តុលាការកំពូលនឹងធ្វើសវនាការសុំនៅក្រៅឃុំរបស់លោកមាជសុវណ្ណារ៉ា
2015.03.03
តុលាការកំពូលនឹងធ្វើសវនាការ សុំនៅក្រៅឃុំ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា នៅថ្ងៃទី៤ មីនា បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍បដិសេធពាក្យសុំនៅក្រៅឃុំពីរលើកមកហើយ។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទដឹកនាំកុប្បកម្ម បង្កឲ្យមានហិង្សាក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។
ប៉ុន្តែមេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា គឺលោក ជូង ជូងី បានបដិសេធចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលមិនអនុញ្ញាតឲ្យកូនក្ដីលោក បាននៅក្រៅឃុំទេ ជាហេតុធ្វើឲ្យលោកស្នើដល់តុលាការកំពូលដូច្នេះ។ លោក ជូង ជូងី អះអាងថា លោក មាជ សុវណ្ណារ៉ា មិនត្រូវបានគេរកឃើញថា បានប្រព្រឹត្តហិង្សាទេ បើយោងតាមការបង្ហាញក្នុងវីដេអូឃ្លីប ក្នុងពេលសវនាការកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ លោក ជូង ជូងី បញ្ជាក់ថា ការស្នើសុំនៅក្រៅឃុំនេះ ព្រោះលោក មាជ សុវណ្ណារ៉ា ស្ថិតនៅក្នុងការស៊ើបសួររបស់តុលាការនៅឡើយ ហើយលោកក៏មិនធ្លាប់រត់គេច តាមការកោះហៅរបស់តុលាការដែរ។ មួយវិញទៀត លោក មាជ សុវណ្ណារ៉ា ក៏ព្រមតម្កល់ប្រាក់១០លានរៀល ដើម្បីសុំនៅក្រៅឃុំដែរ៕