"លោក ហ៊ុន សែន មិន​អាច​ទប់​ស្កាត់​កម្មករ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​បើ​សង្គម​គ្មាន​យុត្តិធម៌"

ដោយ ទីន ហ្សាការីយ៉ា និង ជុន ច័ន្ទបុត្រ
2017.09.01
សុន ឆ័យ ៨៥៥ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​វិភាគ​លើក​ឡើង​ថា សារ​នយោបាយ​មួយ​ចំនួន​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​លោក​ចុះ​ជួប​កម្មករ​រោងចក្រ​កាត់​ដេរ​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ បើសិនជា​ការ​ដឹកនាំ​របស់​លោក​មិន​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​បៀវត្ស​របស់​កម្មករ​ទទួល​បាន​ប្រសើរ​ឡើង​ទេ​នោះ។

យុទ្ធនាការ​ចុះ​ជួប​កម្មករ​រោងចក្រ​កន្លង​មក លោក ហ៊ុន សែន តែង​តែ​ផ្ញើ​សារ​ព្រមាន​កម្មករ​ដែល​ភ្ជាប់​បក្ស​ប្រឆាំង​ថា មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​កើត​មាន​ឡើង​ដូច​កាល​ពី​ឆ្នាំ​២០១៣ កើត​មាន​ទៀត​ទេ។ ក្រៅ​ពី​ផ្ញើ​សារ​ព្រមាន​អំពី​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នេះ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឃោសនា​រក​សំឡេង​គាំទ្រ​គណបក្ស​របស់​លោក និង​បង្អាប់​គណបក្ស​ដទៃ​ទៀត ថ្វីត្បិត​តែ​រយៈ​កាល​នៃ​ការ​ឃោសនា​បោះឆ្នោត​មិន​ទាន់​បាន​មក​ដល់​ក៏ដោយ។ សារ​ដែល​លោក​ធ្លាប់​លើក​ជា​ញឹកញយ​ក្នុង​រយៈពេល​ថ្មីៗ​នេះ នោះ​គឺ​សារ​អំពី​ពាក្យ​ថា ៣​កុំ និង ៣​សុំ។ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កម្មករ​ឈប់​គាំទ្រ​ក្រុម ៣​កុំ គឺ​ទី​១ កុំ​ឲ្យ​គេ​មក​វិនិយោគ ទី​២ កុំ​ឲ្យ​គេ​មក​ទិញ​ទំនិញ​ពី​កម្ពុជា និង​ទី​៣ កុំ​ឲ្យ​ផ្ដល់​ជំនួយ។ ក្រៅ​ពី​សារ ៣​កុំ​នេះ លោក ហ៊ុន សែន អះអាង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក លោក​ប្រើ​យុទ្ធសាស្ត្រ​បញ្ច្រាស​ពី​ក្រុម​ប្រឆាំង​វិញ ដើម្បី​អភិវឌ្ឍ​ប្រទេស ៣​សុំ គឺ​ទី​១ សុំ​ឲ្យ​បរទេស​មក​វិនិយោគ ទី​២ សុំ​ឲ្យ​គេ​មក​ទិញ​ទំនិញ​ពី​កម្ពុជា និង​ទី​៣ សុំ​ឲ្យ​គេ​ផ្ដល់​ជំនួយ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ បើសិនជា​អំពើ​យុត្តិធម៌ ការ​គាបសង្កត់​កម្មករ​នៅ​តែ​កើត​ឡើង។ លោក​បញ្ជាក់​ថា ប្រាក់​ចំណូល​កម្មករ​នេះ ជា​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​សម្រាប់​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ ដែល​បញ្ហា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​ត្រូវ​គាប​សង្កត់ និង​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ដូច​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង ទេ។

របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា រោងចក្រ​កាត់ដេរ​មាន​ចំនួន ៦៤​រោងចក្រ​នៅ​ឆ្នាំ​១៩៩៧ បាន​កើន​ឡើង​ជាង ១​ពាន់​រោងចក្រ​នៅ​ឆ្នាំ​២០១៧ និង​មាន​កម្មករ​ជិត ៨​សែន​នាក់ ហើយ​ប្រាក់​ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៧ គឺ​ចំនួន ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ។ ខាង​សហជីព​អះអាង​ថា បច្ចុប្បន្ន​តំណាង​សហជីព និង​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កំពុង​តែ​ចរចា​គ្នា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នេះ​នៅ​ឡើយ ដែល​ខាង​សហជីព​ទាមទារ​ខ្ពស់​ជាង​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​ថា នឹង​ផ្ដល់​ជូន ១៦៨​ដុល្លារ​ក្នុង​១​ខែ​នោះ ដើម្បី​ឲ្យ​សមតុល្យ និង​តម្លៃ​ទំនិញ​កំពុង​តែ​កើន​ឡើង​នៅ​លើ​ទីផ្សារ។

ថ្វីត្បិត​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា ក្រុម ៣​នោះ ជា​ក្រុម​ខាង​ណា​ក៏​ដោយ ប៉ុន្តែ​គេ​កាត់​យល់​បាន​ថា លោក​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ហើយ​ជា​ដៃគូ​នយោបាយ​របស់​លោក ហ៊ុន សែន។

សូម​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។