សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​គ្រោង​រៀបចំ​កិច្ច​ពិភាក្សា​ទាក់ទង​បញ្ហា​បោះ​ឆ្នោត​នៅ​ថ្ងៃ​២៤ មិថុនា

ដោយ ម៉ៅ សុធានី
2014.06.22
ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត ៦១០ សកម្មភាព​បើក និង​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត​តាម​កញ្ចប់​សុវត្ថិភាព "ក" មណ្ឌល​បាត់ដំបង ក្រុង​បាត់ដំបង នា​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Mom Sophon

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (Election Reform Alliance) ដែល​ចង​ក្រង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជា​សមាជិក​ចំនួន ២០​ស្ថាប័ន គ្រោង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មិថុនា ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) ក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រី​ច្បាប់​និង​តស៊ូ​មតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល លោក សួន យុធ្យា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​២១ មិថុនា ថា គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​បង្ហាញ​ជូន​ភាគី​ពាក់ព័ន្ធ​និង​ពិភាក្សា​អំពី សេចក្ដី​ស្នើ​វិសោធនកម្ម​ក្របខ័ណ្ឌ​ច្បាប់​ទាក់ទង​ស្ថាប័ន​គ្រប់គ្រង​ការ​បោះ​ឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាដើម។

លោក​បន្ត​ថា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នឹង​អញ្ជើញ​ចូល​រួម​បើក​សិក្ខាសាលា និង​បង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «លោក សុរិយា ស៊ូប៊ែឌី នឹង​បង្ហាញ​អនុសាសន៍​ដែល​គាត់​បាន​រក​ឃើញ។ គោលបំណង​សំខាន់​គឺ​យើង​ចង់​បង្ហាញ​អនុសាសន៍​ជា​គោល​ធំៗ អំពី​ក្របខ័ណ្ឌ​ច្បាប់​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជូន​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ កន្លង​មក ERA យើង​បាន​ចេញ​របាយការណ៍​មួយ​ហើយ យើង​នឹង​យក​អនុសាសន៍​លម្អិត​ដែល ERA បាន​រៀបចំ​នោះ ទៅ​បង្ហាញ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា...»

លោក សួន យុធ្យា មាន​ប្រសាសន៍​ថា សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​បាន​ផ្ញើ​លិខិត​អញ្ជើញ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ ដើម្បី​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។