លោក ហ៊ុន សែន​ថា មាន​បក្ស​ប្រឆាំង​ជាច្រើន​ទៀត ជំនួស​គណបក្ស​សង្គ្រោះជាតិ

ដោយ អាស៊ីសេរី
2017-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ថា បើ​ទោះ​បី​ជា រំលាយ​គណបក្សប្រឆាំង​មួយ​ក្ដី ប៉ុន្តែ នៅ​មាន​គណបក្សប្រឆាំង​៥ ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា។ រីឯ​អ្នកវិភាគ យល់ថា ថ្វី​ត្បិត តែ​មាន​បក្ស​ប្រឆាំង​ផ្សេងទៀត​ក្ដី ប៉ុន្តែ​បក្ស​ទាំងនោះ ពុំ​មាន​កម្លាំង​ស្មើនឹង​បក្ស​កាន់អំណាច ហើយ​ការ​រំលាយ​គណបក្សប្រឆាំង​នោះ ក៏​មិន​ដឹង​ថា ត្រឹមត្រូវ​តាម​នីតិវិធី ឬ​អត់​ផង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ដើរ​ហែកហួរ និង​ព្រមាន​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា មជ្ឈដ្ឋាន​ទូទៅ​រិះគន់ និង​ថ្កោលទោស​លើ​រដ្ឋាភិបាល​របស់​លោក ធ្ងន់ៗ​ក្ដី។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន និយាយ​មុន​សេចក្ដី​សម្រេច​របស់​តុលាការ​ថា មិនយូរប៉ុន្មាន​ទៀត​ឡើយ ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា អាច​នឹង​កើតមាន។ លោក​បន្ត​ថា ទោះបីជា​កម្ទេច​បក្ស​ប្រឆាំង មួយ​ចោល ក៏​នៅ​មាន​បក្ស​ប្រឆាំង​ជាច្រើន​ទៀត​ដែរ៖ «សូម​បញ្ជាក់​បើ​រំលាយ​បក្ស​មួយ គណបក្ស​៥​ទៀត​ចូល ជំនួស​បាន​សេចក្ដី​ថា ពី​បក្ស​២ ឡើង បក្ស​៦​នៅ​ក្នុង​សភា នេះ​វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន នៅ​ពេល​ខាងមុខនេះ។ នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​រាប់​សិប វា​ជា​ស្ថានសួគ៌​លោកិយ នៃ​បក្ស​នយោបាយ ហើយ​វា​ក៏​ជា​ស្ថានសួគ៌​លោកិយ នៃ​អង្គការក្រៅរដ្ឋាភិបាល​ដែរ»

ការព្រមាន​បែបនេះ ធ្វើឡើង​ស្រប​ពេល​ដែល​ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី សែម សក្ដិកូឡា បាន​ចេញ​ដីកា​បង្គាប់​ទៅ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឲ្យ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ គណបក្ស​សង្គ្រោះជាតិ​ក្នុង​អំឡុងពេល ២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ជា​ការពិត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នៅ​ពេល​រំលាយ​គណបក្សប្រឆាំង​មួយ​នៅ​មាន​គណបក្សប្រឆាំង​ជាច្រើន​ទៀត ប៉ុន្តែ​អ្វី​ដែល គេ​អាច​មើល​ឃើញ​ថា មាន​បញ្ហា​ឆ្គាំឆ្គង​នោះ គឺថា​តើ​កា​រំលាយ​គណបក្សប្រឆាំង​មួយ​នោះ វា​ត្រឹមត្រូវ តាម​នីតិវិធី ឬ​មាន​យុត្តិធម៌​ដែរ​ឬទេ។ ម្យ៉ាងទៀត បើ​មើល​ទៅលើ​បក្ស​ប្រឆាំង​ផ្សេងទៀត​នោះ គឺ​បក្ស មួយ​ចំនួន​មាន​កម្លាំង​តិច​គ្មាន​អ្នកគាំទ្រ​ច្រើន និង​បក្ស​ខ្លះ​ទៀត​គ្រាន់តែ​រណប​គណបក្ស​កាន់អំណាច ប៉ុណ្ណោះ៖ «ការ​ចោទ​ប្រកាន់​នេះ វា​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ទេ ឬមួយ ក៏​អះអាងៗ អ៊ីចឹង​ទៅ​អាង​ថា​ខ្លួនឯង​នៅ​កាន់អំណាច ហើយ​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន»

កាលពី​ថ្ងៃ​ទី​៦ តុលា មេធាវី​មួយ​ក្រុម​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ឃុបឃិត​នឹង​បរទេស ដើម្បី​រំលាយ​រដ្ឋាភិបាល​កម្ពុជា​ជាដើម។

ទាក់ទិន​បញ្ហា​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ បានទេ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ក៏ប៉ុន្តែ​កាល ពី​ថ្ងៃ​១០ ខែ​តុលា លោក សុន ឆ័យ បាន​ថ្លែង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​គេ​រំលាយ មែន​នោះ គឺ​អ្វី​ដែល​សោកស្ដាយ​មិនមែន​ជា​តួនាទី និង​ឋានៈ​របស់​តំណាងរាស្ត្រ​ឡើយ ពោល​គឺ លោក​សោកស្ដាយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន និង​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាតិ។ ទោះ​យាង​ណា​ក្តី លោក​នៅតែ​សង្ឃឹមថា គណបក្ស​ធំៗ​ទាំងពីរ នឹង​រក​ច្រក​ចរចា​ដើម្បី​ដោះស្រាយ បញ្ហា​មិន​ចុះ​សម្រុង​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន។

