គណៈកម្មការ​សភា​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​២​រូប​សួរ​ពី​ការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2016.10.21
កែម ឡី ១០០​ថ្ងៃ​ ៨៥៥ ពលរដ្ឋ​ដែល​មក​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ឈរ​សម្លឹង​មើល​រូប​ថត​លោក​បណ្ឌិត ដែល​ត្រូវ​គេ​ដាក់​តាំង​នៅ​ក្នុង​វត្តចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ យុត្តិធម៌ និង​ឃាតក​ពិត ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ ឃាតកម្ម​នេះ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ដូច​ករណី​លោក ជា វិជ្ជា ទៀត ដែល​មាន​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ តែ​អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​នៅ​ឡើយ។

គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា ប្ដេជ្ញា​ថា នឹង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ដើម្បី​បំបាត់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា។

​ក្រោយ​ពី​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី រួច​រាល់ ហើយ​អ្វី​ដែល​ក្រុម​គ្រួសារ​លោក សាធារណជន​ទាមទារ និង​ចង់​ដឹង​នោះ ថា​តើ​អ្នក​ណា​ជា​ឃាតក​ពិត ហើយ​យុត្តិធម៌​នឹង​មាន​ដែរ ឬ​ទេ?

មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ហាក់​បី​ដូចជា​អស់​សង្ឃឹម​ចំពោះ​ការ​ស្វែង​រក​ពន្លឺ​នៃ​ការពិត និង​ការ​ស្វែង​រក​យុត្តិធម៌ ដោយសារ​ករណី​ជា​ច្រើន​នៅ​កម្ពុជា ដែល​គេ​ចាត់​ទុក​ថា ជា​ឃាតកម្ម​នយោបាយ​នោះ តុលាការ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​រក​មិន​ឃើញ​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​១ នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សួរ​នាំ​អំពី​ដំណើរការ​ស៊ើបអង្កេត​នេះ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ក្រៅ​ពី​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ ក៏​នឹង​សួរនាំ​ករណី​ផ្សេងៗ​ទៀត​ដែរ៖ «សោកស្ដាយ​មែន​ទែន ៣​ខែ​ជាង​នេះ ការ​ស៊ើប​អង្កេត​ហាក់​ដូច​គ្មាន​អ្វី​ថ្មី និង​គ្មាន​អី​ប្លែក​ទាល់តែសោះ។ ខ្ញុំ​បារម្ភ​ទៅ​ទៀត ឈ្មោះ ជួប សម្លាប់ ហ្នឹង​អាច​គេ​ដោះលែង​ទៅ​ទៀត ដោយសារ​តែ​អាច​មាន​រឿង​ច្រើន ដូច​យើង​ដឹង​ហើយ​ថា បើសិនជា​គេ​ថា មនុស្ស​សរសៃប្រសាទ​អាច​នឹង​បាត់​ដាន ហើយ​ឃាតក​សុវត្ថិភាព​គេ​មិន​ត្រូវ​បាន​បញ្ចេញ​ទៅ​ទៀត ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​រដ្ឋ​សភា ខ្ញុំ​នឹង​ជំរុញ ធ្វើ​យ៉ាង​ណា​ត្រូវ​ស្វែង​រក​ឃាតក​ពិត​ហ្នឹង​ឲ្យ​បាន»

​ឆ្លើយ​តប​នឹង​ករណី​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ពិនិត្យ​មើល​លិខិត​កោះហៅ​រដ្ឋមន្ត្រី​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​រដ្ឋ​សភា ប្រសិនបើ​ជា​គណៈកម្មការ​នេះ​ដាក់​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ៖ «បើ​សិន​ជា​ប្រមុខ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ទៅ​បំភ្លឺ គឺ​ក្រុម​ការងារ​រដ្ឋមន្ត្រី​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ដូច​សព្វដង ដែល​យើង​ធ្វើ​កន្លង​មក»

​ក្រៅ​ពី​នេះ​ទៀត លោក អេង ឆៃអ៊ាង សង្កត់​ធ្ងន់​ថា បើសិនជា​រដ្ឋាភិបាល​ចង់​ឲ្យ​បញ្ឈប់​នូវ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឃាតកម្ម​មួយ​ចំនួន​លើ​មនុស្ស​សំខាន់ៗ​មួយ​ចំនួន ដូចជា​ករណី​លោក ជា វិជ្ជា សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី និង​ករណី​ផ្សេងៗ​ទៀត ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​នោះ រដ្ឋាភិបាល​ត្រូវតែ​ពន្លឿន​ស្វែង​រក​ការ​ពិត៖ «យើង​មាន​ការ​សោកស្ដាយ​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្លាប់​ចំពោះ​អ្នក​នយោបាយ សិល្បករ អ្នក​សារព័ត៌មាន ហើយ​រួម​ចុង​ក្រោយ គឺ​លោក​បណ្ឌិត កែម ឡី តែម្ដង ឲ្យ​តែ​មាន​ការ​និយាយ​ការ​ថ្លាថ្លែង តែ​មាន​ការ​ចោទ​ប្រកាន់​លើ​អ្នក​និយាយ ដូច្នេះ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​នេះ សូម​រដ្ឋាភិបាល​វែកមុខ​ឃាតក​នេះ​ឲ្យ​ឃើញ​ទៅ ប្រជាពលរដ្ឋ​នឹង​អស់​ចិត្ត​ហើយ»

​ឃាតកម្ម​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល និង​តុលាការ​បាន​ខិតខំ​ស្វែង​រក​ឃាតក​ពិត។ ករណី​ខ្លះ​បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ ខ្លះ​មាន​រយៈពេល​ជិត ២០​ឆ្នាំ តែ​យុត្តិធម៌ នៅ​មិន​ទទួល​បាន​នៅ​ឡើយ​សម្រាប់​គ្រួសារ​ជនរងគ្រោះ​នោះ មាន​ដូចជា​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជួ ជេដ្ឋារិទ្ធិ និពន្ធ​នាយក​រង​នៃ​វិទ្យុ​តា​ព្រហ្ម​របស់​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្បែរ​ស្ថានីយ​វិទ្យុ នៅ​ខែ​តុលា ឆ្នាំ​២០០៣ និង​អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី  លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ និង​ករណី​បាញ់​សម្លាប់​សិល្បករ​ដ៏​ល្បី​ឈ្មោះ លោកស្រី ពិសិដ្ឋ ពីលីកា ជាដើម។

ទាក់ទង​នឹង​ករណី​នេះ លោក ជិន ម៉ាលីន ឆ្លើយ​តប​ថា សំណុំ​រឿង​ទាំង​នេះ តុលាការ​កំពុង​តែ​បន្ត​នីតិវិធី​ស៊ើប​អង្កេត។ ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ករណី​យឺតយ៉ាវ​ស្វែង​រក​ឃាតក​ពិត​នេះ អាច​មក​ពី​តុលាការ​រង​សម្ពាធ​នយោបាយ ឬ​មន្ត្រី​តុលាការ និង​សមត្ថកិច្ច​អសមត្ថភាព?

លោក ជិន ម៉ាលីន ពន្យល់​ថា ករណី​ឃាតកម្ម​ទាំង​នេះ គេ​មិន​គិត​ពី​រឿង​នយោបាយ ឬ​មិន​នយោបាយ​ទេ សំខាន់​សមត្ថកិច្ច និង​មន្ត្រី​តុលាការ​កំពុង​ខិតខំ​ស្វែងរក​ឃាតក និង​អ្នក​ពាក់ព័ន្ធ៖ «ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​យើង​ខំ​ប្រឹងប្រែង​យ៉ាង​ម៉េច​ឲ្យ​អស់ពី​សមត្ថភាព​ទៅ​តាម​បច្ចេកទេស និង​សមត្ថកិច្ច​ជំនាញ​របស់​ខ្លួន​រៀងៗ​ខ្លួន ហើយ​ទៅ​តាម​បទបញ្ញត្តិ​ដែល​ច្បាប់​មាន​ជា​ធរមាន។ យើង​មិន​ដឹង​ថា រឿង​ហ្នឹង​នយោបាយ​មិន​នយោបាយ​អី​ទេ»

​ទោះ​បី​ជា​បែប​នេះ​ក្ដី បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក បទឧក្រិដ្ឋ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា បាន​កើត​ឡើង​មិន​ចេះ​ចប់​ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​កងទ័ព​រាជា​និយម​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ដើម​ខែ​កក្កដា ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើគត​ព្រះសង្ឃ និង​អ្នក​សិល្បៈ រួម​នឹង​ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋ​សភា​សម្លាប់​មនុស្ស ១៦​នាក់។

បទឧក្រិដ្ឋ​ទាំង​នេះ​សុទ្ធសឹងតែ​ធ្វើ​ឡើង​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃ​ដល់​ទាំង​នោះ​​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។ ដូច្នេះ​ឆ្លង​តាម​ហេតុការណ៍​ជា​ច្រើន​ដែល​លើក​បង្ហាញ​នេះ មហាជន​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ឬ​ក៏​គេ​អាច​និយាយ​បាន​ថា “ផ្ដល់​យុត្តិធម៌​សម្រាប់​តែ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច" ហើយ​និយាយ​ឲ្យ​ត្រង់​គឺ "គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ”។

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា និង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ មាត្រា​៣២ បញ្ជាក់​ថា ជន​គ្រប់រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សិទ្ធិ​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោស​ប្រហារ​ជីវិត​មិន​ត្រូវ​ឲ្យ​មាន​ឡើយ។

ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នេះ ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ មាន​ការ​ភ្ញាក់​ផ្អើល និង​ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ។ នៅ​ក្នុង​ពិធី​បុណ្យ​ខួប​គ្រប់​ខួប ១០០​ថ្ងៃ នៅ​វត្ត​ចាស់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា អ្នក​ចូល​រួម​ជា​ច្រើន​បាន​ស្នើ​សុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី នៅ​ពេល​អ្នកស្រី​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នោះ។

ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​លោក​បណ្ឌិត កែម ឡី បាត់​រូប​កាយ​លើ​លោកិយ តែ​ឧត្ដម​គតិ​របស់​លោក​មិន​បាត់បង់​នោះ​ឡើយ៖ «ចាំ​រហូត ចាំ​ឧត្ដម​គតិ​គាត់ ជា​ឧត្ដម​គតិ​ខ្មែរ គាត់​ជា​បណ្ឌិត​មួយ​ដែល​ល្អ​សម្រាប់​ប្រទេស​ខ្មែរ​យើង»

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​រួប​រួម​ជាតិ​ដើម្បី​យុត្តិធម៌​មាន​ថេរដីកា​ថា ព្រះអង្គ​បាន​រៀបរាប់​ជូន​អ្នកស្រី រ៉ូណា ស្មីត អំពី​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត កែម ឡី។ ព្រះអង្គ​បន្ថែម​ថា ព្រះអង្គ​ក៏​លើក​ពី​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី នេះ​ដែរ៖ «អ្នកស្រី រ៉ូណា ស្មីត គាត់​គោរព​ឆន្ទៈ​ចំពោះ​ការ​លះបង់​របស់​លោក​បណ្ឌិត កែម ឡី ហើយ​ខាង​គណៈកម្មការ​យើង​រំលឹក​ថា ចង់​បាន​គណៈកម្មការ​ចម្រុះ​ដើម្បី​ស្វែង​រក​យុត្តិធម៌​​ចំពោះ​អតីត​ឧត្ដម​ទីប្រឹក្សា​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះអង្គ​ក៏​ប្ដេជ្ញា​ព្រះទ័យ​ថា ព្រះអង្គ​នឹង​ធ្វើ​ម្យ៉ាង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​លោក កែម ឡី នេះ តែ​ផែនការ​យ៉ាង​ណា​ជាក់លាក់​អំពី​ការ​ស្វែង​រក​យុត្តិធម៌​នេះ ព្រះអង្គ​មិន​ទាន់​បង្ហើប​នៅ​ឡើយ៖ «បើ​សិន​ជា​តុលាការ​ជាតិ មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក កែម ឡី អាច​បង្វែរ​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ហើយ​ខ្ញុំ​កំពុង​ស្វែង​រក​ផ្លូវ​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ស្វែង​រក​យុត្តិធម៌»

​សារព័ត៌មាន​អាស៊ាន ធូដេយ៍ (ASEANToday) សរសេរ​ថា ពន្លឺ​នៃ​ក្ដី​សង្ឃឹម​មាន​តិចតួច​ដែល​ថា រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ សារព័ត៌មាន​នេះ​រាយការណ៍​ទៀត​ថា មនុស្ស​ជា​ច្រើន​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ដោយ​រំលឹក​ពី​និទណ្ឌភាព ឬ​ការ​មិន​ចាប់​ឃាតក​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។

​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។

​លោក អេង ឆៃអ៊ាង មិន​ទាន់​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​តើ​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​មហាផ្ទៃ នៅ​ពេល​ណា​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា នឹង​ធ្វើ​ឆាប់ៗ​នៅ​ពេល​សមាជិក​សភា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។