មន្ត្រី​បក្ស​ប្រឆាំង​ថា អ្នក​កំពង់ចាម​ជាច្រើន​នឹង​មិន​បាន​ទៅ​បោះឆ្នោត​២០១៨

ដោយ អាស៊ីសេរី
2017-09-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna
សកម្មភាព​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna
RFA/Saut Sokprathna

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លើក​ឡើង​ថា ពលរដ្ឋ​ជាច្រើន​នឹង​មិន​បាន​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។ ការ​លើក​ឡើង​នេះ ក្រោយពេល​ពួកគេ​សង្កេត​ឃើញ​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​នាំ​គ្នា​មក​ចុះឈ្មោះ​បោះឆ្នោត​នៅ​ពេល​បច្ចុប្បន្ន គឺ​មាន​ចំនួន​តិចតួច ហើយ​នឹង​បណ្ដាល​ឱ្យ​ពួកគេ​បាត់បង់​សិទ្ធិ​បោះឆ្នោត ប្រសិនបើ​ពួកគេ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ។

មន្ត្រី​គណបក្សប្រឆាំង​ខេត្ត​កំពង់ចាម និង​សង្គម​ស៊ីវិល​ដែល​តាមដាន​លើ​ការងារ​ចុះឈ្មោះ​បោះឆ្នោត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​នាំគ្នា​រួសរាន់​ទៅ​ចុះឈ្មោះ។ ការ​ស្នើ​នេះ ពីព្រោះ​រយៈពេល​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ គឺ​នៅ​សល់​ចំនួន ៤០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​វិញ គឺ​មាន​ចំនួន​កាន់តែ​តិចតួច​ពី​មួយ​ថ្ងៃ​ទី​មួយថ្ងៃ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក សាន សឿង មាន​ប្រសាសន៍​ថា ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី២២ និង​២៣ កញ្ញា ដែល​មាន​ពលរដ្ឋ​ច្រើន​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ក្រៅ​ពី​នេះ គឺ​មាន​ចំនួន​តិចតួច​បំផុត ដោយ​ក្នុង​មួយ​ស្រុកៗ មាន​ប្រមាណ​២០​ឬ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៖ «អ៊ីចឹង​បារម្ភ​ថា​ប្រជាពលរដ្ឋ​យើង​មិន​អាច​មានឱកាស ពិសេស​ទៀត គឺ​គាត់​មិនសូវ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ពេញលេញ​ក្នុង​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត»

ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត និង​មិន​ទាន់​បាន​ចុះឈ្មោះ​កាលពី​ឆ្នាំ​២០១៦ នៅ​ខេត្ត​កំពង់ចាម មាន​ចំនួន​ជិត ១២​ម៉ឺន​នាក់ (១១៩,១៧៩) ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៧ កញ្ញា មាន​ពលរដ្ឋ​ជាង​១​ម៉ឺន​ប៉ុណ្ណោះ (១៦,៦៥៧)​ដែល​បាន​មក​ចុះឈ្មោះ​បោះឆ្នោត។

លោក សាន សឿង បញ្ជាក់​ខាង​គណបក្ស​បាន​ស្នើសុំ​ខ្សែអាត់​សំឡេង​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​នាំគ្នា​មក​ចុះឈ្មោះ​បោះឆ្នោត និង​ជំរុញ​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ជួយ​ណែនាំ​ដល់​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ​នាំ​កូនចៅ ឬ សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​នាំគ្នា​ទៅ​ចុះឈ្មោះ​ឱ្យ​គ្រប់ៗ​គ្នា។

កាលបរិច្ឆេទ​ធ្វើ​បច្ចុប្បន្នភាព និង ការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១៧ គឺ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១ កញ្ញា រហូតដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ធ្វើឡើង​សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ន​នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ឆ្នាំ​២០១៨ គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​។ លើស​ពី​នេះ ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ និង​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួចហើយ ប៉ុន្តែ​ផ្លាស់​ប្តូរ​ទីលំនៅ​ជាដើម ត្រូវ​ទៅ​ចុះឈ្មោះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា នៅ​រយៈពេល​២៨​ថ្ងៃ នៃ​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​ជិត​២៤​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន ១,៩៣០​នាក់ និង​អ្នក​ខុស​កែ​តម្រូវ​មាន​ចំនួន ២,០៧៦​នាក់។ គ..ប បាន​ឲ្យ​ដឹង​ថា រយៈពេល​២៨​ថ្ងៃ​ដំបូង នៃ​ដំណើរ​ការ​បើក​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ ជាង​២​សែន ៤​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី​យល់​ឃើញ​ថា មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទាន់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដូចជា​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​មាន​ភាព​ស្មុគស្មាញ ការ​ចំណាកស្រុក និង​បញ្ហា​ស្ថានភាព​នយោបាយ​តានតឹង​នៅ​ពេល​បច្ចុប្បន្ន ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​បាក់​ទឹកចិត្ត និង​មិន​ចង់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តែម្ដង។ នៅ​ពេល​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចុះ​តាម​មូលដ្ឋាន​ម្តងៗ លោក សង្កេត​ឃើញ​ថា ចំនួន​ពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ចាម ពិត​ជា​មាន​ចំនួន​តិចតួច​ប្រាកដ​មែន ហើយ​ប្រសិន​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ពេល​ខាងមុខ មាន​ចំនួន​តិច​ពេក​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ ព្រមទាំង​បង្ហាញ​ថា ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគាត់​មិនបាន​ទូលំទូលាយ​ទេ៖ «ខ្ញុំ​មើល​ឃើញ​ទៅ​ការបោះឆ្នោត​ហ្នឹង​វា​មិន​មាន​លក្ខណៈ​ទូលំទូលាយ​ទេ ហើយ​ការបោះឆ្នោត​ហ្នឹង​វា​មិន​មាន​លក្ខណៈ​ចំហ​ដោយ​សេរី​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​នាំគ្នា​ទៅ​ចុះឈ្មោះ​ឱ្យ​បាន​គ្រប់គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ។ លើស​ពី​នេះ មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគាត់ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល