លោក ហ៊ុន សែន មិន​ខ្វល់​រឿង​អន្តរជាតិ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2017.11.11
ហ៊ុន សែន ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​នឹង​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក ដោយ​មិន​ចំ​ឈ្មោះ​ថា លោក​មិន​ខ្វល់ខ្វាយ​រឿង​អន្តរជាតិ​ទទួល​ស្គាល់ ឬ​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ឲ្យ​តែ​មាន​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​តាម​ការ​គ្រោង​ទុក។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​បោះឆ្នោត​មិនមែន​រៀបចំ​ឲ្យ​តែ​បានៗ​នោះ​ទេ ហើយ​បើ​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​ដែល​រង​ទុក្ខវេទនា​មិន​មែន​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ដែល​ប៉ះពាល់។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក​គឺ​អាច​នៅ​មាន​ការ​បោះឆ្នោត​ជា​ធម្មតា មិន​ត្រូវ​ការ​អ្នក​ណា​ឈឺឆ្អាល​រឿង​ខ្មែរ​ជំនួស​ខ្មែរ​ទេ៖ «កម្ពុជា​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​សូម​ឲ្យ​អ្នក​ដទៃ​កុំ​មក​គំរាម​យើង​ថា ការ​បោះឆ្នោត​នេះ​គេ​នឹង​មិន​ទទួល​ស្គាល់។ មិន​ទទួល​ស្គាល់ ឬ​ទទួល​ស្គាល់​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា តើ​ប្រជាជន​កម្ពុជា ទទួល​បាន ឬ​អត់? តើ​មាន​ការ​ចាំបាច់​ឲ្យ​បរទេស​មក​ទទួល​ស្គាល់​ពី​អង្កាល់?»

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​គ្រាន់តែ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅតាម​កាលកំណត់​មិន​មែន​បាន​ន័យ​ថា ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ស្របតាម​លទ្ធិប្រជាធិបតេយ្យ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​នោះ​ទេ ប្រសិនបើ​បរិយាកាស​នៃ​ការ​បោះឆ្នោត​រង​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ ពី​បក្ស​កាន់​អំណាច​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​នោះ។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា លើក​ឡើង​ថា រដ្ឋាភិបាល​មួយ​ដែល​អាច​ស្រប​ច្បាប់​បាន គឺ​មិន​មែន​បាន​ដោយ​ការ​ឆក់ប្លន់ ដោយ​ការបន្លំ ដោយ​ការ​ប្រើ​ល្បិចកល ឬ​មធ្យោបាយ​ទុច្ចរិត​ផ្សេងៗ​នោះ​ទេ៖ «ដើម្បី​រើស​រដ្ឋាភិបាល​មួយ​ដែល​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ រដ្ឋាភិបាល​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ រដ្ឋាភិបាល​នោះ​ត្រូវ​កើត​ដោយ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​គោលការណ៍​ពីរ គោលការណ៍​សេរី និង​យុត្តិធម៌។ ដូច្នេះ ការ​បោះឆ្នោត​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​មតិ​អន្តរជាតិ ត្រូវ​តែ​ជា​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ មិន​អាច​ខ្វះ​គោលការណ៍​ពីរ​នេះ​បាន​ទេ»

​ទោះបីជា​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​ថា អ្នក​ដទៃ ឬ​បរទេស​ដែល​គំរាម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ខាង​មុខ​ជា​នរណា ឬ​ប្រទេស​ណា​ក៏ដោយ ក៏​គេ​ដឹង​ជា​ទូទៅ​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក ដ៏​មាន​ឥទ្ធិពល​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​ធ្លាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​បញ្ជាក់​ជំហរ​សា​ជា​ថ្មី​ថា លោក​នឹង​ធ្វើ​តាម​ការ​សន្យា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន សែន ក្រោយ​ពី​ឱសានវាទ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូល​មក​ដល់។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា លោក ថិត គ្រូស (Ted Cruz) ព្រមាន​ថា បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​ព្រម​ឆ្លើយ​តប​ទៅ​តាម​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ទៅ​តាម​ការ​ទាមទារ រួម​មាន ត្រូវ​ដោះលែង​លោក កឹម សុខា ត្រូវ​អនុញ្ញាត​ឲ្យ​វិទ្យុ​ឯករាជ្យ​បើក​ការផ្សាយ​របស់​ខ្លួន​ឡើង​វិញ និង​ត្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ បើក​ដំណើរ​ការ​នៅ​កម្ពុជា វិញ​ដូច​ធម្មតា​ទេ​នោះ សហរដ្ឋអាមេរិក ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក នឹង​មិន​អាច​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​បាន​នោះ​ឡើយ។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ព្រមាន​ដូច​គ្នា​ថា បើ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​ពួកគេ​ចាត់​ទុក​ថា គ្មាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​នឹង​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សហគមន៍​អន្តរជាតិ​ទាំង​នោះ ដែល​រួមទាំង​កាត់​កាត់​ផ្ដាច់​ជំនួយ​ផ្សេងៗ រួម​ទាំង​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង​ដែរ។

