់​នឹង​មិន​បន្ត​បង្កើត​វប្បធម៌​មួយ​ដើម្បី​ផ្ដល់​ផល​វិបាក​ដល់​កម្ពុជា​ទេ»។ ​

មក​ទល់​នឹង​ពេល​នេះ គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​មិន​ទាន់​បង្ហាញ​ពី​សញ្ញា​នៃ​ការ​វិល​មក​រក​តុ​ចរចា​សា​ជា​ថ្មី​នៅ​ឡើយ។ ទាំង​សមាជិក​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​សកម្មជន​គណបក្ស​ប្រឆាំង នៅ​បន្ត​ជាប់ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ និង​ជាប់​បណ្ដឹង​នៅ​តុលាការ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា គ្មាន​ការ​ចរចា​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ បើ​ការសន្ទនា​នោះ​ផ្ដោត​លើ​ការ​ដោះលែង ឬ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នោះ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។