មន្ត្រី​គ.ជ.ប​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​យក​រឿង​នយោបាយ​មក​ពាក់ព័ន្ធ​ជាមួយ​គ.ជ.ប

ដោយ អាស៊ីសេរី
2017-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
Photo: RFA

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​ភ្ជាប់​រឿង​នយោបាយ​ទៅ​នឹង​ការងារ​របស់ គ.ជ.ប។ គ.ជ.ប បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​២០១៧ និង​ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​អព្យាក្រឹត្យ​ស្រប​តាម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា គ.ជ.ប ធ្វើ​ការងារ​គោរព​ទៅ​តាម​ការ​កំណត់​នៃ​ច្បាប់ និង​ការងារ​បច្ចេកទេស​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នយោបាយ​ឡើយ។ លោក​ថា កន្លង​មក​គឺ​អ្នក​សារព័ត៌មាន​តែងតែ​ភ្ជាប់​ការងារ​របស់ គ.ជ.ប ទៅ​ជា​រឿង​នយោបាយ៖ «អ្នក​សារព័ត៌មាន​ខ្លួន​ឯង គឺ​ដឹង​រឿង​ខ្លួន​ឯង​ហើយ មិន​ចាំ​ខ្ញុំ​ឆ្លើយ​សំណួរ​នេះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​មិន​ចង់​និយាយ​រឿង​នយោបាយ»

ការ​លើក​ឡើង​ពី​មន្ត្រី គ.ជ.ប នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ លោក ហង្ស ពុទ្ធា បន្ត​ថា គ.ជ.ប នឹង​ក្រើនរំលឹក​ឱ្យ​អ្នក​សារព័ត៌មាន​គោរព​តាម​ក្រមសីលធម៌ ប៉ុន្តែ​ក៏​អាច​ពិចារណា​ផ្លូវច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដែរ៖ «ប៉ុន្តែ គ.ជ.ប មិន​មាន​បំណង​ទេ យើង​ចង់​ឱ្យ​ការ​បោះឆ្នោត​ធ្វើ​អោយ​រលូន ហើយ​យើង​មិន​ចង់​ឱ្យ​ការ​បោះឆ្នោត​មួយ​ដើម្បី​ដាក់​ទោស​អ្នក​ព័ត៌មាន​ទេ»

គ.ជ.ប បាន​ឱ្យ​ដឹង​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ចាត់​ចូល​ជា​ការ​រំលោភ​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ដូចជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​ភ័ន្តច្រឡំ​នាំ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត ការ​បន្លំ​ឱ្យ​យល់​ខុស​តាមរយៈ​សរសេរ​បញ្ឆិតបញ្ឆៀង​ដើម្បី​ឲ្យ​សាធារណជន​សង្ស័យ​ដោយ​អយុត្តិធម៌​លើ​បុគ្គល​ណា​ម្នាក់ ក្រុម ឬ​បក្ស​ណា​មួយ ការ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​មូល​បង្កាច់ បរិហារកេរ្តិ៍ និង​ជេរប្រមាថ​ដល់​គណបក្ស​នយោបាយ បេក្ខជន ឬ​អ្នកគាំទ្រ​ណា​មួយ ការ​ប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយប្រហារ​ដែល​អាច​បង្ក​ភាព​គ្មាន​សណ្ដាប់ធ្នាប់ ឬ​អាច​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ធ្វើ​សម្ភាសន៍​នៅ​ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ជាដើម។

មន្ត្រី គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ក្រម​សីលធម៌​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ដោយ​រលូន និង​អាច​កាត់​បន្ថយ​ជម្លោះ និង​អំពើ​ហិង្សា​ផ្សេងៗ​បាន។

​ចំណែក​មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល ̣̣(COMFREL) លោក កន សាវាង្ស លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​ជា​រឿង​របស់​គណបក្ស​នយោបាយ រី​ឯ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ជា​​រឿង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​លោក​យល់​ថា ស្ថានភាព​ទាំង​ពីរ​នេះ គឺ​មាន​ការ​ពាក់ព័ន្ធ​គ្នា។

លោក​លើក​ឧទាហរណ៍​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ គ.ជ.ប ប៉ុន្តែ​ការ​អប់រំ​ពលរដ្ឋ​ឱ្យ​ទៅ​​ចុះ​ឈ្មោះ មិន​មែន​ជា​ការងារ​ដែល គ.ជ.ប អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ឡើយ គឺ​ទាមទារ​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដែល​ជា​គណបក្ស​នយោបាយ​នីមួយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ប្រសិន​ស្ថានការណ៍​នយោបាយ​កើត​មាន​បញ្ហា គឺ​ការ​អប់រំ​ចុះ​ឈ្មោះ​ឆ្នោត ក៏​ជួប​បញ្ហា​ដែរ៖
«អាក់ខាន​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ដែល​ខ្ញុំ​ចង់​និយាយ​ថា វា​ពិបាក​ក្នុង​ការ​បែងចែក​រវាង​ស្ថានភាព​នយោបាយ និង​ស្ថាប័ន​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ព្រោះ​ស្ថានភាព​ហ្នឹង​វា​ពាក់ព័ន្ធ​អ៊ីចឹង»

ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​កើត​មាន​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី គ.ជ.ប ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា ជា​ស្ថាប័ន​មិន​ឯករាជ្យ និង​ថា​បាន​បន្លំ​សន្លឹកឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។

លោក កន សាវាង្ស លើក​ឡើង​ថា ដើម្បី​ឱ្យ គ.ជ.ប មាន​ឯករាជភាព​ពិត​ប្រាកដ គឺ គ.ជ.ប ត្រូវ​បំពេញ​តាម​តួនាទី ភារកិច្ច និង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ដូចជា​ការ​យក​ចិត្ត​ទុក​ដាក់​អប់រំ​ឱ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជួយ​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាដើម។

ពាក់ព័ន្ធ​នឹង​ដំណើរការ​ចុះ​ឈ្មោះ​នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ចាប់​ពី​​ថ្ងៃ​ទី​១ កញ្ញា មក​ដល់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្នុង​ចំណោម​អ្នក​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ និង​អ្នក​មិន​ទាន់​បោះឆ្នោត​ជាង ១,៦​លាន​នាក់ គឺ​មាន​អ្នក​ទៅ​​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ​២០១៧ កើន​ដល់​ចំនួន ៩៤.២១១​នាក់​ហើយ។ ចំនួន​នេះ​គឺ​ទាប​នៅ​ឡើយ ប៉ុន្តែ​លោក ហង្ស ពុទ្ធា រំពឹង​ថា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នឹង​ទៅ​ចុះ​ឈ្មោះ​បាន​គ្រប់​គ្នា ព្រោះ​លោក​ថា ដំណើរ​ចុះ​ឈ្មោះ​ថ្មី​នេះ មាន​រយៈពេល ៧០​ថ្ងៃ។ បើ​ទោះ​បី​ជា លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ពលករ​នៅ​ក្រៅ​ប្រទេស​អាច​ជួប​ភាព​លំបាក​ដើម្បី​មក​ចុះ​ឈ្មោះ ក៏​លោក​ថា គ.ជ.ប នឹង​មិន​ទាន់​សម្រេច​ថា នឹង​បន្ថែម​ថ្ងៃ​សម្រាប់​ការ​ចុះ​ឈ្មោះ​ដែរ។

គ.ជ.ប នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ-​អន្តរជាតិ មក​ពី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​តំណាង​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​តាមដាន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ដែល​បាន​ចាប់​ផ្ដើម​ពី​ខែ​សីហា នេះ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល