ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​សម្រួល​ដល់​ពលករ​ក្រៅ​ប្រទេស​នៅ​មាន​ភាព​ស្រពេចស្រពិល

ដោយ សាន សែល
2017-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
RFA

នៅ​ថ្ងៃ​ទី​២ ខែ​សីហា គ.ជ.ប បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​បី​ថ្ងៃ ដល់​មន្ត្រី​របស់​ខ្លួន តំណាង​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដីពី​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧។

បើ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា គ.ជ.ប នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​បម្រើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។ ការ​បោះ​ឆ្នោត​ដែល​ស្ទើរ​គ្រប់​គ្នា​តាម​ដាន។

បើ​តាម​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មន្ត្រី​ចំនួន ៣.៤៩២​នាក់ នឹង​សម្របសម្រួល​កិច្ចការ​ការងារ​នេះ។ ក៏ប៉ុន្តែ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​គ្រោង​ចំណាយ​សម្រាប់​រៀបចំ​ដំណើរ​ការ​នេះ លោក​មិន​ទាន់​បញ្ជាក់​បាន​ទេ ដោយសារ​មិន​ទាន់​ទទួល​បាន​តួលេខ​ពី​មន្ត្រី​គ្រប់គ្រង​ផ្នែក​ថវិកា។

លោក ហង្ស ពុទ្ធា ថ្លែង​បញ្ជាក់​ថា ការ​បណ្ដុះបណ្ដាល​ប៉ុន្មាន​ថ្ងៃ​នេះ នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ ពិសេស​ការ​សម្រួល​បច្ចេកទេស ដូចជា​ស្នាម​ក្រយៅដៃ«លក្ខណៈ​បច្ចេកទេស គឺ​មាន​ភាព​សុក្រឹត​ជាង​មុន។ ពី​មុន​អាច​មាន​ការ​ថត​រូបថត ក្រយៅដៃ​អ្នក​ផ្សេង ឥឡូវ​កម្មវិធី​រៀបចំ​ហើយ គឺ​មិន​អាច​មាន​ការ​ច្រឡំ​បែប​ហ្នឹង​ទៀត»

អតីត​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ និង​ជា​បេក្ខជន​ដាក់​ពាក្យ​បម្រើការ​នៅ​លើក​នេះ​ទៀត ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ការ​បណ្ដុះបណ្ដាល និង​ណែនាំ​ផ្នែក​បច្ចេកទេស​ដល់​មន្ត្រី​មូលដ្ឋាន​របស់ គ.ជ.ប ពេល​កន្លង​មក មាន​ភាព​ច្បាស់លាស់ និង​ងាយស្រួល​យល់។

ក៏ប៉ុន្តែ​អតីត​មន្ត្រី​រូប​នេះ សង្កេត​ឃើញ​ថា មាន​មន្ត្រី​មួយ​ចំនួន​តូច​ដែល​អះអាង​ថា មាន​បទពិសោធន៍​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​បណ្ដុះបណ្ដាល បាន​ធ្វើ​ការ​ខ្វះ​ចន្លោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស រំឭក​ថា កាល​ពី​ការ​ចុះ​ឈ្មោះ​ឆ្នោត​ឆ្នាំ​២០១៦ មន្ត្រី​របស់ គ.ជ.ប មួយ​ចំនួន ខ្វះ​សមត្ថភាព មិន​ទាន់​អាច​បំពេញ​កិច្ចការ​បាន​ត្រឹមត្រូវ ដូច​មាន​ចែង​ក្នុង​បទបញ្ជា និង​នីតិវិធី​របស់ គ.ជ.ប«អ្នក​ខ្លះ​ធ្វើ​ការងារ​ក្នុង​ការ​ចុះ​ឈ្មោះ​មិន​ទាន់​ចប់​ផង គាត់​ដើរ​ទៅ​ណោះ ហើយ​អ្នក​ផ្សេង​ថត​ជំនួស។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា​ព័ត៌មាន​ទិន្នន័យ​របស់​មនុស្ស "" បែរ​ជា​រូបភាព​របស់​មនុស្ស "" ចឹង​ទៅ»

ពលរដ្ឋ​កម្ពុជា ប្រមាណ ២​លាន​នាក់ ត្រូវ​បាន គ.ជ.ប រំពឹង​ថា នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧។ ក្នុង​ចំនួន​នេះ មាន ១,២​លាន​នាក់ ជា​ពលរដ្ឋ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​សល់​ពី​នេះ គឺ​ជា​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ ដែល​មាន​សិទ្ធិ​ចុះឈ្មោះ​បោះ​ឆ្នោត។

តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ប្រសិនបើ​ពួកគេ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​អាច​បោះឆ្នោត​បាន។

បើ​ទោះ​ជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​ជជែក​គ្នា​រវាង​សង្គម​ស៊ីវិល គ.ជ.ប និង​គណបក្ស​នយោបាយ ស្ដីពី​ការ​បើក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​បរទេស នៅ​ថ្ងៃ​ទី​២ ខែ​សីហា នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា អ្វីៗ​នៅ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង«ជា​គោលការណ៍​ច្បាប់ គ..ប នៅ​តែ​មិន​អាច​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​តាម​ជាយដែន ឬ​ក៏​នៅ​តាម​ស្ថានទូត​បាន​នោះ​ទេ»

លោក​បន្ថែម​ថា គ.ជ.ប គ្រោង​បញ្ជូន​របាយការណ៍​ការងារ​ទៅ​សភា ក៏ប៉ុន្តែ​លោក​មិន​ច្បាស់​ថា នឹង​មាន​ដាក់​ចំណុច​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់ ដើម្បី​បើក​ផ្លូវ​ឲ្យ​បើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ«..ប កំពុង​រៀបចំ​នូវ​របាយការណ៍​របស់​ខ្លួន តែ​របាយការណ៍​មិន​មែន​សំដៅ​លើ​ចំណុច​មួយ​ហ្នឹង​ទេ។ វា​គឺ​ជា​របាយការណ៍​រួម​ទាំងអស់​តែ​ម្តង»

​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ជំរុញ គ.ជ.ប ផ្ញើ​របាយការណ៍​នេះ​ឲ្យ​បាន​ឆាប់«ហើយ​បើ​សិន​គាត់​មាន​បញ្ហា​អី យើង​សុំ​ឲ្យ គ..ប ធ្វើ​របាយការណ៍​មក​រដ្ឋសភា ដើម្បី​ឲ្យ​រដ្ឋសភា​ពិចារណា​ក្នុង​ការ​កែលំអ​ច្បាប់ បាន​គាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ។ មក​ដល់​ថ្ងៃ​នេះ គាត់​មិន​ធ្វើ​របាយការណ៍ ហើយ​ចេះ​តែ​និយាយ​ដដែលៗ ថា​ធ្វើ​មិន​បាន បង្កើត​ការិយាល័យ​មិន​បាន។ បើ​ខ្វះ​មធ្យោបាយ ហើយ​ត្រូវការ​អ្វី​នោះ ឲ្យ​យើង​ដឹង ពីព្រោះ​នេះ​ជា​ការងារ​ដែល​រដ្ឋសភា​អាច​សម្រួល​ឲ្យ​បាន​ជាមួយ​នឹង​រដ្ឋាភិបាល»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន យល់​ឃើញ​ថា វា​ដូចជា​មិន​ចាំបាច់​ត្រូវ​កែប្រែ​ច្បាប់​បោះឆ្នោត​នោះ​ទេ។ លោក​ថា ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ដែល​កើត​ចេញ​ពី​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បាន​ហុច​ផល​ល្អ ដូចជា​ការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ថ្មីៗ​នេះ មាន​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ជាង ៩០​ភាគរយ​ជាដើម«ខ្ញុំ​យល់​ជា​អត្តនោម័តិ​របស់​ខ្ញុំ​ទេ បើ​យើង​អនុវត្ត​ល្អ​ហើយ គួរ​អនុវត្ត​បន្ត​ទៅ​ទៀត មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​អី​ទេ។ តែ​បើ​ករណី​តំណាងរាស្ត្រ​ណា​ម្នាក់ ឬ​ពីរ​នាក់ ឬ​បី​នាក់ ចង់​ធ្វើ​វិសោធនកម្ម​ឲ្យ​គាត់​ព្រាង​សេចក្តី​ស្នើ​ច្បាប់​នេះ​ទៅ ដាក់​ទៅ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទៅ ដើម្បី​លោក​ពិនិត្យ​សម្រេច​តាម​ហ្នឹង»

កាល​ពី​ឆ្នាំ​២០១៦ គ.ជ.ប បាន​សម្រួល​ដល់​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយ​ការ​បើក​ការិយាល័យ​នៅ​តាម​ព្រំដែន។

ទោះ​ជា​យ៉ាង​ណា លោក កន សាវាង្ស នៃ​អង្គការ​ខុមហ្វ្រែល សង្កេត​ឃើញ​ថា ពលករ​បាន​ប្រឈម​នឹង​បញ្ហា​ថវិកា និង​ឯកសារ«កន្លង​មក គ..ប ថា​បាន​បើក។ យើង​ទទួលស្គាល់​ថា គ..ប បាន​បើក​ឱកាស​នៅ​តាម​ព្រំដែន​ថៃ។ ប៉ុន្តែ​ឧបសគ្គ​មួយ​ចំនួន​ហ្នឹង គឺ​ថា​វា​អត់​មាន​ការ​ចូលរួម អត់​មាន​ការ​ចូលរួម​ដោះស្រាយ។ ឧទាហរណ៍​ថា ប្រជាពលរដ្ឋ​មក​ហើយ​នៅ​ខ្វះ​អា​នេះ ខ្វះ​អា​នោះ នៅ​មាន​បញ្ហា​នេះ បញ្ហា​នោះ ដូចជា​ការ​បង់​លុយ​បង់​កាក់។ នេះ​ហើយ​ជា​បញ្ហា​នៃ​ឧបសគ្គ»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ដំណើរការ​រយៈពេល ៧០​ថ្ងៃ ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ពលរដ្ឋ​ប្រមាណ ៧,៨លាន​នាក់ ក្នុង​ចំណោម ៩,៦លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល ៩០​ថ្ងៃ កាល​ពី​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី FRANCE

នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណា
ចក្រកម្ពុជា មាត្រា៣៣ចែងថាៈ​ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេស ត្រូវបានរដ្ឋគាំពារ ហើយ មាត្រា
៥១ថ្មី ក៏បានចែងដែរថាៈ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាស
នានៃប្រទេសជាតិខ្លួន ។​ គជប​ រំពឹងទុកថាមានពល
រដ្ឋ២លាននាក់នឹងទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧
ចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី៩វិច្ឆិកា នៅក្នុងនោះមាន១
លាន២សែននាក់ ជាពលរដ្ឋធ្វើការនៅក្រៅប្រទេស ។
យើងយល់ថា ការ​រារាំងឬការមិនចាត់វិធានការណ៍អ្វីដើម្បីឲ្យជនជាតិខ្មែរចំនួន១លាន២សែននាក់សម្រេចវាសនាជាតិខ្លួនដោយខ្លួនឯង ជាការរំំលោភរដ្ឋធម្មនុញ្ញយ៉ាងចំហរ ហើយជាទង្វើមាននិន្នាការលំអៀង ។
ដូច្នេះ យើងសូមអំពាវនាវឲ្យ គជប អង្គការសង្គមស៊ី
វីល​ យុវជន​ ជាពិសេស​ អ្នកតំណាងរាស្ត្រទាំងគណបក្ស
កាន់អំណាច និង គណបក្សប្រឆាំង ដែលមានសិទ្ធិធ្វើ
វិសោធនកម្មច្បាប់បោះឆ្នោត​ (មាត្រា៤៩នៃរដ្ឋធម្មនុញ្ញ
ចែងថាៈតំណាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់)
ធ្វើយ៉ាងដូចម្ដេចឲ្យប្រជាពលករខ្មែរយើងទាំងអស់នេះ
មានសិទ្ធិបោះឆ្នោតផង ពុំនោះសោតទេ​ យើងទាំងអស់
គ្នានឹងមានការទទួលខុសត្រូវធំណាស់ ចំពោះប្រវត្តិសាស្ត្រនៃមាតុភូមិយើង​៕



Aug 05, 2017 12:47 PM

គេហទំព័រ​ទាំងមូល