ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី

ដោយ​ សុ ជីវី
2017.05.13
ស្ដេច សីហមុនី ៨៥៥ ២០១៦ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ក្នុង​ពេល​ព្រះអង្គ​យាង​ចូល​រួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៦ នា​វិមាន​ឯករាជ្យ។ RFA/Brach Chev
RFA/Brach Chev

នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា នេះ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះជន្មាយុ​គម្រប់ ៦៤​ព្រះវស្សា យាង​​ចូល ៦៥​ព្រះ​វស្សា។ តាម​ស្ថាប័ន និង​គ្រឹះស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បាន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះអង្គ ដោត​ទង់​ជាតិ ទង់​ជ្វាលា និង​ពាក្យ​ស្លោក​ដែល​មាន​ន័យ​ថ្វាយ​ព្រះពរ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ។

ព្រះអង្គ​ត្រូវ​ពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់​ចាត់​ទុក​ជា​ព្រះមហាក្សត្រ ដែល​មាន​ព្រះទ័យ​ស្លូតបូត និង​មាន​ព្រហ្ម​វិហារធម៌។ យ៉ាង​ណា​ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ប្រាថ្នា​អោយ​ព្រះអង្គ​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា គឺ​ព្រះ​បរម​រតនកោដ្ឋ ព្រះ​ករុណា​សម្ដេច​ព្រះ​នរោត្តម សីហនុ។

ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះមហាក្សត្រ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បង្ហាញ​ទឹកចិត្ត​កោត​សរសើរ​ព្រះទ័យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ សីហមុនី ក្នុង​នាម​ព្រះមហាក្សត្រ ដែល​ទ្រង់​គ្រង​រាជសម្បត្តិ។

បុរស​អ្នក​ដុត​នំប៉័ង​ម្នាក់ លោក លឹម ប៉េងឡុង មាន​ប្រសាសន៍​ថា លោក​​ប្រាថ្នា​អោយ​ព្រះមហាក្សត្រ​ទ្រង់​គង់​នៅ​ជា​ម្លប់​ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​ទឹក​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះអង្គ។ លោក​ថា ព្រះមហាក្សត្រ​គង់​នៅ​ប្រទេស​ជាតិ​សម្បូរណ៍​សប្បាយ មាន​សន្តិភាព។ លោក ប៉េងឡុង ពេញ​ចិត្ត​នឹង​ព្រះ​រាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ដែល​តែង​ជួយ​ដល់​ពលរដ្ឋ​ក្រខ្សត់៖ «គាត់ (ព្រះអង្គ) ចែក​អំណោយ​តាម​ភូមិ​ស្រុក​អី​ជា​ដើម ហើយ​ធ្វើ​ការ​ទៅ​ក្រៅ​ប្រទេស​អី។ ខ្ញុំ​គិត​ថា ល្អ សកម្មភាព​ហ្នឹង​ធ្វើ​ឲ្យ​ប្រជាជន​យល់​ទឹក​ចិត្ត​របស់​ព្រះអង្គ»

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ឧសភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះអង្គ​មាន​ព្រះជន្ម ៦៤​ព្រះវស្សា។ ព្រះអង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុង​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​ព្រះអង្គ​បង្ហាញ​ថា ព្រះអង្គ​មាន​ជំនាញ​ខាង​ផ្នែក​សិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និង​ភាពយន្ត។ ព្រះអង្គ​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ (Prague) ក្នុង​ប្រទេស​ឆេកូ (Czech Republic)។

ព្រះអង្គ​ធ្លាប់​ត្រូវ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​គង់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO) រួម​នឹង​ស្នាព្រះហស្ត​ជា​ច្រើន​ទៀត។ ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ចេះ​ភាសា​បារាំង ភាសា​ឆេក និង​ភាសា​អង់គ្លេស។ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជសម្បត្តិ ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ព្រះញាតិវង្ស​ សង្កេត​ឃើញ​ថា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​ព្រះអង្គ​បាន​ច្រើន​ហើយ បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ធ្លាប់​មាន​ប្រសាសន៍​ថា នៅ​មាន​ខ្វះ​ចន្លោះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​បើ​និយាយ​ដល់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​ចែង​ដោយ​រដ្ឋធម្មនុញ្ញ។

ទោះ​យ៉ាងណា​លោក​បណ្ឌិត រស់ រ៉ាវុធ រំលឹក​ថា ព្រះមហាក្សត្រ​បាន​បំពេញ​តួនាទី​សំខាន់​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​នៅ​ក្រោយ​ភាព​ចម្រូងចម្រាស​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣៖ «ព្រះអង្គ​បាន​ចូល​រួម​សកម្មភាព​ធំៗ​ចំនួន​២។ ទី​១ ព្រះអង្គ​បាន​ចូលរួម​ការ​បើក​សភា ចូល​រួម​បង្រួបបង្រួម​រវាង​គណបក្ស​​ជាប់​ឆ្នោត​ទាំង​២។ ចំណុច​ទី​២ ព្រះអង្គ​បាន​ចុះ​ផ្ទាល់​ក្នុង​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ជួប​ប្រទះ​ការ​លំបាក»

ចំណែក​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ធ្លាប់​ជា​លេខា​ផ្ទាល់​ព្រះមហាក្សត្រ​មាន​បន្ទូល​ថា បទដ្ឋាន​ច្បាប់​មួយ​ចំនួន​បាន​ដក​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ទៅ​វិញ៖ «សព្វ​ថ្ងៃ​ហ្នឹង​បើ​សិន​យើង​និយាយ​ពី​តួនាទី​របស់​ព្រះអង្គ ព្រះមហាក្សត្រ​ក្នុង​នាម​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម ជា​ប្រធាន​ឧត្ដម​ប្រឹក្សា​ការពារ​ជាតិ ចំណុច​ទាំង​២​ហ្នឹង ជា​ចំណុច​សំខាន់​បំផុត។ ខ្ញុំ​យល់​ឃើញ​ថា​ ការ​រៀបចំ​ច្បាប់​ជុំវិញ​ស្ថាប័ន​ទាំង​២​នេះ គឺ​ដូចជា​ដក​សិទ្ធិ​អំណាច​របស់​លោក»

លើស​ពី​នេះ​ព្រះអង្គ​ម្ចាស់ ធម្មិកោ បាន​រិះគន់​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​​រៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយ​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា បាន​ ធ្វើ​អោយ​ប៉ះពាល់​ព្រះរាជ​តួនាទី​ព្រះអង្គ​ក្នុង​ការ​ធានា​ឯកភាព​ជាតិ៖ «ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ថា ព្រះមហាក្សត្រ​លោក​អត់​មាន​មនោសញ្ចេតនា មនោ​សម្បជញ្ញៈ​ទេ លោក​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ លោក​បែរ​ជា​អត់​មាន​សិទ្ធិ​ពន្យារ​ពេល​ការ​ប្រជុំ​សភា​អី​ទេ គឺ​បន្ទាប់​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​ហើយ គឺ​ព្រះមហាក្សត្រ​ត្រូវ​តែ​កោះ​ប្រជុំ​សភា»

ទាក់ទង​ដល់​សំណើ​សុំ​​របស់​ពលរដ្ឋ​ដែល​ចង់​ឃើញ​ព្រះករុណា​ព្រះមហាក្សត្រ សម្ដេច​ព្រះនរោត្ដម  សីហមុនី បន្ត​បំពេញ​ព្រះរាជ​សកម្មភាព​ដូច​ព្រះបិតា​ព្រះអង្គ​នោះ ព្រះអង្គម្ចាស់ ធម្មិកោ បាន​លើក​យក​ហេតុ​ផល​ថា អាច​មាន​មូលហេតុ​នយោបាយ​នៅ​ខាង​ក្រោយ ដែល​មិន​អាច​អោយ​ព្រះអង្គ​បំពេញ​ព្រះរាជ​សកម្មភាព​បាន​តាម​ទឹក​ព្រះទ័យ​ព្រះអង្គ។

តំណាងរាស្ត្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​ដោយសារ​ព្រះអង្គ​មាន​ព្រះទ័យ​លំអៀង ឬ​មិន​យល់​ច្បាប់៖ «បើ​រដ្ឋធម្មនុញ្ញ​យើង​ចែង​ថា ព្រះមហាក្សត្រ​គ្រង​រាជ្យ​តែ​មិន​កាន់​អំណាច តើ​អោយ​ព្រះអង្គ​មាន​សកម្មភាព​យ៉ាង​ម៉េច​ផ្នែក​នយោបាយ វា​ខុស​គ្នា​ពី​ព្រះអង្គ​បិតា កាល​ណោះ​ព្រះអង្គ​ធ្វើ​ប្រមុខ​រដ្ឋ​ផង។ រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​ទី​១ និង​បច្ចុប្បន្ន​ខុស​គ្នា។ គណបក្ស​ប្រជាជន​ជា​អ្នក​រាជា​និយម​តាំង​ពី​ដើម​មក​ដែល​យើង​អនុវត្ត​តែ​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​និយាយ​ពី​រដ្ឋធម្មនុញ្ញ​នេះ​មិន​មែន​តែ​គណបក្ស​ប្រជាជន​អ្នក​កសាង​ឯ​ណា»

យ៉ាង​ណា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ពិត​គឺ​គេ​មិន​អាច​តម្រូវ​អោយ​ព្រះមហាក្សត្រ​អង្គ​ណា​ធ្វើ​តាម​អង្គ​ណា​បាន​ឡើយ។ លោក​ថា ព្រះមហាក្សត្រ​មាន​សេរីភាព​បំពេញ​ព្រះរាជ​សកម្មភាព​ព្រះអង្គ៖ «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​អោយ​ព្រះ​អង្គ​មាន​សកម្មភាព​ខ្លាំង​ជាង​មុន។ ជា​ធម្មតា​យើង​មិន​អាច​ប្រៀបធៀប​ពី​ព្រះមហាក្សត្រ​មួយ​ទៅ​ព្រះមហាក្សត្រ​មួយ​ទេ ក៏​ប៉ុន្តែ​ព្រះអង្គ​បាន​បំពេញ​តួនាទី​ដូច​រដ្ឋធម្មនុញ្ញ​ហើយ មិន​អាច​បំពេញ​អោយ​លើស​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»

នៅ​ក្នុង​សារ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ទាំង​​អ្នក​នយោបាយ ទាំង​មន្រ្តី​រដ្ឋាភិបាល បាន​ថ្វាយ​ព្រះពរ​ព្រះអង្គ​ក្នុង​ព្រះនាម​ជា​ព្រះមហាក្សត្រ​ដែល​មាន​​ព្រះមហាករុណាទិគុណ និង​ព្រហ្ម​វិហារធម៌ ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។