លោក ហោ ណាំហុង៖ ថៃ​​បកស្រាយ​របៀប​ទាល់ច្រក​នៅ​ឡាអេ

តុលាការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​១៧ ខែ​មេសា បាន​ស្ដាប់​ការ​បកស្រាយ​ពេញ​មួយ​ថ្ងៃ​របស់​តំណាង​ប្រទេស​ថៃ បន្ទាប់​ពី​ភាគី​កម្ពុជា បាន​ឡើង​ធ្វើ​បទ​បង្ហាញ​កាល​ពី​ថ្ងៃ​១៥ មេសា កន្លង​ទៅ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ឡើង​បកស្រាយ​របស់​ភាគី​ថៃ លោក ហោ ណាំហុង ប្រតិភូ​កម្ពុជា មាន​ប្រសាសន៍​ថា ថៃ​និយាយ​ដដែល​របៀប​ទាល់ច្រក ហើយ​ថា កម្ពុជា​នៅ​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជាង​ក្នុង​រឿង​ក្តី​នេះ។
ដោយ ជុន ច័ន្ទបុត្រ
2013-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

ប្រធាន​គណៈប្រតិភូ​ខាង​ភាគី​កម្ពុជា លោក ហោ ណាំហុង មាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ការ​ឡើង​បកស្រាយ​របស់​ភាគី​ថៃ​ថា ថៃ​ចេះ​តែ​បក​ស្រាយ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

នៅ​ថ្ងៃ​ទីពីរ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ក្រុង​ឡាអេ នេះ លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែល​ជា​ឯក​អគ្គរាជ​ទូត​ថៃ ប្រចាំ​ប្រទេស​ហូល្លង់ដ៍ និង​ជា​តំណាង​របស់​រាជរដ្ឋាភិបាល​ប្រទេស​ថៃ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​តុលាការ​​​នៃ​ក្រុង​ឡាអេ ថា អនាគត​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មាន​ទំនាក់ទំនង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បញ្ជាក់​ថា ព្រំដែន​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំបែក​ជាតិ​ពីរ​ទេ តែ​ជា​ការ​ផ្ដល់​ឱកាស​អោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ដែល​ផ្ដល់​ផលប្រយោជន៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។

ទន្ទឹម​នឹង​នេះ​ដែរ លោក វិរ៉ាឆៃ ផ្លាសៃ បាន​ចោទ​ថា សំណើ​សុំ​អោយ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ របស់​កម្ពុជា ជា​ការ​រំលោភ​នីតិវិធី​របស់​តុលាការ។ លោក​លើក​ហេតុផល​ថា សាលក្រម​ឆ្នាំ​១៩៦២ នោះ ជា​សាលក្រម​មួយ​ច្បាស់​លាស់​ណាស់​ទៅ​ហើយ ហើយ​កម្ពុជា ក៏​ទទួល​យក​ដោយ​សុខ​ស្រួល​នៅ​ពេល​នោះ មិន​គួរ​ណា​ឡើយ ៥០​ឆ្នាំ​ក្រោយ​មក កម្ពុជា​បែរ​ជា​មក​ប្តឹង​អោយ​មាន​ការ​បក​ស្រាយ​ជា​ថ្មី​នោះ​ទេ។

មាន​ប្រតិកម្ម​តប​ទៅ​ថៃ វិញ​នេះ លោក ហោ ណាំហុង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្វី​ដែល​ភាគី​ថៃ លើក​ឡើង​នោះ គឺ​ជា​ការ​ដោះសា​មួយ​ដែល​មិន​ត្រូវ​តាម​ច្បាប់៖ «ការ​បកស្រាយ​របស់​ថៃ ជា​ការ​បកស្រាយ​របៀប​ទាល់ច្រក ចេះ​តែ​រក​លេស​ផ្សេងៗ ខុស​ពី​ការ​ពិត។ គេ​យក​ផែនទី​ច្រើន​យក​មក​លើក​សំអាង​តែ​ខុស​ពី​ផែនទី​ដែល​តុលាការ​ផ្អែក​លើ​នៅ​ឆ្នាំ​១៩៦២ ដើម្បី​ចេញ​សាលក្រម​ឆ្នាំ​១៩៦២។ គេ​ផ្អែក​លើ​មូលហេតុ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់»