ចំណាត់​ការ​ដែល​អត់​បង្អន់​ដៃ មក​លើ​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន ៥៥​អាសនៈ ក្នុង​រដ្ឋ សភា និង​មាន​អ្នកបោះឆ្នោត​គាំទ្រ​រហូត​ជាង ៣​លាន​នាក់ នៅ​កៀក​ជិត​ការ​បោះឆ្នោត​ជាតិ​ដូច្នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ខ្លាំង​ក្លា ដែល​មិន​ធ្លាប់​មាន។

សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី៩ ខែ តុលា ដោយ​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទៅ​នឹង​ការប៉ុនប៉ង​រំលាយ​គណ​បក្ស​ប្រឆាំង​នេះ។ សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ លើក​ឡើង​ថា ការ​ព្យាយាម​លុបបំបាត់ គណបក្ស​នយោបាយ​មួយ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុ​ជាជាង ៤០% ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ពេល​ថ្មីៗ​បែបនេះ គឺជា​ការ​វាយប្រហារ​ដ៏​សន្ធាប់​មួយ លើ​ដំណើរការ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ទុកចិត្ត​លើ​ដំណើរការ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន។ សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស ២៨ ជា​សមាជិក​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

និយាយដូចឆ្កួត គណបក្ស៦ស្អី អត់មាននរណាគាំទ្រផង ហើយ គណបក្សភាគច្រើនជា អាយ៉ងហ៊ុនសែនហ្នឹង រាប់វាធ្វើអី ដូចជា គណបក្ស ហ៊ុនស៊ីនប៉ិច របស់រណឬទ្ធិ គណបក្សយុជនរបស់ ពេជ្រស្រស់ និងគណបក្សជេរ ជាដើម។
ម្យ៉ាងទៀត ស្ថានសួគ៌លោកិយនៃគណបក្សនយោបាយ ស្ថានសួគ៌ លោកិយនៃអង្គការក្រៅរដ្ឋាភិបាលខ្មោចឆ្កែអី ឲ្យតែគេគោរព សិទ្ធមនុស្ស ប្រជាធិបតេយ្យ រកយុត្តិធ៌ម និងជួយពលរដ្ឋ វាកំចាត់ គេចោលទាំងអស់។ វាប្រឆាំងគ្រប់ប្រទេសសេរីដែលផ្តល់ជំនួយអភិវឌ្ឍន៍ ឥឡូវបាត់ ជំនួយទាំងនោះអស់ហើយ ផលប្រយោជន៍ប្រទេសយ៉ាងច្រើន សន្ធឹកសន្ធាប់មកពីប្រទេសសេរី ត្រូវរលាយបាត់អស់ដោយសារ ជំនួនទាំងនោះបានធ្លាក់ទៅក្នុងដៃពលរដ្ឋផ្ទាល់ៗតែម្តង គឺពួក​ហ៊ុនសែន ពុំមានឱកាសលេបលុយទាំនោះបាន ដូចជា​ជំនួយ​ពីសហរដ្ឋអាមេរិក ជំនួយពីអូស្រាលី ជំនួយពីសងគមន៍អឺរ៉ុប។ល។ ចំណែកជំនួនចិន គឺសំរាប់តែហេដ្ឋរចនាសម្ព័ន្ធ ដែលហ៊ុនសែន និងបក្សពួកព្រមទាំងក្រុមហ៊ុនចិន លេបស្ទើរអស់ ដែលនាំ​ឲ្យ​ផ្លូវ​ថ្នល់ទាំងនោះប្រើបានតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយជួស​ជុលទៀតដែលនាំឲ្យពលរដ្ឋយើង​ជាអ្នកសង​ថ្លៃខ្លីលុយ​ចិនមក​ជួស​ជុលដដែលៗ មិនចេះចប់។

Oct 13, 2017 03:57 AM

អ្នក​អាន​អនាមិក

This is democracy Hun Sen style. I wonder, if one day Khmer people play this back to Hun Sen , how Hun Sen react or how his face looks like ?

Oct 12, 2017 08:35 AM

អ្នក​អាន​អនាមិក

Hun Sen knows that his CPP party will not win if free and fair election, therefore he must dissolve CNRP in advance. I will not to go to vote if CNRP is dissolved. Other who support CNRP should do the same to show low number go out for vote, that means that new government does not reflect the will of the citizens.

Oct 12, 2017 08:08 AM

អ្នក​អាន​អនាមិក

លោកហ៊ុនសែនមានបំណងបំបែកគណបក្សណាមួយមានសក្តានុពលដើម្បីឈ្នះគណបក្សប្រជាជន ប៉ុន្តែលោករក្សាពួកគេឱ្យស្របច្បាប់ដើម្បីឱ្យគាត់កាន់អំណាច។ ប្រជាជនកម្ពុជាត្រូវតែក្លាហានប្រឆាំងនឹងមនុស្សផ្តាច់ការម្នាក់។ ប្រសិនបើអ្នកមិនធ្វើវាទេនោះវានឹងបង្រៀនអ្នកដឹកនាំផ្សេងទៀតឱ្យធ្វើរឿងអាក្រក់មួយជំនាន់ម្តង ហើយម្តងទៀត។ សូមក្រោកឈរឡើងដើម្បីឱ្យមានភាពក្លាហានជាងមនុស្សផ្តាច់ការក្នុងការផ្លាស់ប្តូរ។ ជនផ្តាច់ការម្នាក់មិនខ្លាចស្លាប់ ប្រជាជនកម្ពុជាមិនខ្លាចស្លាប់ដែរ។ កុំអោយមនុស្សផ្តាច់ការបំភ័យអ្នកបាន.

Oct 12, 2017 03:20 AM

អ្នក​អាន​អនាមិក

Other parties are not real opposition parties, they are just Hen Sen puppets

Oct 12, 2017 01:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល