កម្ពុជា​នៅ​មិន​ទាន់​ស្នើ​ថៃ​ដកទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ

ដោយ វណ្ណ វិចារ
2014.09.01
ទៀ បាញ់ ថៃ ៦២០ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ឆ្វេង) ទទួល​ស្វាគមន៍​ប្រមុខ​យោធា​ថៃ លោកតាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នា​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១ កញ្ញា ២០១៤។
RFA/Van Vichar

កម្ពុជា ​នៅ​តែ​មិន​ស្នើ​ថៃ ​ដកទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ​ឡើយ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​​ពេល​ដែល​លោក​ជួប​សវនាការ​ជាមួយ​មេទ័ព​ថ្មី​របស់​ថៃ គឺ​លោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នា​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា។

ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​យោធា​ថៃ មក​កាន់​កម្ពុជា​ ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ស្នើ​សុំ​ការ​​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ដែល​មេ​រដ្ឋ​ប្រហារ​យោធា លោក ប្រាយុទ្ធ ចាន់អូចា (Brayuth Chan Ocha) ទើប​ត្រូវ​បាន​សភា​ថៃ បោះ​ឆ្នោត​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​កាល​ពី​ខែ​សីហា កន្លង​ទៅ។ ភាគី​ថៃ ​បាន​ស្នើ​ឲ្យ​កម្ពុជា យោគយល់​នយោបាយ​ផ្ទៃ​ក្នុង​ថៃ ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ។ ក៏​ប៉ុន្តែ ​កម្ពុជា មិន​បាន​ស្នើ​ឲ្យ​ភាគី​ថៃ ដកទ័ព​ចេញ​ពី​តំបន់​​ប្រាសាទ​ព្រះវិហារ តាម​ដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ភាគី​ថៃ ​​សន្យា​រដ្ឋ​សន្តិសុខ​នៅ​តាម​ព្រំដែន និង​សន្យា​ថែ​រក្សា​ការពារ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​មាន​ការ​ផ្ដល់​សេវា​សុខាភិបាល និង​សេវា​អប់រំ​សម្រាប់​កូនៗ​ពលករ​ខ្មែរ ​ជាដើម។ លោក​បន្ត​ថា កម្ពុជា​ និង​ថៃ ក៏​ជជែក​គ្នា​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែរ ហើយ​ចំណុច​ដែល​ពិភាក្សា​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នោះ ​នឹង​បន្ត​ជជែក​គ្នា​នៅ​ពេល​ក្រោយ។

ចំពោះ​ការ​អនុវត្ត​សាលដីកា​រឿង​ព្រះវិហារ​ វិញ លោក ទៀ បាញ់ បញ្ជាក់​ថា លោក​មិន​អាច​ឆ្លើយ​ជួស​ថៃ ថា​នឹង​ដកទ័ព​ពេល​ណា​ទេ ហើយ​កម្ពុជា ក៏​មិន​បាន​លើក​រឿង​នេះ​ជជែក​ជាមួយ​ថៃ ​ដែរ៖ «អា​រឿង​ដក​រឿង​អី​ហ្នឹង​សុទ្ធតែ​សុទ្ធតែ​របស់​គេ​ទាំង​អស់ យើង​ឃើញ​ថា គេ​យល់​ទាំង​អស់​អ្វី​ដែល​គេ​ធ្វើ​ទៅ​ហើយ គេ​មិន​បាន​រំលឹក​ឡើង​វិញ ហើយ​អ្វី​ដែល​មិន​ទាន់​ធ្វើ​គេ​នឹង​ធ្វើ»

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ កាល​ពី​ចុង​ខែ​កក្កដា ហើយ​ក៏​គ្រោង​ពិភាក្សា​ជាមួយ​ថៃ ពី​បញ្ហា​ព្រះវិហារ​ដែរ ប៉ុន្តែ​ថៃ ​មិន​ព្រម​ជជែក​ទេ។ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក៏​ធ្លាប់​បញ្ជាក់​​ថា ការ​ពន្យារ​ជជែក​រឿង​ព្រះវិហារ ជាមួយ​ថៃ ជា​ការ​យោគយល់​របស់​កម្ពុជា។ ប៉ុន្តែ​លោក​ថា ​កម្ពុជា ​មិន​អាច​បណ្ដោយ​ឲ្យ​ភាគី​ថៃ ចេះ​តែ​ពន្យារ​ពេល​ក្នុង​បញ្ហា​នេះ​ទេ។

​ទាក់ទង​នឹង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ​នេះ អគ្គនាយក​អាជ្ញាធរ​ព្រះវិហារ លោក​សាស្ត្រាចារ្យ ជុច ភឿន ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ថា ការ​អភិវឌ្ឍ​នៅ​តំបន់​ប្រាសាទ​​ព្រះវិហារ មិន​មាន​អ្វី​ចោទ​នោះ​ឡើយ។ លោក​ថា អ្នក​ជំនាញ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រាសាទ ​អាច​បំពេញ​ការងារ​ធម្មតា តែ​ចំពោះ​រឿងរ៉ាវ​ទាក់ទង​នឹង​យោធា​ ភាគី​យោធា​នៃ​ប្រទេស​ទាំង​​ពីរ​ជា​អ្នក​ចេញ​មុខ​ចរចា​គ្នា។

ទោះ​ជា​បែប​ណា​ក្តី អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​​ថា រដ្ឋាភិបាល​ថៃ នៅ​ពេល​នេះ សុទ្ធ​ជា​ក្រុម​មនុស្ស​ដែល​ផ្ដួចផ្ដើម​គំនិត​ចង់​បាន​ប្រាសាទ​ព្រះវិហារ ហេតុ​នេះ​ កម្ពុជា ត្រូវតែ​ទាមទារ​ឲ្យ​ថៃ ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​​បន្ត​ថា ថៃ ​នៅតែ​ព្យាយាម​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត ​ក្នុង​បំណង​រក​លេស​កាន់កាប់​ប្រាសាទ​ព្រះវិហារ រួម​គ្នា​ជាមួយ​កម្ពុជា ហើយ​កម្ពុជា ​មិន​ត្រូវ​ភ្លេច​ការ​ឈ្លានពាន​របស់​ថៃ កាល​​ពី​មុន​ជា​ដាច់​ខាត៖ «ឥឡូវ​នេះ​រដ្ឋាភិបាល​ថ្មី​នេះ​ជា​រដ្ឋាភិបាល​មាន​ឥទ្ធិពល​ទាំង​កងទ័ព ទាំង​រាជវាំង ទាំង​នៅ​ក្នុង​រដ្ឋាភិបាល ដូច្នេះ​កម្ពុជា ត្រូវ​ប្រើប្រាស់​ឱកាស​មាស​នេះ​ដើម្បី​ឲ្យ​ថៃ ដក​ទ័ព​ចេញ​ពី​​ប្រាសាទ​ព្រះវិហារ គោរព​តាម​ការ​បកស្រាយ​សាលក្រម។ រដ្ឋាភិបាល​ត្រូវ​ដើរ​តួ​ប្រាប់​អាស៊ាន​ពី​បញ្ហា​នេះ»

ថៃ​ បាន​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ តាំង​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​ដង​ច្រើន​សា​ មុន​នឹង​កម្ពុជា បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលក្រម​តាំង​ពី​ឆ្នាំ​១៩៦៥។ តុលាការ​អន្តរជាតិ ក៏​បាន​បកស្រាយ​សាលក្រម​តាម​បណ្ដឹង​របស់​កម្ពុជា តាំង​ពី​ចុង​ឆ្នាំ​២០១៣ បង្គាប់​ឲ្យ​ថៃ​ ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ ទោះ​បី​ជា​ថៃ មិន​ព្រម​ដកទ័ព​ចេញ​ក៏ដោយ ​ក៏​កម្ពុជា មិន​​បាន​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ដែរ ខណៈ​ដែល​វៀតណាម បាន​លើក​យក​សំណុំរឿង​ជម្លោះ​ជាមួយ​ចិន ទៅ​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​ការបរទេស​អាស៊ាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។