នាយករដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​អ្នក​ថា​ផែនការ​"ក៥"​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ ថា កិត្យា
2017-02-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​មេ​បក្ស​ប្រឆាំង ដែល​ចាត់​ទុក​ផែនការ "ក​៥" ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោក ហ៊ុន សែន អះអាង​ថា ផែនការ "ក​៥" គឺ​ផែនការ​ការពារ​ជាតិ​ដែល​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ខ្មែរ​ក្រហម។

អស់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នោះ នៅ​ពេល​នេះ​ដល់​វេន​លោក ហ៊ុន សែន ម្តង ដែល​ចេញ​មុខ​ការពារ​ផែនការ "ក​៥" ហើយ​វាយ​បក​ដោយ​សម្ដី​ធ្ងន់ៗ​ទៅ​លើ​មេ​បក្ស​ប្រឆាំង ដែល​នៅ​តែ​រម្លឹក និង​រិះគន់​រឿង​ប្រវត្តិសាស្ត្រ​ផែនការ "ក​៥"

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​ថា ផែនការ "ក​៥" គឺ​បង្កើត​ឡើង​ដើម្បី​រារាំង​នូវ​របប ប៉ុល ពត ហើយ​ជា​ការ​ស្ដារ​ប្រទេស​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​ប៉ុណ្ណោះ«ផែនការ ក​៥ អី អា​ហ្នឹង​គឺ​ជា​ផែនការ​ការពារ​ជាតិ តាម​រយៈ​ការ​រារាំង​នូវ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ សម​ពួក​ក្បាល​លោក​ឯង​នែក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សោកនាដកម្ម​របស់​ប្រជាជន​កម្ពុជា។ រឿង​អី​ទៅ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​ខ្មែរ​ក្រហម មក​វាយ​បំផ្លាញ​ការ​រស់​ឡើង​របស់​ប្រជាជន​កម្ពុជា។ ឥឡូវ​អ្នក​ឯង​ចោទ​សួរ​មើល ថា​តើ​កាត់​ទោស​ខ្មែរ​ក្រហម​ដើម្បី​អី? ដោយសារ​តែ​ខ្មែរ​ក្រហម​វា​អាក្រក់។ អ៊ីចឹង​ខ្ញុំ​ការពារ​ការ​វិល​ត្រឡប់​នៃ​របប ប៉ុល ពត គឺ​អត់​មាន​អី​ខុស​ទេ»

លោក ហ៊ុន សែន បន្ថែម​ថា សន្តិភាព​ដែល​មាន​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ផ្ដួល​រំលំ ប៉ុល ពត ហើយ ទប់ស្កាត់​របប ប៉ុល ពត កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ។

ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន នេះ ក្រោយ​ពី​លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ចោទ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អតីត​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា លោក ហេង សំរិន ជា​អតីត​ប្រមុខ​រដ្ឋ និង​លោក ប៊ូ ថង អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​សម័យ​នោះ សម្លាប់​ខ្មែរ​រាប់​ម៉ឺន​នាក់ ក្រោម​ហេតុផល​ផែនការ "ក​៥"។ លោក សម រង្ស៊ី បន្ត​ថា ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​របស់​ឥស្សរជន​ទាំងនេះ ព្រោះ​តែ​មាន​ការ​គាំទ្រ និង​ទ្រទ្រង់​យ៉ាង​រឹងមាំ​ពី​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ខ្ចី​ដៃ​សម្លាប់​ខ្មែរ​នៅ​សេសសល់​ពី​របប ប៉ុល ពត បន្ត​ទៀត។

លើស​ពី​នេះ​ទៀត មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​នៅ​តុលាការ ក៏​បាន​ថ្លែង​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា ពូកែ​ប្ដឹង​តែ​រឿង​កំប៉ិកកំប៉ុក តែ​មិន​ហ៊ាន​ប្ដឹង​រឿង​ធំៗ​នោះ​ទេ«អា​រឿង​ធំ​ដុំ​ដូចជា​រឿង​ផែនការ ក​៥ ដែល​ខ្ញុំ​ចោទ​ថា លោក ហ៊ុន សែន លោក ហេង សំរិន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ផែនការ ក​៥ ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្លាប់​រាប់​ម៉ឺន​រាប់​សែន ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ការ​ចោទ​ប្រកាន់​របស់​ខ្ញុំ​នេះ គឺ​ធ្ងន់ធ្ងរ​មែនទែន ជា​រឿង​ពិត លោក ហ៊ុន សែន អត់​ហ៊ាន​ប្ដឹង​ខ្ញុំ​ទេ គេ​ចោទ​ថា ខ្លួន​ជា​ឃាតក អត់​ហ៊ាន​ប្ដឹង​ខ្ញុំ​ទេ»

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ ថា មេ​បញ្ជាការ​កងទ័ព​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ទទួល​បន្ទុក​កម្ពុជា ជា​អ្នក​រចនា​ផែនការ "ក​៥" នេះ​ឡើង បន្ទាប់​មក​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុវត្ត​ផែនការ "ក​៥" ដែល​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៨៤ ហើយ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​១៩៨៨។

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា តាម​ពិត ផែនការ "ក​៥" នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​វៀតណាម ឈ្លាន​ពាន​កម្ពុជា និង​ជា​ការ​កាប់​សម្លាប់​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត។ លោក​បន្ត​ថា មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ត្រូវ​ស្លាប់​ដោយ​ផែនការ "ក​៥" នេះ ដោយ​មិន​ទាន់​រាប់​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​ដែល​ប្រឆាំង​ផែនការ "ក​៥" នេះ​នៅ​ឡើយ​ផង។ ទាក់ទិន​ផែនការ "ក​៥" នេះ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨២ លោក ប៉ែន សុវណ្ណ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ងងឹត​នៅ​ប្រទេស​វៀតណាម ជាង ១០​ឆ្នាំ ដោយសារ​តែ​លោក​ហ៊ាន​ប្រឆាំង​ផែនការ "ក​៥" នេះ។

ពាក្យ​ថា "ក​៥" មាន​ន័យ​ថា កេណ្ឌ​កម្លាំង​កាប់​ព្រៃ​ការពារ​កម្ពុជា។ ផែនការ​នេះ គឺ​ដើម្បី​កសាង​ជញ្ជាំង​ឫស្សី​ដែល​មាន​បណ្ដោយ​ប្រវែង ៧០០​គីឡូម៉ែត្រ និង​ទទឹង ៥០០​ម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ សម្រាប់​ការពារ​ពី​ការ​វាយ​បក​របស់​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​អ្នក​តស៊ូ​ដទៃ​ទៀត ដែល​កំពុង​បោះ​ជំរំ​យោធា​របស់​ខ្លួន​ក្នុង​ទឹកដី​ថៃ។ នៅ​ទីនោះ ពោរពេញ​ទៅ​ដោយ​ចម្ការ​មីន និង​ជំងឺ​គ្រុនចាញ់។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ១​លាន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ "ក​៥" នេះ ស្លាប់​ដោយ​ជាន់​មីន ជំងឺ​គ្រុនចាញ់ និង​អត់​អាហារ ហើយ​អ្នក​ដែល​ស្លាប់​ទាំងនោះ ភាគច្រើន​ជា​សិស្ស និស្សិត គ្រូបង្រៀន យុវជន និង​ពលរដ្ឋ​សាមញ្ញ។

សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា និង​ជា​អនុប្រធាន​នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ហៅ​កាត់​ថា KPNLF លោក សឺន ស៊ូប៊ែរ្តិ៍ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា កងទ័ព​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នា​សម័យ​នោះ គួរ​មាន​សមត្ថភាព​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ ជា​ជាង​យក​ប្រជាពលរដ្ឋ​ទៅ​ស្លាប់​ក្នុង​ព្រៃ​ដូច្នេះ។

អតីត​អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ លោក ស៊ិន សេន និង​លោក គង់ គាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្រាប់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ពី​ផែនការ "ក​៥" ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល