រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​តែងតាំង​អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ភ្នំពេញ​ជា​អគ្គនាយក​រង

ដោយ យ៉ង ចាន់តារា
2016.08.15
សុខ សុគន្ធ ៨៥៥ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​​បុគ្គលិក​ពេទ្យ នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង កាល​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​តែងតាំង​អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ ដែល​ត្រូវ​លោក​ដក​ចេញពី​តួនាទី​នោះ ទៅ​ជា​អគ្គនាយករង​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួងសុខាភិបាល​វិញ។ ការ​តែងតាំង​នេះ ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា។

​លោក សុខ សុគន្ធ ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ដកហូត​តួនាទី​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​មន្ត្រី​រូប​នេះ បាន​ចាប់​រថយន្ត​របស់​វិទ្យុ​អេ.ប៊ី.ស៊ី (ABC) មួយ​គ្រឿង ដែល​ពាក់​ស្លាក​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទឹក​ផ្លែ​ឈើ ហើយ​ទឹក​ផ្លែឈើ​នៅ​ក្នុង​រថយន្ត​នោះ​ត្រូវ​បាន​រក​ឃើញ​ថា មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ។

ទោះបីជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ការ​ឃាត់​រថយន្ត​របស់​វិទ្យុ​អេ.ប៊ី.ស៊ី នោះ ជា​ការ​ប្រព្រឹត្ត​ខុស​នីតិវិធី ពីព្រោះ​លោក សុខ សុគន្ធ បាន​ចេញ​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់​កម្លាំង​មន្ទីរ​សុខាភិបាល ដោយ​គ្មាន​ការ​ចូលរួម​ពី​នគរបាល​កងរាជអាវុធហត្ថ ឬ​ស្ថាប័ន​អយ្យការ ហើយ​ក៏​មិន​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​នោះ​ដែរ។

ទន្ទឹម​នឹង​ការ​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​នោះ លោក ហ៊ុន សែន មិន​បាន​ចាត់​វិធានការ​អ្វី​ចំពោះ​ឡាន​ដឹក​ទឹក​ផ្លែឈើ បិទ​ស្លាក​សង្គ្រោះ​បន្ទាន់​របស់​វិទ្យុ ABC នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​បញ្ជា​ឱ្យ​លោក ឃួង ស្រេង ដែល​ជា​អភិបាលរង​រាជធានី​ភ្នំពេញ រៀបចំ​ស្លាក​លេខ​សម្រាប់​ឡាន​នោះ ព្រមទាំង​ផ្ដល់​រថយន្ត​សង្គ្រោះ  ២​គ្រឿង​បន្ថែម ដល់​វិទ្យុ ABC ទៀត​ផង។

ក្រសួង​សុខាភិបាល​មិន​ទាន់​តែងតាំង​មន្ត្រី​រូប​ណា​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក សុខ សុគន្ធ នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​បាន​ចេញ​លិខិត​បង្គាប់​ការ​នៅ​ថ្ងៃ​ទី​១៥ សីហា ឱ្យ​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ វេជ្ជបណ្ឌិត ងី មានហេង ឱ្យ​បំពេញ​មុខងារ​ជា​អនុប្រធាន​ក្ដាប់​រួម រហូត​ដល់​មាន​ការ​តែងតាំង​ប្រធាន​ថ្មី​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ជា​ផ្លូវការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។