មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ចោទ​អាជ្ញាធរ​ស្រុក​បន្ត​រារាំង​មិន​ឲ្យ​ពលរដ្ឋ​​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ អាស៊ីសេរី
2017-09-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជាពលរដ្ឋ​ទៅ​ទាក់ទង​អាជ្ញាធរ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
ប្រជាពលរដ្ឋ​ទៅ​ទាក់ទង​អាជ្ញាធរ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ទៀត ចំពោះ​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​ខេត្ត​នេះ​ ដែល​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត។ ក្ដី​បារម្ភ​នេះ​ក្រោយ​ពេល​សមត្ថកិច្ច​​មាន​កិច្ចប្រជុំ​រក​ដំណោះ​ស្រាយ​ករណី​​អភិបាល​ស្រុក​សាលា​ក្រៅ បញ្ជា​ឲ្យ​ស្មៀន​ឃុំ​យក​ត្រា​ទៅ​ទុក​ មិន​ឲ្យ​ធ្វើ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋ​ដើម្បី​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​ លើក​ឡើង​ថា រឿង​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល និង​មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ មិន​ជួយ​អន្តរាគមន៍ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​កុំ​ជ្រៀតជ្រែក​តួនាទី​របស់​ស្មៀន​ឃុំ​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន​ លោក ឃឹម ប៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ថា​ អាជ្ញាធរ​ស្រុក​សាលាក្រៅ និង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត បាន​ពន្យារ​ពេល​ដោះស្រាយ​ករណី​ស្មៀនឃុំ​យក​ត្រា​ទៅ​រក្សា​ទុក​នេះ​ទៅ ដោះស្រាយ​នៅ​សប្ដាហ៍​ក្រោយ។ លោក​បញ្ជាក់​ថា​ អភិបាល​ស្រុក​បញ្ជា​ឲ្យ​ស្មៀន​ឃុំ​យក​ត្រា​ទៅ​រក្សា​ទុក​នេះ ធ្វើ​ឡើង​ចំពោះ​ឃុំ​ណា​ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​មេឃុំ ចំណែក​ឃុំ​ផ្សេង​ទៀត​ដែល​គណបក្ស​ប្រជាជន​ដឹក​នាំ​គឺ​ធ្វើ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋ​បាន​ដោយសារ​សេរី។

អាស៊ីសេរី​ពុំ​អាច​ទាក់​ទង​អភិបាល​ស្រុក​សាលាក្រៅ​ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ កញ្ញា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បញ្ជា​ឲ្យ​ស្មៀន​ឃុំ​យក​ត្រា​ទៅ​រក្សាទុក គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។លោក​បន្ថែម​ថា អាជ្ញាធរ​ស្រុក​អាច​បញ្ជា​បាន​លុះ​ត្រា​តែ​ស្មៀន ឬ​មេឃុំ​យក​ត្រា​ទៅ​ប្រើប្រាស់​ខុស​ច្បាប់​រដ្ឋបាល​ ប៉ុន្តែ​ការ​យក​ត្រា​ទៅ​ទុក​នេះ​ត្រូវ​មាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ បញ្ជាក់​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់។

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​លើ​ករណី​នេះ​កាល​ពី​ដើម​ថ្ងៃ​ទី​១៦ កញ្ញា​កន្លង​ទៅ ដើម្បី​ឲ្យ​ស្មៀន​ឃុំ​យក​ត្រា​ធ្វើ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋ​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​មាន​វិធាន​ការ​បន្ត​ទៀត។

នៅ​ខេត្ត​ប៉ៃលិន ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​៦ពាន់​នាក់​ ចំណែក​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៨​កញ្ញា មាន​៦៥៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល