លោក ហ៊ុន សែន ណែនាំ​មន្ត្រី​រាជការ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​មុន​បោះឆ្នោត​ជាតិ

ដោយ ថា កិត្យា
2017.06.26
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​រាជការ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ស្មោះត្រង់ ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ផ្តល់​ដំបូន្មាន​ដល់​មន្ត្រី​រាជការ​ម្តង​ហើយ​ម្តង​ទៀត​នេះ គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នោះ​ទេ ពោល​គឺ​ទាមទារ​ឲ្យ​បង្កើត​យន្តការ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា។

នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់ លោក ហ៊ុន សែន បាន​ហៅ​ប្រជាពលរដ្ឋ​ថា​ជា​ចៅហ្វាយ​នាយ ហើយ​លោក​បាន​ស្ដីបន្ទោស និង​ផ្តល់​ដំបូន្មាន​ជាច្រើន​ដល់​មន្ត្រី​រាជការ ឲ្យ​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ពី​ចៅហ្វាយ​នាយ មក​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ។

ការ​ផ្តល់​ដំបូន្មាន​ជា​ថ្មី​ម្តង​ទៀត​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ក្រើន​រម្លឹក​ដែរ​ថា ឥរិយាបថ​មន្ត្រី​បើ​ត្រឹម​តែ​ចេះ​ចង​ក្រវាត់ក ស្លៀកពាក់​ឲ្យ​ស្អាតបាត​សម្រាប់​ចូល​ធ្វើ​ការ​នៅ​សាលា​ស្រុក សាលា​ខេត្ត ឬ​ចូល​ស្ថាប័ន​រដ្ឋ គឺ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ៖ «មិន​មែន​ត្រឹមតែ​មន្ត្រី​របស់​យើង​ដែល​នៅ​ទី​នេះ​ទេ ប៉ុន្តែ​គ្រប់​មន្ត្រី​ដែល​ធ្វើ​ការ​គ្រប់​ទី​កន្លែង​ទាំង​អស់ ត្រូវ​ចាំ​អោយ​ច្បាស់​ថា យើង​គឺ​ជា​ខ្ញុំ​បម្រើ​ប្រជាជន មិន​មែន​ជា​ចៅហ្វាយ​ប្រជាជន ហើយ​ដែល​ត្រូវ​វាយ​ឫក​នោះ​ទេ»

ការ​ដាស់តឿន​ជា​ថ្មី​ម្តង​ទៀត​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​តំណែង​មេ​ឃុំ-ចៅ​សង្កាត់​អស់​ជិត ៥០០​តំណែង និង​អាសនៈ​ក្រុម​ប្រឹក្សា​ជាង ៤​ពាន់​អាសនៈ។ ចំនួន​បាត់បង់​នេះ បាន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មន្ត្រី​ពី​ចៅហ្វាយ​នាយ​មក​ជា​អ្នក​ផ្តល់ ឬ​បម្រើ​សេវា​ជូន​ប្រជាជន​នេះ គឺ​មិន​ងាយ​នោះ​ទេ ទោះ​បី​ជា​ការ​ក្រើន​រម្លឹក​ជា​ញឹកញាប់ និង​មាន​គោល​នយោបាយ​ស្ដីពី​ការ​ផ្តល់​សេវា​សាធារណៈ​រួច​ទៅ​ហើយ​ក្តី។ លោក​ពន្យល់​ថា មាន​រឿងរ៉ាវ​ជាច្រើន​ដែល​បន្ទច់បង្អាក់​ការ​អនុវត្ត​គោល​នយោបាយ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​មាន​ដូចជា​បញ្ហា​អំពើ​ពុក​រលួយ បក្ខពួក​និយម កង្វះ​វិធានការ​ច្បាប់ ឬ​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​ខូចខិល ជាដើម។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក សន ជ័យ ផ្តល់​យោបល់​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើត​យន្តការ​ថ្មីៗ​ផ្សេង​ទៀត ដូចជា​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​នៅ​តាម​ការិយាល័យ​ផ្តល់​សេវា​ផ្នែក​រដ្ឋបាល៖ «ការ​ក្រើនរំលឹក​គឺ​ជា​មធ្យោបាយ​មួយ ក៏​ប៉ុន្តែ​ការ​បង្កើត​អោយ​មាន​នូវ​យន្តការ​ថ្មីៗ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺ​ជា​អ្វី​ដែល​គេ​ហៅ​ថា ឈាន​ដល់​ប្រសិទ្ធភាព ប៉ុន្តែ​បើ​គ្រាន់​តែ​យក​គោលនយោបាយ​នេះ​មក​រម្លឹក​ឡើង​វិញ ហើយ​មិន​បង្កើត​អោយ​មាន​យន្តការ​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទេ ដូច្នេះ​រឿង​នេះ​វា​មិន​អាច​បញ្ចប់​បាន​ឡើយ»

រីឯ​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ក៏​បាន​គាំទ្រ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ព្រោះ​ថា ការ​ណែនាំ​នោះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​អំពី​ប្រព័ន្ធ​រដ្ឋ​ដែល​កំពុង​ដំណើរការ​រាល់​ថ្ងៃ។ ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក​បារម្ភ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​អាច​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​លោក​ធ្លាប់​ឮ​ការ​ប្រកាស​បែប​នេះ​ជាច្រើន​លើក​ច្រើនសា​ដែរ ប៉ុន្តែ​មន្ត្រី​ថ្នាក់​ក្រោម​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់ និង​អនុវត្ត​តាម​ឲ្យ​បាន​ជាប់លាប់​នោះ​ទេ៖ «សំខាន់​គឺ​រដ្ឋាភិបាល ត្រូវ​ធ្វើ​ម៉េច​អោយ​ការងារ​នេះ ត្រូវ​ធ្វើ​ការ​ដំណើរការ​ក្នុង​ប្រព័ន្ធ​មួយ។ កាល​ណា​ប្រព័ន្ធ​មួយ​វា​មាន​ដំណើរ​ការ​ទៅ​ល្អ​ដូច​សរសៃ​ឈាម ព្រោះ​ថា កាល​ណា​សរសៃ​ឈាម​ដំណើរការ​ទៅ​ល្អ​ហើយ អ៊ីចឹង​ជា​ទូទៅ​មិន​សូវ​ជា​ហត់​នឿយ​សម្រាប់​អ្នក​ធំ ឬ​អ្នក​ដែល​ដឹកនាំ​ត្រូវ​ស្រែក​ប្រាប់​ប៉ុន្មាន​នោះ​ទេ។ យើង​ឃើញ​កន្លង​មក ទាល់​តែ​សម្ដេច​នាយក​គាត់​ស្រែក​បន្តិច​ទៅ បាន​នាំ​គ្នា​ស្ទុះស្ទា​បន្តិច​ទៅ ដល់​ពេល​សម្ដេច​នាយក​គាត់​ស្ងាត់​ទៅ​វិញ​ទៅ ក៏​គេ​ឈប់​ធ្វើ​វិញ»

លោក មាស នី យល់​ថា ដរាប​ណា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ទាំងមូល​មិន​បាន​បំពេញ​តួនាទី​ជា​ប្រព័ន្ធ​នោះ​ទេ ហើយ​រង់ចាំ​តែ​អ្នក​ដឹកនាំ​ចេញ​បញ្ជា​រហូត​នោះ គឺ​ប្រព័ន្ធ​គ្រប់គ្រង​បែប​នេះ​ច្បាស់​ជា​មិន​មាន​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ។ ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត និង​បាន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​នៅ​ក្នុង​អាណត្តិ​ទី​៥ ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែរ ក៏ប៉ុន្តែ​កំណែ​ទម្រង់​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ហាក់​មិន​បាន​ជោគជ័យ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។