បន្ទាប់​ពី​ការ​ថ្លែង​បើក​របស់​លោក វិរ៉ាឆៃ ផ្លាសៃ មក មេធាវី​របស់​ប្រទេស​ថៃ ចំនួន ៥​នាក់ បាន​ឡើង​បក​ស្រាយ​ម្ដង​ម្នាក់។ លោក​មេធាវី ដូណល់ ម៉ាករេយ (Mr. Donald McRay) ដែល​បាន​ឡើង​ថ្លែង​មុន​គេ បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​កម្ពុជា​ ចង់​បាន​នោះ គឺ​ជា​ការ​ប៉ុន​ប៉ង​កែប្រែ​សាល​ដីកា​ឆ្នាំ​១៩៦២ ដើម្បី​ចង់​បាន​ការ​សម្រេច​ចិត្ត​មួយ​ដែល​តុលាការ​នេះ​បាន​បដិសេធ​កាល​ពី​ឆ្នាំ​១៩៦២។

លោក​ជម្រាប​អង្គ​តុលាការ​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ មិន​បាន​កំណត់​ថា ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ក្នុង​ឧបសម្ពន្ធ​១​នោះ ថា​ជា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ​ទេ។ លោក​អះអាង​ថា តុលាការ​បាន​និយាយ​ចំណុច​នេះ​ច្បាស់​ណាស់។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​ក្រុង​ឡាអេ នេះ បាន​បដិសេធ​សំណូមពរ​របស់​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ ម្ដង​រួច​ទៅ​ហើយ​នោះ នៅ​ពេល​នេះ​តុលាការ​ក៏​មិន​អាច​បកស្រាយ​បាន​ដែរ។

លោក ហោ ណាំហុង ប្រធាន​ប្រតិភូ​របស់​កម្ពុជា ក៏​មាន​ប្រតិកម្ម​តប​ទៅ​ភាគី​ថៃ វិញ​លើ​ចំណុច​នេះ​ដែរ៖

ជុន ច័ន្ទបុត្រ៖ ចុះ​អ្វី​ដែល​ថៃ និយាយ​ថា ការ​ដែល​សុំ​អោយ​បកស្រាយ​នេះ​មិន​កើត​ទេ ពីព្រោះ​ថា​តុលាការ​កាល​ពី​ឆ្នាំ​១៩៦២ បដិសេធ​ម្ដង​ហើយ​នោះ អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ឯកឧត្តម?

ហោ ណាំហុង៖ កាល​ណោះ កាល​ឆ្នាំ​១៩៦២ យើង​បាន​សុំ​អោយ​តុលាការ​បកស្រាយ​រឿង​បញ្ហា​ព្រំដែន។ ប៉ុន្តែ​យើង​បាន​លើក​នៅ​ចុង​ក្រោយ​នាទី អ៊ីចឹង​ហើយ​បាន​តុលាការ​ឆ្លើយ​ថា គ្មាន​ពេល​ដោះស្រាយ​បញ្ហា​នេះ​ទេ មិន​មែន​មាន​ន័យ​ថា ទាត់​ចោល​នោះ​ទេ។ ដោយសារ​យើង​លើក​យឺត​ពេក តុលាការ​គ្មាន​ពេល​ដោះ​ស្រាយ។ ប៉ុន្តែ​បញ្ហា​យើង​លើក​ពេល​នេះ មិន​មែន​បញ្ហា​ព្រំដែន​ទេ តែ​បញ្ហា​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២។ ថៃ​ទាមទារ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ មិន​មែន​យើង​អ្នក​ទាមទារ​ទេ ថៃ​អ្នក​ទាមទារ ហើយ​ចំពោះ​យើង​តាម​ផែនទី​ឧបសម្ពន្ធ​១ គឺ​តំបន់ ៤,៦ ស្ថិត​នៅ​ក្នុង​តំបន់​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​នៅ​ឆ្នាំ​១៩៦២។

ក្នុង​ការ​បកស្រាយ​នៅ​ថ្ងៃ​នេះ ភាគី​ថៃ ព្យាយាម​ប្រាប់​អង្គ​តុលាការ​ថា រឿង​ក្ដី​នេះ​ចប់​ហើយ តុលាការ​មិន​ត្រូវ​បកស្រាយ​អ្វី​ទេ។ ជាង​នេះ​ទៅ​ទៀត ក្រុម​មេធាវី​របស់​ថៃ ថែម​ទាំង​លើក​ឡើង​ថា សវនាការ​ពេល​នេះ​ធ្វើ​ឡើង​នាំ​អោយ​តែ​ខាត​ពេល​ឥត​ប្រយោជន៍​តែប៉ុណ្ណោះ។

ក្រោយ​ស្ដាប់​ការ​បកស្រាយ​ពេញ​មួយ​ថ្ងៃ​មក លោក ហោ ណាំហុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ភាគី​ថៃ និយាយ​មិន​បាន​ការ៖

ជុន ច័ន្ទបុត្រ៖ ឯកឧត្តម ពី​ខាង​អាស៊ីសេរី សុំ​មួយ​ម៉ាត់​ទៀត។ បន្ទាប់​បាន​ស្ដាប់​ខាង​ភាគី​ថៃ និយាយ​ពេញ​មួយ​ថ្ងៃ​នេះ​មក​ហើយ ឯកឧត្ដម​គិត​ថា ចំណុច​របស់​គេ​យ៉ាង​ម៉េច​ដែរ ឯកឧត្តម?

