លោក ហ៊ុន សែន រិះគន់​បក្ស​នយោបាយ​ដែល​សន្យា​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ដល់​មន្ត្រី​រាជការ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​គណបក្ស​នយោបាយ​ណា​ដែល​មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ឲ្យ​មន្ត្រី​រាជការ។ ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ អាច​ធ្វើ​បាន​ដោយ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ និង​ទប់ស្កាត់​ការ​ចាយ​លុយ​រដ្ឋ​ខុស​ទំនង។

រឿង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ខ្ពស់​លើស​ពី​អ្វី​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​ធ្វើ​មិន​ទាន់​បាន​នោះ ជា​សារ​នយោបាយ​ដែល​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​រិះគន់​គូប្រកួត​របស់​ខ្លួន​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៤១ នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា នៅ​ពេល​គណបក្ស​នយោបាយ​ណា​ចង់​ឈ្នះ​ឆ្នោត គេ​តែងតែ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​មន្ត្រី​រាជការ ប៉ុន្តែ​គេ​មិន​គិត​ថា ការ​ដំឡើង​ប្រាក់ខែ​ខ្ពស់​នេះ នឹង​បាត់​បង់​ថវិកា​ជាតិ​ដែល​ត្រូវ​យក​ទៅ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​លើ​បញ្ហា​ផ្សេងៗ​នោះ​ទេ៖ «ខ្ញុំ​ចង់តែ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ម្នាក់ ៥០០​លាន​រៀល ប៉ុន្តែ​យើង​ទៅ​រក​លុយ​នៅ​ណា?»

លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា ប្រសិនបើ​​មាន​ការ​ដំឡើង​ប្រាក់ខែ​ខ្ពស់​នេះ​ពិត​មែន លុះ​ត្រា​ត្រូវ​តែ​យក​ពន្ធ​លើ​ដី​ស្រែ​របស់​ប្រជាកសិករ។

ទោះ​ថ្លែង​មិន​ចំ​ឈ្មោះ​គណបក្ស​ណា​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​គណបក្ស​មួយ​ដែល​មាន​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ ៧​ចំណុច គណបក្ស​នេះ​បាន​អះអាង​ពី​ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ប៉ូលិស ទាហាន មន្ត្រី​រាជការ ឲ្យ​បាន ១​លាន​រៀល​ក្នុង​មួយ​ខែ។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និយាយ​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ពុំ​ចាំបាច់​កាត់​លុយ​ប្រើប្រាស់​គ្រឿង​បរិក្ខារ ផ្លូវ សាលារៀន ឬ​ត្រូវ​យកពន្ធ​លើ​ដី​ស្រែ​ទេ គឺ​គ្រាន់តែ​អនុវត្ត​ការ​ប្រមូល​ពន្ធ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ នោះ​គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ។

លោក​បន្ត​ទៀត​ថា ការ​ចាយ​ខ្ជះខ្ជាយ​ខុស​គោលការណ៍ ធ្វើ​ឲ្យ​បាត់បង់​ចំណូល​នៃ​ថវិកា​ជាតិ​សរុប​ជិត ៣០​ភាគរយ។ លោក សុន ឆ័យ បន្ត​ថា ការ​ថ្លែង​ដូច្នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែល​ជា​លោក​មិន​បាន​ដឹង​ការពិត​ពី​ការ​ប្រមូល​ពន្ធ​នោះ​ទេ៖ «គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ទាមទារ​ឲ្យ​ដំឡើង​ពន្ធ​ទេ ប៉ុន្តែ​យើង​ទាមទារ​ឲ្យ​មាន​ការ​ប្រមូល​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​នាយករដ្ឋមន្ត្រី និយាយ​ដូច​នេះ ប្រហែល​គាត់​មិន​បាន​ដឹង​អ្វី​ជា​ស្ថានភាព​ហិរញ្ញវត្ថុ​ទេ»

​ថ្លែង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​លោក សុន ឆ័យ ឡើយ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី យល់​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ដោយ​ពុំ​ចាប់​កាត់​បន្ថយ​លើ​ការ​ចំណាយ​ផ្សេងៗ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា កន្លង​មក ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ៖ «ខ្ញុំ​ជឿ​ថា អាច​ធ្វើ​បាន មិន​ដល់​ថ្នាក់​កាត់​បន្ថយ​មន្ទីរពេទ្យ សាលារៀន​ទេ។ យើង​អាច​ពិនិត្យ​មើល​ចំនួន​មន្ត្រី​រាជការ បើ​ច្រើន​អាច​កាត់​បន្ថយ គឺ​មាន​ន័យ បើ​គាត់​ដល់​អាយុ​ចូល​និវត្ត ឲ្យ​គាត់​ឈប់​ហើយ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ជូន​គាត់​ទៅ»

​ទោះ​ជា​លោក​នាយករដ្ឋមន្ត្រី​រិះគន់​លើ​គោលនយោបាយ​នៃ​ការ​ដំឡើង​ប្រាក់ខែ​របស់​បក្ស​នយោបាយ​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ​ក្តី ក៏​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រី ទាហាន​ជាដើម​បាន​តិចតួច​ដែរ។ ប៉ុន្តែ​មិន​បាន​ច្រើន​ដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​អនុវត្ត​នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។