លោក កឹម សុខា ស្នើ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយ​ការ​គប់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៩៧

ដោយ ថា កិត្យា
2017-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​ការ​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​កាល​ពី ២០​ឆ្នាំ​មុន។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយ​ការ​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​កាល​ពី ២០​ឆ្នាំ​មុន។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Rann Samnang

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ជួយ​រក​យុត្តិធម៌​ករណី​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ២០​ឆ្នាំ​មុន ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ក្នុង​សង្គម​ខ្មែរ។ ការ​លើក​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជូន​ជន​រងគ្រោះ​គម្រប់​ខួប ២០​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ រីឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​បោក​គ្រាប់បែក​នេះ មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ តែ​សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​នៅ​ឡើយ។

ដូច​រាល់​ឆ្នាំ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​បើក​ការ​ស៊ើប​អង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នក​បញ្ជា និង​ឃាតក​ពិត​ដែល​បាន​វាយ​ប្រហារ​ដោយ​គប់​គ្រាប់បែក​ដៃ​កាល​ពី ២០​ឆ្នាំ​មុន​នោះ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ប្រធាន​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​អ្នក​ចូលរួម​ប្រមាណ ១០០​នាក់ ក្នុង​ពិធី​បង្សុកូល​នៅ​ចេតិយ​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្បែរ​ព្រះបរមរាជវាំង​ថា ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ក្នុង​សង្គម​ខ្មែរ​តទៅទៀត​នោះ មាន​តែ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ«យុត្តិធម៌ គឺ​មិន​មែន​មាន​ន័យ​ថា គុំកួន​សងសឹក​ទេ យុត្តិធម៌​គឺ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​របស់​អ្នក​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌»

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ នេះ​ដែរ បណ្ដាញ​សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) បាន​ចុះ​ផ្សាយ​នូវ​លិខិត​មួយ​ច្បាប់​ដោយ​ចោទ​ថា​ជា​លិខិត​របស់​លោក សម រង្ស៊ី សរសេរ​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ឈ្មោះ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ សរសេរ​ថា «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ដូចជា​ការ​ចោទ​ប្រកាន់​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ពី​ក្រោយ​ការ​គប់​គ្រាប់បែក​ហ្វូង​បាតុករ ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​រដ្ឋសភា ការ​ចោទ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា​ប៉ុនប៉ង​សម្លាប់​ឥស្សរជន ប្រាំ​នាក់ និង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៀត​មក​លើ​សម្ដេច​នាយក​រដ្ឋមន្ត្រី។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្ញុំ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនោះ ហើយ​ចៀសវាង​មិន​ឲ្យ​បញ្ហា​បែប​នេះ​កើត​មាន​ឡើង​ទៀត»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក សម រង្ស៊ី បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា​តើ​លិខិត​នោះ​ពិត​ជា​របស់​លោក សម រង្ស៊ី ឬ​យ៉ាង​ណា។

កាល​ពី​ឆ្នាំ​មុន លោក សម រង្ស៊ី បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការ​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ថា​ជា​អំពើ​ភេរវកម្ម​ដោយ​រដ្ឋ​អំណាច ដែល​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច។ លោក សម រង្ស៊ី បន្ត​ថា រឿង​នេះ​អាច​រក​ឃាតក​ឃើញ ទាល់​តែ​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​បែប​ផ្ដាច់ការ​បច្ចុប្បន្ន​នេះ​ចេញ។

ករណី​បោក​គ្រាប់បែក​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយ​ផល​សម្រាប់​បុគ្គល​លោក បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី កាលណោះ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​របស់​លោក ហ៊ុន សែន ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ព្រឹត្តិការណ៍​បោក​គ្រាប់បែកដៃ ៤​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​ជិត ២០០​នាក់​បាន​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៅ​តែ​ឋិត​ក្នុង​ទី​ងងឹត។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​ដែរ ដោយសារ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ទោះ​យ៉ាង​ណា លោក ខៀវ សុភ័គ ធ្លាប់​លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា កន្លង​ទៅ រដ្ឋាភិបាល​បាន​រក​ឃើញ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ប្រ៊េស៊ីល តែ​ក្រោយ​មក ជន​សង្ស័យ​រូប​នោះ​បាន​បាត់​ខ្លួន​ទៅ។ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ នៅ​ពេល​ដល់​ថ្ងៃ​រំឭក​ខួប​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នេះ​ម្តងៗ គេ​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ មិន​ដែល​មាន​អ្វី​ថ្មី​និយាយ​ឲ្យ​លើស​ពី​នេះ​ទេ។ ស្ថាប័ន​ដែល​មាន​តួនាទី​វែក​មុខ​ឃាតក​នេះ តែង​និយាយ​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​តាម​រក​ជន​ដៃ​ដល់​ម្ដង​ណា​ឡើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​នោះ​មិន​ទាន់​ឆ្ពោះ​ទៅ​មុខ ព្រោះ​បាត់​តម្រុយ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ហៅ​ការ​បណ្ដែតបណ្ដោយ​របស់​រដ្ឋាភិបាល​កម្ពុជា រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ក្នុង​ករណី​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ២០​ឆ្នាំ​មុន គឺ​ជា​ការ​ព្យាយាម​ការពារ និង​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្តិ​ល្មើស។

ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ​កាលណោះ ក៏​ធ្លាប់​ត្រូវ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​របស់​អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ តែ​បាន​ផ្អាក​បេសកកម្ម​របស់​ខ្លួន​វិញ​មុន​កំណត់ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា មិន​សហការ​ស្វែងរក​ភស្តុតាង​ទាំងនោះ​ឡើយ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែល​នេះ​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ កម្លាំង​មក​ពី​កងពល "ង​៧០" ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេ​បញ្ជាការ​កង​អង្គរក្ស​នៃ​កងពល "ង​៧០" លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ ធ្លាប់​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ចោទ​ប្រកាន់​ថា កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នោះ​ថែម​ទៀត។

ការ​វាយ​ប្រហារ​គប់​គ្រាប់បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ ភាគច្រើន​ជា​កម្មករ​រោងចក្រ យុវជន និង​និស្សិត​កាលណោះ គឺ​ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទីនោះ​បាន​រារាំង​មិន​ឲ្យ​សង្គ្រោះ​អ្នក​រងគ្រោះ។ ករណី​គប់​គ្រាប់បែក​នេះ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Dara

ពី Sydney

Kem Ley is no hope. How this case can be found. Kem Sokha is hopeless. He dares to say about Kem Ley death

Mar 30, 2017 10:08 PM

អ្នក​អាន​អនាមិក


ពួកតិរច្ឆានវាសាហាវណាស់ បោកគ្រាប់បែកសម្លាប់ខ្មែរហើយហាមមិនឲ្យមានការសង្គ្រោះ ទុកឲ្យជនរងគ្រោះដេកនៅនឹងថ្លុកឈាមរហូតដល់ស្លាប់ តើគេមានការឈឺចាប់យ៉ាងណា? សាហាវណាស់ពួកអាយួននឹងអាយ៉ងរបស់វា។ ចាមត្រូវពួកសត្វព្រៃចង្រៃប្រល័យពូជសាសន៍គ្មានសល់ ឥឡូវវាកំពុងប្រល័យពូជសាសន៍ដោយប្រើវិធីសព្វបែបយ៉ាង។

Mar 30, 2017 08:28 PM

អ្នក​អាន​អនាមិក

ខ្ញុំបាទ យើងខ្ញុំជាជនរងគ្រោះ សល់ពីការកាប់សំឡាប់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សូមសួរលោកកិម សុខាថា តើលោកចង់រកយុត្តិធម៍ពិតឫ លោកគ្រាន់តែចង់ផ្សាយមេត្តាធម៍? ព្រោះខ្ញុំបាទ យើងខ្ញំុនៅចាំច្បាស់ថា ការកើតស្តូត១នេះគឺ មានការអន្តរាគមន៍ពីប្រទេសជាមិត្តជួយអន្តរាគមន៍ ។ល។ និង ។ល។

នៅយុគ្គសម័យកម្ពូជាប្រជាធិបតេយ្យ (កុម្មុយនិស្ត+គំសំឡាប់មនុស្ស) ខ្មែរក្រហមនេះគឺ គេសំឡាបមនុស្សត្រូវបានមតិជាតិនិង អន្តរជាិទទួលស្គាល់ ដឹង លឺ ថាជាការសំឡាប់បែប ប្រល័យពូជសាសន៍ ។ ចំពោះ យើងជាខ្មែរដឹងដោយប្រាកដថា ពួកជនកុម្មុយនិស្តទាំពីរនេះកំពុងសហការគ្នា ម្ខាងខំបំបាត់វប្បធម៍និង ម្ខាងទៀតខំបំបាត់ទិកដី របស់ដូនតាខ្មែរ ។ល។
ខ្ញុំបាទ សូមលើក១ផ្នែក ក្នុងចំណោមផ្នែកទទៃស្តិគម្ពីយុត្តិធម៍របស់ខ្មែរនៅសម៍យ សតវត្សន៍ទី១៧ នៃគ្រិសសករាជ សម្តេចព្រះជ័យចេស្តានៃប្រទេសកម្ពូជាត្រង់បានបញ្ជាឲ្យពួកបណ្ឌិតរៀបចំល្បិចចៅក្រម ដើម្បីជំរះក្តីទៀតទាត់សុចរិតនិង យុត្តិធម៍បាយងាយពិនិត្តដោយប្រើពាក្យកាព្យជាភាសាបាលី៤យ៉ាងគឺ៖ មន្ទលេន , សេនបទ, មណ្ឌុកដ និង សីហលោ ។ អោយដល់ចៅក្រមចេះប្រើល្បិចទិកហូរដោយសន្សឹមៗ ។ សេនបទ ប្រើល្បិចដូចសត្វខ្លែង បំរុងឆាបកូនមាន់ ។ មណ្អុកដ ប្រើល្បិចដូចសត្វកង្កែម លោតផ្លោតៗ ហើយត្រូវចេះ បង្អង់ខ្លះដែរ ។ រីឯសីហលោ កាលបើមានភស្តាងហើយ ស្រែកបញ្ជាក់ពីកំហុសអោយទទួលយក។
ចុះបើសព្វថ្ងៃ ពួកមេដឹកនាំខ្មែរសុទ្ធសឹងតែជាមនុស្សជំពួកដូចបានរៀបរាប់ខាងលើ គេបំផ្លាញសព្វគ្រប់ទៅហើយ តើឲ្យពលរដ្ឋខ្មែរសង្ឃឹមលើបក្សនយោបាយរបស់លោកបានម្តេចទៅ?.។

ខ្ញំុបាទ យើងខ្ញុំសរសេរសួរមកនេះ ចង់ជំរាបមកលោកថា​ យើងជាពលរដ្ខខ្មែរទាំងក្នុងនិង ក្រៅប្រទេសបានប្តឹងមេដឹកនាំដែលជាអតីតមេសំឡាប់មនុស្សខ្មែរនិង ពួកកុម្មុនិស្សទៅដល់តុលាការឧក្រិដ្ឋកម្មព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ និងដាក់ភស្តាងថែមទៀត ដើម្បីបញ្ជប់និទណ្ឌភាពនៅប្រទេសខ្មែរ ។

Mar 30, 2017 12:24 PM

គេហទំព័រ​ទាំងមូល