បាតុករ​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​ជា​ថ្មី

ដោយ វណ្ណ វិចារ
2014.07.27
តវ៉ា ទូត​វៀតណាម ៦១០ ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

អស់​រយៈពេល​ជិត ១​សប្ដាហ៍​ទៅ​ហើយ​ដែល​ក្រុម​បាតុករ​តវ៉ា​​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម បាន​ផ្អាក​បាតុកម្ម​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ។

តំណាង​ក្រុម​បាតុករ​បញ្ជាក់​ថា ពួកគេ​រង់ចាំ​មើល​ចំណាត់​ការ​របស់​ក្រសួង​ការបរទេស​កម្ពុជា ជា​មុន​សិន បើ​សិន​ជា​មិន​មាន​ចម្លើយ​តប​ជា​វិជ្ជមាន​ទេ​នោះ បាតុកម្ម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី និង​អាច​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៀត​ផង។

មក​ដល់​ពេល​នេះ ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​ទទួល​ញត្តិ​ពី​បាតុករ​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា មិន​បាន​ឆ្លើយ​តប​ទាល់​តែ​សោះ​ថា ក្រសួង​នឹង​មាន​ចំណាត់ការ​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ​ឡើយ។

មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់​ថា សាលាក្រុង​បាន​ទទួល​ញត្តិ​ពី​ក្រុម​បាតុករ​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា និង​បាន​ដាក់​ជូន​ទៅ​ក្រសួង​ការបរទេស​នៅ​មួយថ្ងៃ​បន្ទាប់ ហើយ​ចំណាត់ការ​យ៉ាង​ណា​យ៉ាង​ណី​នោះ​  ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការបរទេស​ខ្លួន​ឯង។

ចំណែក​ឯ​តំណាង​ក្រុម​បាតុករ លោក ម៉ៅ ពិសេស បញ្ជាក់​ថា បាតុករ​ទាំង​អស់​កំពុង​រង់ចាំ​មើល​ថា តើ​ក្រសួង​ការបរទេស​នឹង​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​បញ្ហា​នេះ​នោះ។ លោក​​បន្ត​ថា ពលរដ្ឋ​កម្ពុជា នឹង​សាទរ​ចំណាត់ការ​របស់​ក្រសួង​ការបរទេស បើ​សិន​ណា​ជា​ក្រសួង​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ល្អ​ក្នុង​នាម​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រយោជន៍​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ ផ្ទុយ​មក​វិញ ពលរដ្ឋ​នឹង​មិន​សប្បាយចិត្ត​ឡើយ​បើ​សិន​ណា​ជា​ក្រសួង​ការបរទេស មិន​អើពើ​ចំពោះ​បញ្ហា​នេះ​នោះ៖ «សំឡេង»។

​ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៤ មិន​មាន​យោបល់​បែប​ណា​ឡើយ ដោយ​លោក​ប្រាប់​ថា លោក​ជាប់​ភារកិច្ច​រវល់។

​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សូម​អភ័យទោស​ជា​សាធារណៈ​ចំពោះ​សម្ដី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែល​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម និយាយ​ថា ទឹកដី​កម្ពុជា​ក្រោម​​ជា​ទឹកដី​របស់​វៀតណាម ជា​យូរយារ​ណាស់​មក​ហើយ​នោះ បាន​ធ្វើ​អស់​ចំនួន ២​លើក​រួច​មក​ហើយ។ បាតុកម្ម​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បំបែក។

មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​វៀតណាម បាន​បញ្ចេញ​ប្រតិកម្ម​ជា​ខ្លាំង​នៅ​ពេល​មាន​បាតុកម្ម​លើក​ទី​១​នេះ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​កម្ពុជា ខ្លួន​ឯង និង​ថែម​ទាំង​ចាត់​ទុក​បាតុករ​ជា​ក្រុម​អនាធិបតេយ្យ​ទៀត​ផង។

​ចំពោះ​បាតុកម្ម​លើក​ទី​២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​កក្កដា វិញ។ ហើយ​បាតុកម្ម​នេះ ស្ថិត​ក្រោម​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ និង​ព្រះសង្ឃ​រាប់​ពាន់​នាក់​និង​អង្គ ដើរ​និង​និមន្ត​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​គ្រប់​ស្ថានទូត​មហា​អំណាច​ទាំង​ប្រាំ និង​ទូត​សហភាព​អឺរ៉ុប ហើយ​ឈាន​ទៅ​ស្រែក​រិះគន់​នៅមុខ​ស្ថានទូត​វៀតណាម​ទៀត​​ផង។ មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​បញ្ចេញ​ប្រតិកម្ម​បែប​ណា​ឡើយ គ្រាន់​តែ​ប្រាប់​ថា ឲ្យ​យក​ញត្តិ​នោះ​ទៅ​ដាក់​នៅ​ខណ្ឌ​ចំការមន ​ប៉ុណ្ណោះ។

​តំណាង​ក្រុម​បាតុករ​បញ្ជាក់​ថា បាតុកម្ម​ទាំង​ពីរ​លើក​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​យល់​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​មិន​ភ្លេច​ឡើយ​ចំពោះ​ទឹកដី​កម្ពុជា​ក្រោម។ ម្យ៉ាង​ទៀត ក៏​អាច​គាស់​​កកាយ​ប្រវត្តិសាស្ត្រ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង និង​បង្ហាញ​ទៅ​ភាគី​វៀតណាម​ថា កម្ពុជា​សព្វថ្ងៃ​មិន​ងាយ​ស្រួល​មើលស្រាល​ដូច​មុនៗ​ទេ។

​បាតុកម្ម​ប្រឆាំង​នឹង​សម្ដី​របស់​មន្ត្រី​វៀតណាម​នេះ មិនមែន​ធ្វើ​ឡើង​តែ​នៅ​រាជធានី​ភ្នំពេញ​ នោះ​ឡើយ។ បាតុកម្ម​នេះ បាន​ធ្វើ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា។ ក្រុម​បាតុករ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅ​ដើម​ខែ​សីហា បើសិនជា​វៀតណាម មិន​ព្រម​សុំទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។