លោក ហ៊ុន សែន ស្នើ​អាមេរិក​បន្ត​គាំទ្រ​កម្ពុជា​ផ្នែក​ពាណិជ្ជកម្ម​និង​អប់រំ​បន្ថែម​ទៀត

ដោយ សាន សែល
2015.11.22
បារ៉ាក់ អូបាម៉ា ហ៊ុន សែន ៦២០ ១៩-វិច្ឆិកា-២០១២៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា [Barack Obama] (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព។
Photo AFP

ខណៈ លោក ហ៊ុន សែន ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ជាមួយ​អាស៊ាន ពិសេស​ជាមួយ​កម្ពុជា ថែម​ទៀត។ ក្រៅ​ពី​នេះ​ទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​មាន​កិច្ច​សហការ​ផ្នែក​ពាណិជ្ជកម្ម និង​អប់រំ​ជាមួយ​សហរដ្ឋ​អាមេរិក ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក ហ៊ុន សែន ស្នើ​ដល់​សហរដ្ឋ​អាមេរិក ឲ្យ​បន្ត​គាំទ្រ​ដល់​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍​បន្ថែម​ទៀត​ដល់​សិស្ស និង​និស្សិត​ខ្មែរ។

លោក​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក បែប​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​លោក​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក បន្ត​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហើយ​លោក​ក៏​ស្នើ​សហរដ្ឋ​អាមេរិក ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ឬ​ហៅ​កាត់​ថា អី.អេស.ភី (GSP) លើ​មុខ​ទំនិញ​ចំនួន​យ៉ាង​តិច ៩៧​ភាគរយ​នៃ​មុខ​ទំនិញ​សរុប ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ក្នុង​តំបន់​អាស៊ាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គូស​បញ្ជាក់​ថា ភាព​រឹងមាំ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក នឹង​នាំ​មក​នូវ​ស្ថានភាព​ឈ្នះ​ឈ្នះ ដែល​នឹង​ជំរុញ​ការ​វិនិយោគ​មក​កាន់​អាស៊ាន​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ពិសេស​មក​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។ លោក​ អះអាង​ថា នៅ​ពេល​អាស៊ាន​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន វា​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដៃគូ​សន្ទនា​ដ៏​សំខាន់​មួយ​របស់​អាស៊ាន ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់។

ជា​លទ្ធផល ប្រមុខ​រដ្ឋ​នៃ​អាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​អនុម័ត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន-សហរដ្ឋ​អាមេរិក និង​ផែនការ​សកម្មភាព​ថ្មី​អាស៊ាន-សហរដ្ឋ​អាមេរិក រយៈពេល ៤​ឆ្នាំ (ឆ្នាំ​២០១៦-២០២០)។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិសេស​អាស៊ាន មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក បន្ថែម​ទៀត ដើម្បី​ភាព​រីក​ចម្រើន និង​ស្ថិរភាព។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក ជា​ដៃគូ​ល្អ​មួយ​សម្រាប់​កម្ពុជា ដោយសារ​សហរដ្ឋ​អាមេរិក មាន​គុណ​សម្បត្តិ​ចំនួន​៣៖ «សហរដ្ឋ​អាមេរិក ទី​មួយ គឺ​មាន​លំនឹង​ផ្នែក​សេដ្ឋកិច្ច។ ទីពីរ លំនឹង​ផ្នែក​យោធា។ ទី​បី ដែល​ជា​ចំណុច​សំខាន់​នោះ គឺ​សហរដ្ឋ​អាមេរិក មាន​មិត្ត​ច្រើន ហើយ​ប្រទេស​ដែល​ជា​មិត្ត​របស់​សហរដ្ឋ​អាមេរិក ភាគ​ច្រើន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន។ សហរដ្ឋ​អាមេរិក ជា​ប្រទេស​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​កម្ពុជា ប៉ុន្តែ​ទន្ទឹម​នឹង​នោះ យើង​គួរ​តែ​រក្សា និង​ការ​ពង្រឹង​ការ​បង្កើត និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ ដើម្បី​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក បាន​ល្អ»

នៅ​ក្នុង​ឆ្នាំ​២០១៤ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ជាង ៧៤.៥​លាន​ដុល្លារ​ដល់​កម្ពុជា លើ​កម្មវិធី​សុខភាព អប់រំ អភិបាល​កិច្ច និង​សេដ្ឋកិច្ច។

ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី លោក ហ៊ុន សែន ក៏​ស្វែងរក​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ស្រប​ពេល​ដែល​លោក​អះអាង​ថា ឆ្នាំ​២០១៥ នេះ ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ការ​ដាំដុះ។ ក្រៅ​ពី​នេះ​ទៀត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ដោះស្រាយ​បញ្ហា​ភេរវកម្ម​អន្តរជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។