អ្នក​វិភាគ៖ អ្នក​នយោបាយ​គួរ​តែ​ឈប់​ធ្វើ​នយោបាយ​ដើម្បី​ផ្ចាញ់ផ្ចាល​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2017-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
Photo: RFA

អ្នក​វិភាគ​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​លេង​ល្បែង​នយោបាយ​ដើម្បី​ផ្ចាញ់ផ្ចាល​គ្នា ដែល​ជំរុញ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​អាច​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ជីវិត​នយោបាយ ហើយ​បាន​ចាត់​ទុក​គ្នា​ជា​សត្រូវ ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​គ្មាន​ភាព​រីកចម្រើន​ទេ។ ជាង​នេះ​ទៀត នឹង​អាច​ឲ្យ​បរទេស​ជិត​ខាង​កាន់​តែ​មើលស្រាល និង​ឈ្លានពាន​ប្រទេស​កម្ពុជា ឥត​ឈប់ឈរ។
ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ហើយ​លោក​បាន​ហៅ​លោក សម រង្ស៊ី បែប​ចំអក​ថា អ្នក​ក្លាហាន​ថែម​ទៀត។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ល្មម​បញ្ចប់​សង្គ្រាម​វាយប្រហារ​ពាក្យ​សម្ដី និង​ផ្ចាញ់ផ្ចាល​គ្នា​ត​ទៅ​ទៀត ព្រោះ​ថា វប្បធម៌​យក​ឈ្នះ​ចាញ់​គ្នា​នេះ គ្មាន​អ្វី​ចំណេញ​ដល់​សង្គម​ជាតិ​ឡើយ។

​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ជា​ការ​កត់សម្គាល់​​របស់​លោក​ឃើញ​ថា ទាំង​លោក សម រង្ស៊ី ទាំង​លោក ហ៊ុន សែន តែងតែ​ផ្ចាញ់ផ្ចាល និង​ធ្វើ​បាប​គ្នា ទោះបីជា​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ប្ដេជ្ញា​កសាង​វប្បធម៌​សន្ទនា​ជាមួយ​គ្នា​ហើយ​ក្ដី៖ «ចរិត​អ្នក​ដឹក​នាំ​ធំៗ​ទាំង​២​ហ្នឹង គឺ​មាន​ចរិត​ប្រហែល​គ្នា​មួយ​ចំនួន ហើយ​ចរិត​មួយ​ដែល​យើង​តែង​តែ​កត់សម្គាល់​ឃើញ​ហ្នឹង​គឺ មាត់​អត់​គម្រប គឺ​នឹក​ឃើញ​អី​និយាយ​ទៅ ភ្លេច​អ្វី​ដែល​ខ្លួន​ឯង​បាន​ថា​ពី​កាល​មុន​មក»

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​អ្នក​ក្លាហាន ហើយ​អញ្ជើញ​ចូល​ស្រុក​វិញ​ក្នុង​ពេល​ណា​ក៏​បាន។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា បើសិនជា​លោក សម រង្ស៊ី ចង់​វិល​ចូល​ស្រុក​វិញ​ដូច​លោក​ប្រកាស​នោះ លោក​ចាត់​ទុក​លោក សម រង្ស៊ី ថា​ជា​អ្នក​ក្លាហាន។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​បាន​ស្ដាប់​វិទ្យុ​អាស៊ីសេរី បាន​ឮ​លោក សម រង្ស៊ី ប្រកាស​ថា បើសិនជា​រដ្ឋាភិបាល​លុប​ចោល​បម្រាម​លេខ ១៥១ ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក​វិល​ចូល​ស្រុក​នោះ​ចេញ​វិញ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា។ លោក ហ៊ុន សែន អះអាង​ថា នៅ​ពេល​លោក​ឮ​ដូច្នេះ លោក​ក៏​ទូរស័ព្ទ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ស្ដីទី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លុប​ចោល​បម្រាម​នោះ​ចេញ​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។ លោក ហ៊ុន សែន បន្ថែម​ថា បើសិនជា​លោក សម រង្ស៊ី ប្រគល់​ខ្លួន​ឲ្យ​ដោយ​ស្រួល​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា បម្រាម​លេខ ១៥១ ដែល​លោក​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រារាំង​មិន​ឲ្យ​យន្តហោះ​ណា​មួយ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា វិញ​នោះ គឺ​គ្រាន់តែ​ចង់​ការពារ​លោក សម រង្ស៊ី ទៅ​វិញ​ទេ៖ «ឥឡូវ​នេះ​ទ្វារ​ចំហ​ហើយ លោក សម រង្ស៊ី អាច​វិល​មក​តាម​ផ្លូវ​ទឹក​ក៏បាន ផ្លូវ​គោក​ក៏បាន និង​ផ្លូវ​អាកាស​ក៏បាន។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ "គុក"»

