ប្រធាន​សភា​បញ្ជូន​លិខិត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កោះ​ហៅ​អ្នកស្រី ភឿង សកុណា

ដោយ ទីន ហ្សាការីយ៉ា
2017.04.28
តាំង​ពិព័រណ៍​សិល្បៈ ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាត់​ខ្សែ​បូ​បើក​កម្មវិធី​តាំង​ពិព័រណ៍​បង្ហាញ​ពី​សិល្បៈ​វប្បធម៌ នា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ​យោង​តាម​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើប្រាស់​អំណាច​ដោយ​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ចុះ​ទៅ​រុះរើ​សំណង់​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ទ្រុង​មាន់ បង្គន់ ឬ​របង​ជា​ដើម ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ក៏ដោយ ក៏​មន្ត្រី​ទាំង​នោះ​ទាមទារ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​រាប់​រយ​ដុល្លារ មុន​នឹង​គេ​សន្យា​ថា នឹង​មិន​ទៅ​រំខាន​ពេល​សាងសង់​តិចតួច​នោះ។ ចំពោះ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

​លោក សុន ឆ័យ បាន​ដាក់​សំណួរ​ថា តើ​លោក​ជំទាវ​រដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​មន្ត្រី​ខិលខូច​ទាំង​នោះ? តើ​នឹង​រៀបចំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​អាច​សាងសង់​សំណង់​ស្រាល​បាន​ដោយ​របៀប​ណា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិលខូច​តាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៀត​បាន?

របាយការណ៍​ដែល​អាជ្ញាធរ​អប្សរា​ផ្ដល់​ជូន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​ចំណាយ​លើ​ការងារ​តាំង​ពី​ឆ្នាំ​២០១០ មក គឺ​នៅ​ឆ្នាំ​២០១០ ចំណាយ​ជាង ១៥​លាន​ដុល្លារ មក​ដល់​ឆ្នាំ​២០១៤ ជាង ២៥​លាន​ដុល្លារ តែ​ពុំ​មាន​របាយការណ៍​ចំណាយ​ជាក់ស្ដែង​នោះ​ទេ។

ចំពោះ​ចំណូល​វិញ អាជ្ញាធរ​បាន​ជួល​ដី​ដែល​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​មាន​ដី​ចំនួន ២៣​ហិកតារ ជួល​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​តម្លៃ ៩,៦៦​លាន​ដុល្លារ រយៈពេល ៩៩​ឆ្នាំ។ ការ​ជួល​ដី​ឃុបឃិត​គ្នា​ក្នុង​តម្លៃ​ថោក​ដែល​ចម្លែក​យ៉ាង​នេះ​ក្ដី តាម​របាយការណ៍ អាជ្ញាធរ​នេះ​ទើប​ទទួល​បាន​ប្រមាណ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​បង់​ចូល​ថវិកា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។