សំណើ​កែប្រែ​ច្បាប់​ដើម្បី​ដកហូត​អាសនៈ​បក្ស​ប្រឆាំង​នៅ​ត្រឹម​គណៈកម្មការ​ជំនាញ​សភា

ដោយ អាស៊ីសេរី
2017-10-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​សម្រេច​លុយ​ចោល​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​សម្រេច​លុយ​ចោល​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​ដកហូត​អាសនៈ​បក្ស​ប្រឆាំង​នៅ​ពេល​រំលាយ​ចោល យក​ទៅ​ចែក​គណបក្ស​ផ្សេងៗ​ទៀត​នោះ មិនទាន់​ដល់ដៃ​សភា​ពេញ​អង្គ​នៅឡើយ​ទេ បើ​ទោះ​ជា​រដ្ឋសភា​បើក​កិច្ចប្រជុំ​កាល​អនុម័ត លើ​ច្បាប់​មួយ​ចំនួន​កាល​ព្រឹក​ថ្ងៃ​១២ ខែ​តុលា ក្ដី។ អ្នកនាំពាក្យ​រដ្ឋសភា​មិនទាន់​បញ្ជាក់​ថា សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត​នៅ​ពេល​ណា​នៅឡើយ​ទេ។

ក្រោយ​រង​សម្ពាធ​ពី​អន្តរជាតិ ដែល​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​គ្នា ប្រាប់​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ផែនការ​កម្ទេច​គណបក្ស​ប្រឆាំង។ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​យក​វិសោធនកម្ម​ច្បាប់​ចំនួន​៤ មក​អនុម័ត​ក្នុង​កិច្ចប្រជុំ សភា​នៅឡើយ​ទេ។

អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹង​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​នេះ ទើប​បញ្ជូន​ទៅ​ដល់ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ត្រួតពិនិត្យ។ វិទ្យុ​បារាំង​អន្តរជាតិ​បាន​ដក​ស្រង​សម្ដី លោក ឡេង ប៉េងឡុង ថា គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ របស់​លោក ប៉ែន បញ្ញា ជា​អ្នក​ទទួល​បន្ទុក​ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​អង្គ​សភា​ដើម្បី​អនុម័ត។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែល​មាន​ខ្លឹមសារ​ដកហូត​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ យក​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​នោះ រួមមាន​៖ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម ច្បាប់​ទាំង​បួន​នេះ គឺ​ដើម្បី​យក​អាសនៈ​របស់​គណបក្ស ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ។

ក្នុង​កិច្ច​ប្រជុំ​សភា​លើកទីមួយ​នៃ​ការ​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ដោយមាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង សភា​បាន​លើក​ឡើង​របៀបវារៈ​ចំនួន​៦ ដើម្បី​អនុម័ត​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​សេចក្ដី​ព្រាង​ស្ដីពី​ទំនាក់ទំនង​អន្តរជាតិ ក្នុង​ពេល​នោះ​សភា​ក៏​ទទួល​បាន​ព្រះរាជសារ​ព្រះមហាក្សត្រ​ដែរ។

ដូច​ការ​គ្រោងទុក​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ឯណោះ​វិញ គ្មាន​តំណាងរាស្ត្រ​ណា​ម្នាក់​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល