មន្ត្រី​ជាប់​កិច្ចសន្យា​ចុះ​ឈ្មោះ​បោះឆ្នោត​ជាច្រើន​នាក់​នៅ​ខេត្ត​បាត់ដំបង​ជា​បុគ្គលិក​ចាស់

ដោយ ហ៊ុំ ចំរើន
2016-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៨-សីហា-២០១៦៖ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun
១៨-សីហា-២០១៦៖ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun
RFA/Hum Chamroeun

លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង អះអាង​ថា មន្ត្រី​ជាប់​កិច្ចសន្យា​សម្រាប់​បម្រើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាច្រើន​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស គឺ​ជា​បុគ្គលិក​ចាស់។ លោក​បញ្ជាក់​ថា ការ​ជ្រើសរើស​នេះ ធ្វើ​ឡើង​ទៅ​តាម​រយៈ​ការ​ប្រឡង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា ការ​ជ្រើសរើស​នេះ ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ។

លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន ប្រាប់​អាស៊ីសេរី នៅ​ទីស្នាក់ការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ថា លោក​បាន​ត្រៀម​បុគ្គលិក​រួច​ជា​ស្រេច​ហើយ ដើម្បី​បម្រើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ក្នុង​ខេត្ត​បាត់ដំបង។ លោក​អះអាង​ថា បុគ្គលិក​ជាប់​កិច្ចសន្យា​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត តំណែង​ប្រធាន និង​ជំនួយការ​ប្រធាន ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រឡង។ ចំណែក​ឯ​មន្ត្រី​ផ្នែក​កុំព្យូទ័រ ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​តេស្ដ​ដោយ​ការ​ប្រើប្រាស់​កុំព្យូទ័រ។

វន ពន ២០១៦ ៨៥៥
លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun RFA/Hum Chamroeun

លោក វន ពន បញ្ជាក់​ថា ការ​ជ្រើសរើស​នេះ​មាន​មន្ត្រី​ចាស់​ដែល​ធ្លាប់​ធ្វើ​ការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ​ជាច្រើន​នាក់ ត្រូវ​បាន​ជ្រើសរើស ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា មាន​មន្ត្រី​ចាស់​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ៖ «នៅ​ពេល​ប្រឡង​ថ្នាក់​ជាតិ​ក៏​បាន​ចុះ​មក ហើយ​ថ្នាក់​ខេត្ត​ក៏​បាន​ចុះ​ទៅ។ ហើយ​អនុរក្ស​នៃ​ការ​ប្រឡង​មាន​គ្រូ​ប្រចាំ​ស្រុក​ក្នុង​មួយ​ស្រុក​ចំនួន ៣​នាក់ និង​មាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គ្រប់​គណបក្ស​នយោបាយ​បាន​ចូលរួម​សង្កេត​ការណ៍»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ការ​បារម្ភ​អំពី​មន្ត្រី​ជាប់​កិច្ចសន្យា​ជា​បុគ្គលិក​ចាស់ ដែល​ធ្លាប់​ធ្វើ​ការងារ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ៖ «សំខាន់​គឺ​ឯកសារ​ដែល​ពលរដ្ឋ​ត្រូវ​យក​ចុះ​ឈ្មោះ ដែល​មន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​ពន្លឿន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្នា»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ផ្នែក​ស៊ើប​អង្កេត និង​តស៊ូ​មតិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិតសីហា បញ្ជាក់​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​នេះ ធ្វើ​ឡើង​ដោយ​ពុំ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​សាធារណជន ជាពិសេស​អ្នក​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​បាន​ដឹង​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​ពុំ​ទាន់​ដឹង​ថា ការ​ជ្រើសរើស​មន្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​រៀបចំ​ការ​បោះឆ្នោត ជាប់​ជា​មន្ត្រី​កិច្ចសន្យា​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ផល​ល្អ ឬ​ផល​អាក្រក់​យ៉ាង​ណា​នៅ​ឡើយ។ លោក​អះអាង​ថា អង្គការ​ខុមហ្វ្រែល នឹង​តាមដាន​លើ​ការងារ​នេះ​បន្ត​ទៀត៖ «ខាង​ខុមហ្វ្រែល មាន​គម្រោង​ពីរ។ ទី​មួយ មាន​គម្រោង​អង្កេត​ដំណើរ​ការ​ឈ្មោះ នៅ​ពេល​គេ​ផលិត​ជា​បញ្ជី យើង​នឹង​ធ្វើ​សវនកម្ម​ទៅ​លើ​បញ្ជី​ឈ្មោះ​នោះ ទើប​យើង​អាច​វាយ​តម្លៃ​បាន​ថា ដំណើរ​ទៅ​ជា​យ៉ាង​ណា? ដែល​មាន​មន្ត្រី​ចាស់​បម្រើ​ការ​នោះ​យើង​រក​ឃើញ​យ៉ាង​ម៉េច ទើប​អាច​វាយ​តម្លៃ​បាន»

ឧបករណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​ជាច្រើន​មុខ ត្រូវ​បាន​គេ​ដាក់​តម្រៀប​ជា​ពំនូក​គរ​ដូច​ភ្នំ​នៅ​ទីស្នាក់ការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង។

លោក វន ពន បញ្ជាក់​ថា បុគ្គលិក​ជាប់​កិច្ចសន្យា​ដែល​បាន​ជ្រើសរើស​នៅ​ខេត្ត​បាត់ដំបង សរុប​ចំនួន ៤៣០​នាក់ ក្នុង​នោះ​មន្ត្រី​ផ្នែក​កុំព្យូទ័រ​ចំនួន ១៦៤​នាក់ ប្រធាន និង​អនុប្រធាន​នៅ​ឃុំ-សង្កាត់​ចំនួន ២០៤​នាក់ និង​ជំនួយការ​អនុប្រធាន ៦២​នាក់។ របាយការណ៍​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា នៅ​ខេត្ត​នេះ​មាន​ចំនួន ១០២​ឃុំ-សង្កាត់ និង​មាន​ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៧​សែន ៨​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

NEC is still dirty and corrupt. It needs to be cleaned with bleech and hot water.

Aug 18, 2016 11:37 AM

គេហទំព័រ​ទាំងមូល