អនុប្រធាន​បក្ស​ប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា​កំពុង​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់

ដោយ អាស៊ីសេរី
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកស្រី មូរ សុខហួរ (ឆ្វេង​កាន់​មេក្រូ) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និងតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង ជួបជុំ​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
អ្នកស្រី មូរ សុខហួរ (ឆ្វេង​កាន់​មេក្រូ) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និងតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង ជួបជុំ​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

អនុប្រធាន​បក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខ​ហួរ ចោទ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​កំពុងតែ​រៀបចំ​សេណារីយ៉ូ ដើម្បី​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ នេះ។ អ្នកស្រី​ថ្លែង​ដូច្នេះ ខណៈ​ដែល​អ្នកស្រី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់ រួម​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លេចធ្លោ​មួយ​ចំនួន​ទៀត កំពុង​បន្ត​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ ដើម្បី​បញ្ចៀស​ពី​ការ​ចាប់​ខ្លួន ដោយ​ករណី​ណាមួយ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុងតែ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​មកដល់។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់​ជិត ២០ រូប​ហើយ ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ខណៈ​ក្រុម​មន្ត្រី​មួយ​ចំនួន​ទៀត កំពុង​ត្រៀម​នឹង​បន្ត​ចាកចេញ​ជា​បណ្តើរ​ៗ​បន្ថែម​ទៀត។

អ្នកស្រី​ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា នេះ ក្រោយ​ពេល​អ្នកស្រី​បាន​ចាកចេញ​ផុត​ពី​ទឹកដី​កម្ពុជា​ភ្លាមៗ ថា ក្នុងចំណោម​អ្នក​ភៀសខ្លួន​ទាំងនោះ រួមមាន​រូប​អ្នក​ស្រី​ផ្ទាល់ និង​លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត។

អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មិន​មែនមាន​ត្រឹមតែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណឹង​ទេ ដែល​បាន​ចាកចេញ ឬ​ត្រៀម​នឹង​ចាក​ចេញពី​កម្ពុជា​នោះ ក្នុង​នោះ​គឺ​នៅ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លេចធ្លោ​ដទៃ​ទៀត​មួយ​ចំនួន​ផង​ដែរ ដែល​កំពុងតែ​រស់​នៅ​ក្នុង​សភាព​ភ័យខ្លាច ក៏​ត្រៀម​នឹង​ចាក​ចេញ​មក​ក្រៅ​ប្រទេស​ជា​បណ្ដើរ​ៗ​ហើយ​ដែរ។

យ៉ាងណាក៏ដោយ អ្នកស្រី​បញ្ជាក់​ដោយ​សម្ភី​សង្កត់​ធ្ងន់ៗ​ថា ការ​ចាក​ចេញ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​បង្ខំចិត្ត ដោយ​ភាព​ក្រៀមក្រំ និង​ថា មិនមែន​ជា​ជម្រើស​របស់​ពួកគេ​ឡើយ ត្បិត​ពួកគេ​មានការ​បារម្ភ​ភ័យខ្លាច​ពិតប្រាកដ ជាពិសេស​គឺ​គ្មាន​អ្នកណាម្នាក់​ចង់​ចាកចេញ​ចោល​មាតុភូមិ ឬ​ក្រុម​គ្រួសារ​នោះ​ឡើយ។ អ្នកស្រី​ថា ការភ័យខ្លាច​អំពី​ការ​គំរាម​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ គឺ​មិនមែន​ជា​ការភ័យខ្លាច​តែ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ​ទេ តែ​គឺជា​ការភ័យខ្លាច និង​កង្វល់​ជាពិសេស​ដើម្បី​បុព្វហេតុ​នៃ​អាយុជីវិត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ជា​រួម។ អ្នកស្រី​បង្ហើប​ថា ក្រុម​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នោះ ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ផ្សេងៗ​គ្នា ដើម្បី​ដកឃ្លា​មួយ​រយៈ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រទេសជាតិ។ បច្ចុប្បន្ន អ្នកស្រី​ថា ពលរដ្ឋ​ក្នុង​ប្រទេសជាតិ​ទាំងមូល កំពុងតែ​រស់នៅ​ដោយ​គ្មាន​អ្នកតំណាង​របស់​ពួកគេ ដែល​ហ៊ាន​ប្រឈម​នឹង​ការភ័យខ្លាច និង​ទុក្ខ​លំបាក​របស់​ម្ចាស់​ឆ្នោត​ទាំងមូល៖ «បើសិនជា​ចាប់​ខ្ញុំ​ម្នាក់ មួយ​រូប មិន​ថ្វី​ទេ​។ បើ​សិន​ជា​មាន​តុលាការ​ពិតប្រាកដ ខ្ញុំ​មិន​ខ្លាច​ទេ គ្មាន​អ្នកណា​គេ​ខ្លាច​ទេ ព្រោះ​យើង​អត់​មាន​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់ ឬមួយ​ក៏​យើង​ជា​អ្នក​ជន​ក្បត់ជាតិ។ ក៏ប៉ុន្តែ យើង​ឃើញ​ថា អ្នក​ដែល​ចោទប្រកាន់​យើង អ្នក​ដែល​ដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ ហួស​និស្ស័យ​នឹង​ការ​គិត​ហើយ គឺ​គិតតែ​ឃើញ​តែ​ពី​សត្រូវ​ពេញ​ខ្លួន​ហើយ ជុំ​ខ្លួន​ហើយ​។ ដូច្នេះ នៅ​ពេល​ដែល​អ្នកនោះ​គិតតែ​ពី​ឃើញ​ថា ខ្មែរ​ជាស​ត្រូវ​ហើយ គ្រោះថ្នាក់​ណាស់!»

បន្ទាប់ពី​បាត់​ដំណែង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អស់​ប្រមាណ​ជាង ៥​ពាន់​អាសនៈ ទៅ​គណបក្ស​សង្គ្រោះ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្តើម​យុទ្ធនាការ​ជា​ប្រព័ន្ធ​ដើម្បី​កម្ទេច​គណបក្សប្រឆាំង បិទ​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បណ្ដេញ​អង្ក​ការ​អន្តរជាតិ​មួយ​ចំនួន ដែល​ធ្វើការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ចេញពី​កម្ពុជា​ផង។

លោកនាយក​រដ្ឋមន្ត្រី​ដែល​ធ្លាប់តែ​អះអាង​ថា ដឹកនាំ​ប្រទេស​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ ឥឡូវនេះ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កត់​សម្គាល់​ថា កំពុងតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ខ្លាច​ចាញ់ ឬ​យុទ្ធសាស្ត្រ​ចង​ជើង​គូប្រកួត​មុន​មុន​ការ​រត់​ប្រណាំង។

តុលាការ​កម្ពុជា​ដែល​គេ​ដឹង​ថា ធ្វើការ​តាម​ចង្អុល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ក្រោម​ការ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ទាំង​កណ្ដាល​អធ្រាត្រ។ មួយ​ខែ​គត់​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក កឹម សុខា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​មាន​ជា​បន្តបន្ទាប់​ទៀត៖ «យើង​មិន​ផ្ដល់​ឱកាស​ដាច់ខាត​ហើយៗ យើង​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​តទៅទៀត មិនមែន​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ។ សុំ​ផ្ដាំ​ឲ្យ​ហើយ​! ព្រោះ​នេះ​ជា​ការ​រៀបចំ និង​ធ្វើ​សកម្ម​ភាពជា​ប្រព័ន្ធ​តែម្ដង​។ ដូច្នេះ ខ្ញុំ​និយាយ​ប៉ុណ្ណេះ​អាច​យល់​បាន​... អ្នកដទៃ​អាច​យល់​បាន ហើយ​កំពុងតែ​ប្រើ​ភាព​ជម្លើយ​នៅ​តំបន់​បី​ខេត្ត​រួចហើយ កំពង់ធំ ព្រះវិហារ និង​ម្សិលមិញ​នៅ​សៀមរាប​ហ្នឹង​តែម្ដង។ ការរៀបចំ​សកម្ម​ភាពជា​ប្រព័ន្ធ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកឯង​បន្ត​នូវ​អំពើ​ក្បត់ និង​បំផ្លាញ​ជាតិ បំផ្លាញ​សន្តិសុខ​នោះ​ទេ»

ជាទូទៅ​ការ​គំរាម​ទាំងឡាយ​ដែល​ចេញពី​មាត់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់ រាប់ទាំង​ស្ថាប័ន​តុលាការ​ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​ឯករាជ្យ​ផង។

កន្លងមក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន និង​ព្រលយ​ផង​ដែរ​អំពី​ការ​ធ្វើ​បត្យាប័ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រត់​គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ ឲ្យ​ត្រលប់​មកកាន់​កម្ពុជា​វិញ​ផង​ដែរ៖ «ជា​តំណាងរាស្ត្រ​ដែល​រត់​ចេញទៅ​ប្រទេស​ថៃ​ពី​ម្សិលមិញ គួរ​ត្រលប់​មកវិញ​... ខ្លួនឯង​មាននៅ​ក្នុង​បញ្ជី​នៃ​ការចែក​នំប៉័ង​ឆ្នាំ​២០១៣ ហើយ​ក៏​មាន​មួយ​ចំនួន​ចេះតែ​ចាកចេញ។ មាន​អ្នក​ដែល​ខ្លាំង​ក្លាហាន មាន​អ្នក​ក៏​ភ័យ​ដែរ ព្រោះ​រឿង​វា​មិន​តូច។ អ៊ីចឹង​ទេ​កុំ​ស្មានថា ឆ្លងដែន​ពី​ម្សិលមិញ គេ​មិន​ដឹង ... ហើយ​បើសិនជា​គេ​ត្រូវ​ការ​យក យើង​ក៏​អាច​សហការ​ជាមួយ​ប្រទេស​ថៃ ដើម្បី​នាំ​ខ្លួន​ត្រលប់​មកវិញ​បាន​ដែ»

ក្រៅពី​ការ​លើក​ឡើង​ពី​ខាង​លើ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដដែល​នេះ ក៏បាន​ថ្លែង​ទទួលស្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​របស់​លោក កំពុង​រៀបចំ​សេណារីយូ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​តែម្ដង ពោល​គឺ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មកដល់។ អ្នកស្រី​អះអាង​ថា នេះ​គឺជា​ការ​ចំអក​ឡកឡឺយ ជាន់​ឈ្លី និង​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣ លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៣ និង​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ នា​ពេល​កន្លងទៅ៖ «ជា​ការ​ត្រឹមត្រូវ​ណាស់ សំឡេង និង​ឆន្ទៈ​នៃ​ប្រជាពលរដ្ឋ​យើង ដែល​លោក​ខិតខំ​ទៅ​ចុះឈ្មោះ​បោះឆ្នោត លោក​ខិតខំ​ទៅ​បោះឆ្នោត គឺជា​សំឡេង​ដែល​យើង​ត្រូវតែ​គោរព​! មិន​មែន​ជា​ក្រដាស​ដែល​យើង​យក​មក​ហែក​ហើយ រុំ ឬក៏​ដុំ​ស្ករ​ដែល​យើង​យក​មក ចែក​គ្នា​ញាំ​ទេ​។ មិនមែន​អ៊ីចឹង​ទេ។ ជា​ឆន្ទៈ​ពលរដ្ឋ​យើង។ ឥឡូវ​ខ្ញុំ​សួរ ខ្ញុំ​សួរ​ដដែល​ហើយ​ដដែល តើ​សំឡេង​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ តើ​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​ដទៃ​ទៀត​ដែល​គំរាម​ថា នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង តើ​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ដែល​មាន​សំឡេង​ជាង ៣​លាន​នាក់​ហ្នឹង​ទេ​? បាន​គោរព​សំឡេង​ជាង ៣​លាន​នាក់​ហ្នឹង​ទេ​? ហើយ​បើសិនជា​សំឡេង​ទាំង​បី​លាន ក្រោក​ឈរ​ឡើង​ទាមទារ តស៊ូ​មតិ បង្កើត​ឲ្យ​មានការ​... អ្វី​ទៀត​ដែល​យើង​មើល​មិន​ឃើញ តើ​ជាតិ​យើង​ទៅដល់​ណា​? ខ្ញុំ​សង្ឃឹមថា មិន​ដល់​ហ្នឹង​ទេ ប៉ុន្តែ ប្រសិនបើ​ធ្វើ​ឲ្យ​ហួសពេក យើង​ត្រូវតែ​គិតពិចារណា​កុំ​ឲ្យ​បញ្ហា​នោះ​ធំ​ទៅៗ»

យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខ​ហួរ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក ជាពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ មិន​ត្រូវ​អស់សង្ឃឹម​ឡើយ ហើយ​ត្រូវ​បន្ត​បំពេញការងារ​តទៅ​មុខ​ទៀត។ អ្នកស្រី​ថា ពលរដ្ឋ​នៅ​តែ​មាន​ឆន្ទៈ​ខ្ពស់ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា អ្នកស្រី​នឹង​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា ត្រូវ​មាន​ការទទួលខុសត្រូវ​រួមគ្នា​ចំពោះ​ជោគវាសនា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hun Sen should know better" No Justice No peace" soon or later Cambodia will have war one again.

Oct 04, 2017 07:37 AM

គេហទំព័រ​ទាំងមូល