មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក

ដោយ យ៉ង ចាន់តារា
2016-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) [កណ្ដាល] ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ កាល​ពី​​ថ្ងៃ​ទី​១៩ ​កក្កដា ឆ្នាំ​២០១៦ នា​​ស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ។
ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) [កណ្ដាល] ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ កាល​ពី​​ថ្ងៃ​ទី​១៩ ​កក្កដា ឆ្នាំ​២០១៦ នា​​ស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ថម ម៉ាលីនណូស្គី (Tom Malinowski)  ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ ថា​ជា​ការ​មិន​ពិនិត្យ​អង្គហេតុ និង​ច្បាប់​របស់​កម្ពុជា ព្រមទាំង​មាន​ទំនោរ​គាំទ្រ​គណបក្ស​ប្រឆាំង។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការបរទេស បញ្ជាក់​ថា មិន​មាន​ចំណុច​ណា​មួយ​ដែល​បង្ហាញ​ថា សារ​របស់​លោក ថម ម៉ាលីនណូស្គី ជា​ការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ប៉ុន្តែ​ដោយសារ​អាមេរិក ប្រកាន់​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដូច្នេះ​អាមេរិក ចាំបាច់​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក លោក ថម ម៉ាលីនណូស្គី ជុំវិញ​ការ​​ស្នើ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប លោក នី ចរិយា។

​លោក ផៃ ស៊ីផាន ហៅ​សុន្ទរកថា​របស់​លោក ថម ម៉ាលីនណូស្គី ថា​ជា​យុទ្ធនាការ​នយោបាយ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង៖ «អ្វី​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​រវាង​លោក សម រង្ស៊ី និង​លោក ហោ ណាំហុង និង​រឿង​លោក កឹម សុខា ដែល​គាត់​មិន​គោរព​នូវ​អ្វី​ដែល​ជា​នីតិវិធី​តុលាការ ដែល​នេះ​ជា​ការ​ប្រឆាំង​ស្ថាប័ន​តុលាការ។ នេះ​មិនមែន​ជា​រឿង​នយោបាយ​ទេ។ យើង​ឃើញ​ថា វា​ជា​ការ​រំលោភ​ច្បាប់។ គាត់​បំភ្លេច​រឿង​នេះ​ចោល​មាន​ន័យ​ថា គាត់​មាន​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​ប្រឆាំង​រួច​ស្រេច​ទៅ​ហើយ»

​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក ថម ម៉ាលីនណូស្គី បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ កក្កដា ដើម្បី​ពិភាក្សា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​រំលឹក​កម្ពុជា ជុំវិញ​ការ​លើក​កម្ពស់​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។ លោក​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ក្រុម​គ្រួសារ​សកម្មជន​សមាគម​អាដហុក (ADHOC) ដែល​កំពុង​ជាប់ឃុំ និង​ជាពិសេស​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី

​ក្រៅ​ពី​នេះ លោក​ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ពិសេស​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ស្ថានទូត​សហរដ្ឋអាមេរិក។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA Photo: RFA

លោក ថម ម៉ាលីនណូស្គី កត់សម្គាល់​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ចំណាត់​ការ​ផ្លូវច្បាប់​ជា​ច្រើន​ត្រូវ​បាន​ធ្វើឡើង​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​ទៅ​លើ​រដ្ឋាភិបាល ហើយ​លោក​ពិតជា​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប។

​លោក​បញ្ជាក់​ថា ចំណាត់​ការ​ទាំង​អម្បាល​មាន គឺ​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយ​ប្រឆាំង​នឹង​សកម្មជន និង​តំណាងរាស្ត្រ​ទាំង​នោះ។ លោក​បន្ត​ទៀត​ថា ក្នុង​បរិបទ​បោះឆ្នោត​ខាង​មុខ និង​ខួប​លើក​ទី​២៥ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្ហាញ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ពី​សំណាក់​សាធារណជន​ខ្មែរ និង​សហគមន៍​អន្តរជាតិ។