លោក យឿង សុធារ៉ា លើក​ឡើង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បាន​ធ្វើ​សច្ចាប័ន​លើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​ច្រើន និង​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ក្នុង​ករណី​នេះ ប្រទេស​កម្ពុជា ជាប់​កាតព្វកិច្ច​ជា​ច្រើន​ចំពោះ​ប្រជាជាតិ​កម្ពុជា និង​ពិភពលោក។ លោក​ព្រមាន​ថា បើ​មាន​ការ​ដាក់ទណ្ឌកម្ម​ណា​មួយ​នោះ សង្គម​ខ្មែរ​ទាំង​មូល​នឹង​រង​ផលប៉ះពាល់​ជៀស​មិន​ផុត៖ «បច្ចុប្បន្ន​នេះ​ប្រទេស​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​អភិវឌ្ឍ​ប្រទេស ដូច្នេះ​ហើយ​យើង​គួរ​តែ​ថ្លឹងថ្លែង​អំពី​រឿង​អស់​ហ្នឹង។ តើ​យើង​ចង់​ឲ្យ​ភាព​ឯកោ​ហ្នឹង​ឲ្យ​គេ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​យើង​វេទនា ឬ​ដើម្បី​តែ​បន្ត​អំណាច​ទៅ​មុខ​ទៀត? ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដូចជា​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​កូរ៉េ [ខាងជើង] ខ្ញុំ​គិត​ថា បើ​មាន​ការ​ហ៊ុមព័ទ្ធ និង​ដាក់​សម្ពាធ​សេដ្ឋកិច្ច ចង់​មិន​ចង់ សង្គម​នឹង​មិន​អាច​គ្រប់គ្រង​បាន​ទេ។ បញ្ហា​ចំណាក​ស្រុក បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ចោរកម្ម បញ្ហា​អ្វី​ផ្សេងៗ​ទៀត​កើត​ឡើង​ក្នុង​សង្គម វា​បង្កើត​ទៅ​ជា​បញ្ហា​ដែល​មិន​អាច​គ្រប់គ្រង​បាន»

​ប៉ុន្តែ​ចំពោះ​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​ត្រូវ​បាន​លើក​បន្តុប​ឲ្យ​កាន់​អំណាច​ពី​ដំបូង​ដោយ​រដ្ឋាភិបាល​វៀតណាម និង​ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាង ៣២​ឆ្នាំ​កន្លង​មក​នេះ ដោយ​មិន​ដែល​អាច​ខ្វះ​ជំនួយ​បរទេស​បាន​នោះ ថ្លែង​ទាំង​អំនួត​ថា លោក​អត់​ខ្វល់៖ «ទោះ​បី​នរណា​ជួយ ឬ​មិន​ជួយ វា​មិន​សំខាន់​សម្រាប់​យើង​ទេ»

ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លង​មក​នេះ សហគមន៍​អន្តរជាតិ និង​ជាពិសេស​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់​ដៃ ដោយសារ​តែ​ចំណាត់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ថ្មីៗ​នេះ​ទៀតសោត សមាជិក​ព្រឹទ្ធសភា​អាមេរិក ពីរ​រូប​គឺ​លោក ចន ម៉ាកខេន (John McCain) និង​លោក ឌិក ឌើប៊ិន (Dick Durbin) បាន​រៀបចំ​ធ្វើជា​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​មួយ​ដែល​នឹង​ដាក់​ប្រជុំ​សភា​អាមេរិក នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា និង​ស្តារ​ស្ថានការណ៍​វិបត្តិ​នយោបាយ​បច្ចុប្បន្ន ឲ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។