នៅពេលគេបើកមើលក្នុងគណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ គេនឹងឃើញរូបថតកាំភ្លើងខ្លីមួយដើម និងគ្រាប់ចំនួន ៧គ្រាប់ បញ្ឈរនៅក្បែរនោះដែរ។ ក្នុងគណនីនោះ បានរៀបរាប់ថា ទុក ៧គ្រាប់ឲ្យ កឹម សុខា។ គ្រាប់ទី១ បាញ់ដៃឆ្វេង គ្រាប់ទី២ បាញ់យកដៃស្ដាំ គ្រាប់ទី៣ បាញ់ជើងឆ្វេង គ្រាប់ទី៤ បាញ់ជើងស្ដាំ គ្រាប់ទី៥ បាញ់ពោះ គ្រាប់ទី៦ បាញ់បេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាល កឹម សុខា។
បើទោះជាបែបនេះក៏ដោយចុះ ក៏ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បានច្រានចោលការចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ថា អ្វីដែលមាននៅក្នុងគណនីរបស់លោកនេះ គឺពុំមែនជារបស់លោកឡើយ។ លោក ផែង វណ្ណៈ ដែលស្នើសុំមិនឲ្យបញ្ចេញពីតួនាទី និងឋានៈ ប៉ុន្តែការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយចំនួន ដូចជាកាសែត រស្មីកម្ពុជា និងបណ្ដាញផ្សព្វផ្សាយតាមអនឡាញ (Online) ដទៃទៀត បញ្ជាក់ថា គឺជាអតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ អះអាងថា លោកកំពុងសិក្សាពីផ្លូវច្បាប់ និងស៊ើបអង្កេតរកមុខសញ្ញាឲ្យបានពិតប្រាកដ ដើម្បីតតាំងចំពោះបញ្ហានេះ ប្រឆាំងនឹងការលាបពណ៌បែបនេះ។
«សំឡេង»
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺចំពោះបញ្ហានេះពី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានទេ នៅថ្ងៃទី៥ ខែធ្នូ។
ក៏ប៉ុន្តែ កូនស្រីរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថ្លែងថា នេះពុំមែនជារឿងថ្មីទេចំពោះការគំរាមសម្លាប់ប្រឆាំង លោក កឹម សុខា។ ប៉ុន្តែ អ្វីដែលសំខាន់ គឺថានៅពេលនេះ ដោយសារជាប់គាំងផ្នែកនយោបាយ។ ស្របពេលនេះ សញ្ញានៃការគំរាមកំហែង និងប្រមាថអាយុជីវិតនេះ បានកើតឡើងជាថ្មីម្ដងទៀត។
«សំឡេង»
ចំណែកក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែងថានឹងសម្លាប់ម្ដងហើយម្ដងទៀត សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ជននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។
យ៉ាងណាក៏ដោយចុះ លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ផ្អែកតាមគោលការណ៍ច្បាប់ ជនដែលមិនបានប្រព្រឹត្តបទល្មើស និងពុំមានធាតុផ្សំបទល្មើស ពុំមានទោសទេ។ ប៉ុន្តែ ក្នុងក្រមព្រហ្មទណ្ឌបានកំណត់ថា ការគំរាមសម្លាប់ គឺជាបទល្មើសឧក្រិដ្ឋ។ បន្ថែមលើនេះ បើសិនសមត្ថកិច្ចដឹងរឿង ហើយឈានដល់ការស៊ើបអង្កេត ជននោះអាចត្រូវជាប់ចោទពីបទបរិហារបង្កាច់កេរ្តិ៍។ ប៉ុន្តែទិដ្ឋភាពនេះ បើរកឃើញថា លោក ផែង វណ្ណៈ ពុំមានជាប់ពាក់ព័ន្ធនឹងសារគំរាមទេ នោះពុំមានទោសពៃរ៍ឡើយ។
«សំឡេង»
លោក កឹម សុខា ធ្លាប់បង្ហាញសារជាសាធារណៈក្នុងពេលកន្លងទៅថា យ៉ាងហោចណាស់ ជីវិតនយោបាយរបស់លោកត្រូវឆ្លងកាត់ការគំរាម ការចាប់ដាក់គុក និងការប៉ុនប៉ងសម្លាប់ជាច្រើនលើករួចមកហើយ។ ជាអាទិ៍ ឆ្នាំ១៩៩៥ ការរកឃើញពីអំពើពុករលួយរបស់រដ្ឋាភិបាល លោកត្រូវគំរាមចាប់ខ្លួន។ ចំណែករដ្ឋប្រហារឆ្នាំ១៩៩៧ ដែលកាលណោះជម្លោះរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា លោក កឹម សុខា ក៏ត្រូវរងការចាប់ខ្លួនពុំដឹងមូលហេតុ។ ម្ដងទៀត ឆ្នាំ១៩៩៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាប់ខ្លួន លោក កឹម សុខា ដែលលោកប្រឆាំងលទ្ធផលឆ្នោត។ ក្នុងឆ្នាំ១៩៩៩ នៅពេលលោករាយការណ៍អំពីការរំលោភសិទ្ធិមនុស្សទៅ យូ.អិន (UN) ត្រូវគំរាមចាប់ខ្លួនជាថ្មី។ នៅមុនបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០០២ មានឡានបុកឡានរបស់លោកនៅមុខផ្ទះ ក្នុងបំណងសម្លាប់ និងឆ្នាំ២០០៥ លោក កឹម សុខា ត្រូវជាប់ពន្ធនាគាររយៈពេល ១៧ថ្ងៃ ដែលកាលណោះមានមន្ត្រីអង្គការសង្គមស៊ីវិលដទៃត្រូវចាប់ខ្លួនដែរ ក្រោយពីសមត្ថកិច្ចរបស់រដ្ឋាភិបាលរកឃើញថា លោករៀបចំទិវាសិទ្ធិមនុស្ស ១០ ធ្នូ ហើយមានកំហុស។ ដោយឡែកនៅមុនការបោះឆ្នោតអាណត្តិទី៥ ចាប់ផ្ដើម អតីតការិយាល័យកណ្ដាលរបស់គណបក្សសិទ្ធិមនុស្ស ដែលក្រោយមកក្លាយជាទីស្នាក់ការគណបក្សសង្គ្រោះជាតិ វិញ ក្នុងខណ្ឌទួលគោក ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ ហើយរហូតមកដល់ពេលនេះ ការស៊ើបអង្កេតនៅមិនទាន់រកឃើញជនបង្កនៅឡើយ។
លោក ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់ទុកថា នេះ គឺជាសញ្ញានៃការគំរាមផ្នែកនយោបាយ ដែលគប្បីមន្ត្រីជំនាញស្រាវជ្រាវរកមុខសញ្ញា និងផ្ដន្ទាទោស ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ចំពោះមន្ត្រីមានអំណាចប្រព្រឹត្តបទល្មើស ហើយរួចផុតពីសំណាញ់ច្បាប់។ លោកគិតថា ការប្ដឹងប្រឆាំងបញ្ហានេះនៅមិនទាន់ប្រាកដនៅឡើយទេ ដោយត្រូវរង់ចាំ លោក កឹម សុខា ត្រឡប់ពីសហរដ្ឋអាមេរិក វិញ។
«សំឡេង»
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺចំពោះបញ្ហានេះពី លោក គៀត ច័ន្ទថារិទ្ធ មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ បានភ្លាមៗទេ ដោយទូរស័ព្ទជាច្រើនដង តែពុំមានអ្នកទទួល។ ចំណែក លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ទូរស័ព្ទពុំអាចទាក់ទងបាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ផែង វណ្ណៈ បញ្ជាក់ថា សារគំរាមនៅក្នុងគណនីហ្វេសប៊ុករបស់លោកនេះ មិនប្រាកដថាជារបស់លោកឡើយ។ លោកអះអាងថា ព្រោះបច្ចេកទេសទំនើប ហេតុនេះគេអាចចូលបានគ្រប់គណនីហ្វេសប៊ុករបស់អ្នកលេងបណ្ដាញសង្គមមួយនេះបានដោយងាយ។
«សំឡេង»
យ៉ាងណាក៏ដោយចុះ ពេលនេះគណនីហ្វេកប៊ុក ឈ្មោះ ផែង វណ្ណៈ នេះ ពុំឃើញរូបថតកាំភ្លើងខ្លី និងគ្រាប់ចំនួន ៧គ្រាប់ទៀតទេ។ ប៉ុន្តែបានជំនួសដោយអត្ថបទដែលបណ្ដាញសារព័ត៌មាននិយាយពីសារគំរាមបាញ់សម្លាប់នេះទៅវិញ។
ការគំរាមបាញ់សម្លាប់ លោក កឹម សុខា នេះ ធ្វើឡើងនៅមុនការមកដល់របស់ លោក កឹម សុខា ពីសហរដ្ឋអាមេរិក វិញ និងនៅគ្រាគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មអហិង្សាបន្តនៅថ្ងៃទី១០ ធ្នូ ខាងមុខ និងរៀងរាល់ថ្ងៃអាទិត្យ ថែមទៀត។
សារគំរាមថានឹងសម្លាប់នេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស កត់សម្គាល់ថា គឺជាសញ្ញាបញ្ជាក់ប្រាប់ពីគ្រោះថ្នាក់ដែលគប្បីប្រុងប្រយ័ត្ន។ មានសារជាច្រើនណាស់ ដែលត្រូវជនអនាមិកផ្ញើមកជនរងគ្រោះមុនការសម្លាប់ ដូចជាទៅលើមន្ត្រីសហជីព អ្នកកាសែត ក្រុមអ្នកតស៊ូមតិ និងបក្សប្រឆាំងដទៃទៀតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។