​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លុប​ចោល​លិខិត​លេខ ១៥១ ដែល​ជា​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បង្ការ ទប់ស្កាត់​ទុក​ជា​មុន មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ដឹង​​ជា​មុន​នោះ។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​លុប​ចោល​បម្រាម​នេះ​វិញ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ចូល​កម្ពុជា វិញ​នៅ​ឆ្នាំ​២០១៨។ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា ថា លោក​ប្ដេជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។ លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា។

ទោះ​ជា​បែប​នេះ​ក្ដី លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម ធ្វីតធឺ (Twitter) របស់​លោក​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា លោក​នឹង​វិល​ទៅ​ប្រទេស​កម្ពុជា វិញ “នៅ​ពេល​ណា​លែង​មាន​ឧបសគ្គ​ដែល​រារាំង​ដល់​ការ​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ”។

ទាក់ទង​នឹង​បញ្ហា​នេះ អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​លោក​នៅ​ប្រឈម​នឹង​ផ្លូវ​តុលាការ​ទៀត ព្រោះ​ថា រហូត​មក​ដល់​ពេល​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​ក្នុង​តុលាការ​កម្ពុជា ចំនួន ៧​ករណី។ បណ្ដឹង​ទាំង​នោះ​រួម​មាន បណ្ដឹង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ លោក ហេង សំរិន បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​ចូលចិត្ត ឬ​ឡៃ (Like) ហ្វេសប៊ុក ពី​បរទេស និង​បណ្ដឹង​ផ្សេងៗ​ទៀត។

បណ្ដឹង​ទាំង​ឡាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី នេះ ត្រូវ​សមាជិក​សភា​អាស៊ាន និង​អង្គការ​សិទ្ធិ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ហើយ​ពួកគេ​ចាត់​ទុក​បណ្ដឹង​ទាំង​នោះ​ថា ជា​រឿង​នយោបាយ​ជាដើម។

ឆ្លើយ​តប​នឹង​ករណី​នេះ លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា បើ​លោក​ចុះ​ហត្ថលេខា​ស្នើ​សុំ​ព្រះរាជទាន​ការ​លើកលែង​ទោស​ជូន​លោក សម រង្ស៊ី ពី​ព្រះមហាក្សត្រ​ជា​លើក​ទី​៣​នោះ លោក​នឹង​កាត់​ដៃ​ចោល។

អ្នក​វិភាគ​លើក​ឡើង​ថា បើសិនជា​អ្នក​នយោបាយ​នៅ​តែ​ប្រកាន់​ជំហរ​ផ្ចាញ់ផ្ចាល​គ្នា​បែប​នេះ នៅ​ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ធ្វើ​ចំណាកស្រុក ហើយ​ជនបរទេស​ហូរ​ចូល​កម្ពុជា ពិសេស​ជនជាតិ​វៀតណាម ចូល​មក​វិនិយោគទុន​នៅ​កម្ពុជា កាន់​តែ​ច្រើន​នោះ កម្ពុជា​នឹង​មាន​គ្រោះថ្នាក់​គឺ​ជនជាតិ​ដើម​នឹង​ក្លាយ​ជា​ជន​ដើម​ជាតិ​ភាគតិច ដោយសារ​តែ​មេដឹកនាំ​ឈ្លោះ​គ្នា​ក្នុង​ចំណោម​កុលសម្ព័ន្ធ​គ្នា​ឯង​ដូច​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


មួយថ្ងៃៗអត់គិតប្រយោជន៍ជាតិគិតតែប្រយោជន៍បក្ស គិតៗទៅអាយ៉ងយួនវាអញ្ចឹងមែន។

Jun 15, 2017 11:59 PM

បុរសភ្នែកពីរ

ពី កំពត

សូមប្រាប់បុរសភ្នែក១ថា,នៅក្នុងលោកនេះគ្មានភាពអមតះរហូតនោះទេ។
ថ្ងៃនេះលោកធ្វើបាបគេ,មើលងាយគេ,សើចចំអកដាក់គេ .តែថ្ងៃក្រោយ
នឹងដល់វេនលោកវិញម្ដង។ ឥឡូវនេះលោកសើចចុះ ចាំមើលតើអ្នកណា ដែលសើចក្រោយគេ ។ ការបោះឆ្នោត២០១៨ជិតមកដល់ហើយ ។

Jun 15, 2017 05:57 AM

គេហទំព័រ​ទាំងមូល