លើស​ពី​នេះ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​មិន​មាន​និន្នាការ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ៖ «ជា​ដំបូង​ខ្ញុំ​ចង់​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​បែប​វិជ្ជមាន​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។ យើង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ការពារ​បរិស្ថាន ការ​ថែរក្សា​សន្តិសុខ​ប្រឆាំង​ភេរវកម្ម ការ​ពង្រឹង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា អាមេរិក​មិន​ប្រឆាំង ឬ​គាំទ្រ​គណបក្ស ឬ​ចលនា​នយោបាយ​ណា​មួយ​ឡើយ ទាំង​រដ្ឋាភិបាល និង​ទាំង​ខាង​គណបក្ស​ប្រឆាំង។ អ្វី​ដែល​អាមេរិក គាំទ្រ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​លើ​ពិភពលោក គឺ​ដំណើរការ​មួយ​ដែល​ផ្ដល់​ឱ្យ​មនុស្ស​គ្រប់​គ្នា​នូវ​ឱកាស​ស្មើ​គ្នា ដើម្បី​បង្ហាញ​ការ​យល់​ឃើញ ទាញ​យក​ផលប្រយោជន៍ និង​ប្រកួតប្រជែង​គ្នា​នៅ​លើ​សង្វៀន​នយោបាយ។ នេះ​ជា​ចំណុច​សំខាន់​គ្រប់​ប្រទេស​ទាំង​អស់​ដើម្បី​ថែរក្សា​ស្ថិរភាព និង​សន្តិភាព​សង្គម»

​លើស​ពី​នេះ​ទៅ​ទៀត លោក ថម ម៉ាលីនណូស្គី ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ និង​អាច​ជឿ​ទុក​ចិត្ត​បាន​ជុំវិញ​ករណី​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី។

ទាក់ទង​នឹង​រឿង​នយោបាយ​វិញ លោក​លើក​ឡើង​ពី​សារសំខាន់​នៃ​វប្បធម៌​សន្ទនា ហើយ​លោក​ជំរុញ​ឱ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​វិល​មក​រក​តុ​ចរចា​សា​ជា​ថ្មី ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ផៃ ស៊ីផាន ២០១៦ ៨៥៥
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA

អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោល​ក្តី​ព្រួយ​បារម្ភ និង​ការ​អំពាវនាវ​ទាំង​ឡាយ​របស់​លោក ថម ម៉ាលីនណូស្គី ដោយ​លើក​ឡើង​ថា តុលាការ និង​ដំណើរ​ការ​រក​យុត្តិធម៌​របស់​កម្ពុជា មាន​ភាព​ឯករាជ្យ និង​អធិបតេយ្យ​ដោយ​មិន​រង​សម្ពាធ​ពី​ក្រុម​ណា​មួយ​ឡើយ៖ «ហេតុ​ដូចម្ដេច​បាន​ជា​យក​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​យក​មក​ដាក់​លាយឡំ​នឹង​សព​លោក កែម ឡី? ហេតុ​ដូចម្ដេច​បាន​ជា​លុយ​ជំនួយ​អត់​សំណង​របស់​ចិន ដែល​យក​មក​ឱ្យ​កម្ពុជា ក្នុង​ការ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត? ហេតុ​អ្វី​ទើប​ធ្វើការ​វាយ​ប្រហារ​លើ​រឿង​លុយ​ជំនួយ​ហ្នឹង? អា​ហ្នឹង​ខ្ញុំ​យល់​ថា វា​ជា​អន្ទាក់​មួយ​ដែល​គេ​ដាក់​សម្រាប់​បំផ្លាញ​ឆន្ទៈ​របស់​មហាជន​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចេញ​នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នេះ?»

​អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការបរទេស និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន មិន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ថម ម៉ាលីនណូស្គី ថា​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង ឬ​ក្រុម​ណា​មួយ​នោះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក​ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដូច្នេះ​អាមេរិក ត្រូវតែ​រំលឹក​កម្ពុជា អំពី​បញ្ហា​ទាំង​នេះ។ លោក​ថា បើ​ការ​ស្នើ​សុំ​ទាំង​នោះ​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា រដ្ឋាភិបាល​មិន​គួរ​មើល​រំលង​ចំណុច​ទាំង​នោះ​ទេ។

