លោក ហ៊ុន សែន ថាការជួបនាយករដ្ឋមន្ត្រីឡាវរឿងទាហានចូលទឹកដីខ្មែរជារឿងការទូត
2017.08.14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៤ សីហា ថា ការទៅជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ដើម្បីឲ្យឡាវ ដកទ័ពចេញពីទឹកដីកម្ពុជា នោះ គឺជាការប្រើប្រាស់នយោបាយការទូត និងសុឆន្ទៈ មិនមែនជាការឱនក្បាលចំពោះសត្រូវ និងមិនមែនជាការកេងចំណេញនយោបាយឡើយ។ សង្គមស៊ីវិលយល់ថា ការចរចានោះ គឺជាជម្រើសល្អ និងស្នើឲ្យរដ្ឋាភិបាលជួយអភិវឌ្ឍនៅតាមព្រំដែនបន្ថែមទៀត។
ក្រោយពីសភាពការណ៍តានតឹងនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ បានធូរស្រាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកតានតឹងនៅក្នុងប្រទេសកម្ពុជា វិញម្តង ដោយលោក ហ៊ុន សែន ព្រមានចាប់អ្នកនយោបាយ និងក្រុមអ្នកវិភាគណាដែលហ៊ានបញ្ចេញមតិ ឬវិភាគជុំវិញប្រធានបទការបញ្ជូនកងទ័ព និងការចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ដែលប៉ះពាល់កងទ័ព និងគណបក្សកាន់អំណាចរបស់លោក។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី១៤ ខែសីហា លោក ហ៊ុន សែន បានថ្លែងខ្លាំងៗថា ការដែលលោកទៅជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ដើម្បីដោះស្រាយរឿងឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា នៅជាប់ព្រំដែនឡាវ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា នោះ មិនមែនជាការឱនក្បាលចំពោះសត្រូវឡើយ។ ផ្ទុយទៅវិញ លោកអះអាងថា គឺប្រើនយោបាយការទូតក្នុងការដោះស្រាយរវាងប្រទេសជាមិត្តទាំងពីរ ហើយទីបំផុត នាយករដ្ឋមន្ត្រីឡាវ បានយល់ព្រមប្រកាសដកទ័ពភ្លាមៗក្រោយពីជួបចរចាគ្នានោះ៖ «មនុស្សមួយចំនួនបាននិយាយថា គេឈ្លានពានហើយ ឱនក្បាលទៅរកគេទៀត ប៉ុន្តែសូមយល់ឲ្យច្បាស់ ការដែលខ្ញុំទៅប្រទេសឡាវ គឺស្នើឲ្យឡាវ ដកទ័ព បើឡាវ មិនព្រមដកទ័ព យើងវ៉ៃ។ នេះគឺមិនខុសទេ យើងបានប្រើប្រាស់អស់សុឆន្ទៈនៃការចរចាហើយ។ ខ្ញុំសូមប្រាប់ នេះមិនមែនជាការចរចាទេ ក៏ប៉ុន្តែជាកម្រិតនៃនយោបាយដែលគេហៅថា ជានយោបាយការទូត ដែលមានភាពទន់ភ្លន់ និងសុឆន្ទៈ»។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន អះអាងថា លោកនឹងមិនអាចអត់ឱនឲ្យបានឡើយចំពោះអ្នកណាមួយដែលហ៊ានបញ្ចេញមតិ ឬវិភាគ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់កងទ័ព និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងរឿងថា ការដោះស្រាយបញ្ហាជាមួយឡាវ ជាយុទ្ធសាស្ត្រកេងចំណេញនយោបាយរបស់រដ្ឋាភិបាលនោះ គឺត្រូវប្រឈមមុខការចាប់ខ្លួន៖ «ខ្ញុំព្រមានសាជាថ្មីចំពោះអ្នកធ្វើអត្ថាធិប្បាយថា នេះគឺជាតាក់ទិចដើម្បីយកសំឡេងឆ្នោត បើអ្នកឯងប្រមាថសន្តិសុខជាតិ ខ្ញុំក៏មិនអាចអត់ឱនឲ្យអ្នកឯងបានដែរ មិនមែនជាគំរាមកំហែងទេ តែនេះគឺជារឿងពិតដែលត្រូវធ្វើលើ ការជាក់ស្តែងបានវាយខ្នោះមួយទៅហើយ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ទទួលស្គាល់ថា ការជួបចរចាដោយផ្ទាល់រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ នេះ គឺជាជម្រើសល្អសម្រាប់ភាគីទាំងពីរ និងផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាង និងជាសម្ពន្ធមិត្តនៅក្នុងអាស៊ានផង៖ «នៅពេលមានការអន្តរាគមន៍ ហើយមានការដកទ័ពឡាវ ចេញទៅវិញនេះ គឺខ្ញុំគិតថាជាការវិវឌ្ឍន៍ថ្មីមួយដែរ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងនៅតែស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលទៅលើអាទិភាពនៃការអភិវឌ្ឍនៅតាមព្រំដែនឲ្យមានការរីកចម្រើន»។
ចំពោះការគំរាមចាប់អ្នកអត្ថាធិប្បាយដាក់គុកវិញ លោក សន ជ័យ យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺការបញ្ចេញមតិ ឬបញ្ចេញទស្សនៈរបស់អ្នកវិភាគ វាមិនមានអីប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកចិត្តកងទ័ពឡើយ។ លោកបន្ថែមថា វាគឺជាសិទ្ធិសេរីភាពនៃការយល់ឃើញរបស់អ្នកវិភាគដែលពួកគេគ្មានបំណងនិយាយមួលបង្កាច់ ធ្វើឲ្យខូចមុខមាត់រដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ទស្សនៈរបស់អ្នកវិភាគ គឺដើម្បីចូលរួមបង្ហាញ ឬចែករំលែកចំណេះដឹងសម្រាប់ជាគំនិតពិចារណាដល់សាធារណជន៖ «ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៅក្នុងការផ្តល់ធនធាន និងផ្តល់ភាពគ្រប់គ្រាន់នៅក្នុងជីវភាព ខ្ញុំគិតថាជាជម្រើសបន្ថែមទៀតសម្រាប់ការលើកទឹកចិត្តកងទ័ព ហើយក៏មិនអាចគ្រាន់តែជាការលើកឡើងរបស់អ្នកវិភាគ ធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ ឬក៏កងទ័ពអីនោះទេ»។
កងកម្លាំងយោធាប្រទេសឡាវ បានចូលមករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយលើកហេតុផលថា តំបន់នោះរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាជាផ្លូវការ ដើម្បីបោះបង្គោលព្រំដែននៅឡើយ ហើយបោះទីតាំងឈរជើងនៅទីនោះរហូតដល់ថ្ងៃទី១២ សីហា ដែលជាថ្ងៃកងទ័ពឡាវ ដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ មន្ត្រីយោធាព្រំដែនបញ្ជាក់ថា កងទ័ពឡាវ បានឈ្លានពានទឹកដីកម្ពុជា នៅតំបន់នោះមានទំហំប្រហែលជាង ៥ម៉ឺនហិកតារ នៅចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលត្រូវបោះចំនួន ១៤៥បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំងពីរបោះបង្គោលរួចចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលនៅសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ក្រោយពីជួបចរចាគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ នោះ គឺភាគីទាំងពីរប្ដេជ្ញាថានឹងមិនឲ្យមានឧប្បត្តិហេតុ ឬភាពតានតឹងកើតឡើងម្តងទៀតឡើយ៕