ហោ ណាំហុង៖ ថៃ​គេ​ឆ្លើយ​ដដែលៗ តែប៉ុណ្ណឹង។ រួច​ស្អែក (១៨ មេសា) នេះ យើង​នឹង​ឆ្លើយ​ហើយ។

ជុន ច័ន្ទបុត្រ៖ យើងមានចំនុចខ្លាំង ដែលអាចឆ្លើយទប់ទៅគេវិញយ៉ាងណាដែរ ស្អែកនេះ?

ហោ ណាំហុង៖ ចំណុច​ខ្លាំង​យើង គឺ​ត្រង់​ថា សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​ដាច់​ខាត​ជា​មូលដ្ឋាន​​ជា​បឋម​លើ​ផែនទី​ឧបសម្ពន្ធ​១ ដើម្បី​កំណត់​តំបន់​ជុំវិញ​ព្រំដែន ដែល​ថៃ​ត្រូវ​ដក​ទ័ព។ ដូច្នេះ​យើង​ត្រូវ​ផ្អែក​លើ​ផែនទី​ឧបសម្ពន្ធ​១​នេះ ពីព្រោះ​យើង​ចោទ​សួរ​ថា តើ​តំបន់​វិញ​ព្រំដែន​នៅ​ឯ​ណា? នេះ​ជា​សំណួរ​មួយ។ ដូច្នេះ​តំបន់​ជុំវិញ​ព្រះវិហារ ផ្អែក​លើ​ផែន​ទី​ឧបសម្ពន្ធ​១​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មេសា នេះ ភាគី​ខ្មែរ​នឹង​ឆ្លើយ​តប​វិញ​ជា​ចុង​ក្រោយ ហើយ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​សុក្រ​ទី ១៩ ភាគី​ថៃ ក៏​នឹង​មាន​ឱកាស​ឡើង​បង្ហាញ​ជា​ចុង​ក្រោយ​ដែរ។ តុលាការ​ពិភពលោក​នេះ​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ខែ​​កញ្ញា ឬ តុលា ចុង​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
KHMER LEADER IS SO POWERFUL WITH ITS OWN PEOPLE.
IN 1962 ICJ DECIDED PREAH VIHEAR AND LAND BELONGS TO KAMPUCHEA. WHY DO KHMER GOVERNMENT WANT ICJ RE-DECLARE ABOUT THIS PREAH VIHEAR AND LAND NOW ?
WAS IT THE GAME OF HUN SEN AND TAK SIN TO SHARE BUSINESS AND $ WITH THAI ?
DO KHMER NEED TO STAND UP TO CHANGE HUN SEN REGIME ? IT IS A MUST !

Apr 18, 2013 12:57 PM

អ្នក​អាន​អនាមិក

I am very hopeless with Govt because I can not see the trial on the Cambodia live TV. This is the very bad behavior of Govt that does not broadcast the territorial boundary dispute hearing to Cambodia people on TV. It is very important for all of us in Cambodia because I need to know about it
Instead, TVs are used for alcohol advertisement, Korea dancing, ruling party, Karaoke, and gambling program. I hope that Radio Free Asia tells Gov`t to broadcast on TV as Thailand does.

Apr 18, 2013 05:34 AM

Lee Theang chek

ពី Phnom Penh

ថៃគេបកប្រែបន្តផ្ទាល់ឲ្យពលរដ្ឋគេមើលនិងស្តាប់ការឆ្លើយឆ្លង ការពាររឿងក្តីនេះទូទាំងប្រទេស ឲ្យពលរដ្ឋគេស្តាប់។ ខ្មែរឯងមិនមានទេ គួរឲ្យស្តាយដែរ។ យ៉ាងហោចណាស់ក៏ ទទក​ ដែរ។ គិតថាមិនមានការចំណាយច្រើនពីឡាអេទេ ព្រោះយើងអាចបន្តផ្ទាល់ពីគេហទំព័រICJជាការស្រេច។ គិតថាប្រជាជនខ្មែរមិនបាច់ដឹងរឿងស្រុកទេសច្រើនអញ្ជឹងមែនទេ!!ដល់ពេលអ្នកចាស់និងស្លាប់អស់ទៅ អាអ្នកជំនាន់ក្រោយអត់ដឹងរឿងអីសោះ ប្រទេសគេស៊ីឆៅរៀងចរចារគ្នានេះ។

Apr 17, 2013 11:27 PM

គេហទំព័រ​ទាំងមូល