​លោក ឡុង គឹមឃន៖ «អ្វី​ដែល​គេ​មក​កម្ពុជា ជួប​ជាមួយ​កម្ពុជា និយាយ​ជាមួយ​កម្ពុជា វា​មិន​មែន​ជា​រឿង​គាំទ្រ​បក្ស​ណា ក៏ប៉ុន្តែ​គេ​ចង់​ឱ្យ​កម្ពុជា យើង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ជា​នីតិរដ្ឋ​ពិតប្រាកដ ប្រជាធិបតេយ្យ​ពិតប្រាកដ គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក កាន់តែ​ល្អ​ប្រសើរ ហើយ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​នយោបាយ​ការបរទេស ដរាបណា​យើង​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ជាតិ​យើង សម្រាប់​ប្រជាពលរដ្ឋ​យើង មាន​អ្វី​ដែល​មិន​គួរ​ធ្វើ»

ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហាក់​ស្ថិត​នៅ​ក្នុង​បរិយាកាស​មិន​ល្អ​នៅ​ក្រោយ​ពេល​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំ និង​ផ្អាក​វប្បធម៌​សន្ទនា។ សកម្មជន និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ករណី​ចុង​ក្រោយ​បង្អស់ គឺ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម និង​នយោបាយ ដ៏​មាន​ប្រជាប្រិយភាព។

​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សម្ដែង​ក្តី​បារម្ភ​ជុំវិញ​ការវិវត្តន៍​បែប​នេះ ហើយ​ពួកគេ​ទទូច​ឱ្យ​មាន​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ប្រកប​ដោយ​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Maybe this is enough reason to criticize the Chinese aide.

There is a Chinese saying, “Give a man a fish and you feed him a day. Teach a man to fish and you feed him for a life time.” If only Hun Sen taught the Cambodians to be good business people like ALL his family members (read Global Witness Reports) then he would not have to go around and beg the Chinese for money all the times and coming home bragging about having no one on earth dare criticize him.

Jul 22, 2016 10:01 PM

អ្នក​អាន​អនាមិក

Hun Sen is very lucky to have two Tariq Aziz wannabe--Phay Siphan and Sok Issan. They are very loyal and repeated what he wants them to say. Tariq Aziz defended Sadam Hussien until the very end. Will Phay Siphan and Sok Issan defend Hun Sen until the very end too?

Jul 22, 2016 11:29 AM

អ្នក​អាន​អនាមិក

LOL...who could have forgotten Tariq Aziz. Even when bombs and missiles rained down on Baghdad Tariq still telling people there were no bombs and missiles. It's just rain people, don't worry...LOL

Jul 24, 2016 12:06 PM

អ្នក​អាន​អនាមិក

US should revoke Phay Siphan citizenship because he support communist Hun Sen ,this is against what he swore for his citizenship.

Jul 21, 2016 10:09 AM

អ្នក​អាន​អនាមិក

Deny his benefits, SS and medicare. He has plenty of corrupt money to live on.

Jul 22, 2016 09:40 AM

NEM MEX

ពី នេម មេច) (Paris, France

មន្រ្តីរដ្ឋភិបាលកម្ពុជា ចង់និយាយថារដ្ឋភិបាលធ្វើការចាប់ចង​ គឺ
គោរពតាមច្បាប់ ។ តើច្បាប់អី ? គឺច្បាប់ដែលគ្មានលក្ខណះ
សកល ច្បាប់ដែលអនុវត្តសំរាប់តែការពារប្រយោន៍ របស់ក្រុមអ្នក
កាន់អំណាចតែប៉ុណ្ណោះ ។ និយាយអោយខ្លី គឺ ជាច្បាប់សំរាប់
ធ្វើការបំពាន ៕

Jul 21, 2016 09:54 AM

អ្នក​អាន​អនាមិក

Cho Hun Sen is the most powerful person on earth, or even outside of planet earth. What or who is the USA? Or UN? If someone upsets him, he will order the Cambodian court to issue arrest warrants and those individuals will face jail sentences no matter what. So, shut up everyone!

He holds the highest position everywhere, he even proclaimed to be King of Facebook. He is very humble, he does not mind if someone calls him "idiot, or Ah Kuk in Cambodian language".

Jul 21, 2016 06:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល