ពលរដ្ឋ​ចំណាក​ស្រុក​ជាង​១​លាន​នាក់​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន

ដោយ ម៉ៅ សុធានី
2016.11.18
ហង្ស ពុទ្ធា ៨៥៥ ២០១៥ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

ពលរដ្ឋ​ចំណាក​ស្រុក​ជាង ១​លាន​នាក់ នឹង​មិន​អាច​មាន​លទ្ធភាព​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​របស់​ពួកគេ​បាន​ទេ ទោះ​បី​ជា​ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ​ក៏ដោយ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ការ​ខកខាន​ចុះ​ឈ្មោះ​នេះ ដោយសារ​យុវជន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ជាង ១​លាន​នាក់​ដោយ​ស្រប​ច្បាប់។ បន្ថែម​ពី​នេះ ក៏​មាន​ពលករ​ខ្លះ​ទៀត​បាន​ចាកចេញ​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​តាម​ច្រក​របៀង ដូច​នេះ​ពួក​គេ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន គ.ជ.ប. កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ចុះ​ឈ្មោះ​ដំបូង ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា គិត​ត្រឹម​ម៉ោង ៦​ល្ងាច មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ៧​លាន​នាក់ (៧.២៧៣.៧៤៨) បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ចំនួន​ជាង ៩,៦​លាន​នាក់។

លោក ហង្សពុទ្ធា មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា តើ គ.ជ.ប អាច​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្តែ​ការ​ពន្យារ ឬ​មិន​ពន្យារ អាស្រ័យ​ទៅ​លើ​មូលហេតុ​ជាក់ស្ដែង​នៃ​ការ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ការ​ពន្យារ ឬ​ការ​មិន​ពន្យារ គ.ជ.ប មិន​ទាន់​មាន​ការ​សម្រេច​នៅ​ឡើយ។ យើង​រង់ចាំ​បិទ​បញ្ចប់​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បើ​មាន​របាយការណ៍​ថា ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​នៅ​កន្លែង​ណា​មួយ​គ្នា​ច្រើន មិន​អាច​ចុះ​ឈ្មោះ​បាន យើង​នឹង​ត្រូវ​ពិចារណា ហើយ​តួលេខ ៧៥% នៃ​ការ​ចុះ​ឈ្មោះ​នេះ គឺ​តួលេខ​ល្អ​ហើយ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក»

លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន​ភាព​សុក្រឹត​ជាង​ការ​ចុះ​ឈ្មោះ​ពី​មុនៗ​មក។ ឧទាហរណ៍​ដូចជា​ឈ្មោះ​ស្ទួន​នោះ គឺ​មិន​មាន​កើត​ឡើង​ទៀត​ទេ។ លោក​បន្ត​ថា គ្រប់​អ្នក​ចុះ​ឈ្មោះ នឹង​មាន​រូបថត​របស់​ខ្លួន​ភ្ជាប់​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។