នៅថ្ងៃទី២១ ខែកញ្ញា គឺជាទិវាសន្តិភាពអន្តរជាតិ។ ជារៀងរាល់ឆ្នាំឲ្យតែដល់ទិវានេះរដ្ឋាភិបាលតែងតែអះអាងថា កម្ពុជាមានសន្តិភាព និងសន្តិសុខពេញលេញស្របតាមគោលនយោបាយរបស់ខ្លួន។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គម និងប្រជាពលរដ្ឋទូទៅ មើលឃើញផ្ទុយពីនេះ។ ពួកគេថា សន្តិភាពពេញលេញគឺត្រូវមានទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។
ក្នុងឱកាសសំណេះសំណាលជាមួយសិស្សនិទ្ទេសអេ (A) ឆ្នាំ២០១៦ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអបអរទិវាសន្តិភាពអន្តរជាតិ ដោយលើកសរសើរពីគុណសម្បត្តិនៃជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានកងទ័ពវៀតណាម ជួយវាយរំដោះប្រជាជនខ្មែរពីរបប ប៉ុល ពត។
លោក ហ៊ុន សែន គូសបញ្ជាក់ថា ដោយសារតែនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជា មានសន្តិភាពពេញលេញ និងអំពាវនាវឲ្យបន្តថែរក្សាសន្តិភាពនេះ៖ «ដោយសារនយោបាយនេះហើយដែលធ្វើអោយខ្មែរពីតំបន់ប្រទេសមួយតំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ។ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ការបែកបាក់ជាតិដែលធ្លាប់កើតប្រទេសមួយតំបន់ត្រួតត្រាច្រើន ក្លាយជាតំបន់មួយតំបន់ត្រួតត្រាមួយ អ៊ីចឹងបើយើងសារសំខាន់នៃសន្តិភាពហើយ យើងក៏ត្រូវការពារសន្តិភាពដែលយើងរកបានមកដោយលំបាក»។
ក្រៅពីថ្លែងផ្ទាល់មាត់នោះ លោក ហ៊ុន សែន ក៏បានផ្ញើសារលិខិតចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិនេះជូនប្រជាពលរដ្ឋ ដោយបង្ហាញពីការការអភិវឌ្ឍ និងវិបុលភាពសង្គមសេដ្ឋកិច្ចជាតិកម្ពុជា។
ក្នុងសារលិខិតនោះ លោក ហ៊ុន សែន ថា ការសម្រេចបានសន្តិភាព និងថែរក្សាសន្តិភាពនេះ មិនត្រឹមតែអនុញ្ញាតឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខដុមនីយកម្ម សុវត្ថិភាព សន្តិសុខ និងស្ថិរភាពក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឲ្យកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។
ប្រធានគណៈកម្មការដឹកនាំនៃក្រុមការងារដើម្បីសន្តិភាព លោកស្រី ប្រាក់ សុខានី ស្វាគមន៍គំនិតរបស់លោក ហ៊ុន សែន ដែលអំពាវនាវចង់ឲ្យថែរក្សាសន្តិភាព។ ប៉ុន្តែលោកស្រីយល់ថា កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ ទោះបីជាកម្ពុជា គ្មានសង្គ្រាមស៊ីវិលក្តី។ លោកស្រីពន្យល់ថា សន្តិភាពពេញលេញ គឺត្រូវមានទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្តតែសព្វថ្ងៃនេះប្រជាពលរដ្ឋកម្ពុជា នៅតែមានអារម្មណ៍ភ័យខ្លាច មិនស្ងប់សុខក្នុងចិត្ត ដោយសារតែបញ្ហាអសន្តិសុខសង្គម៖ «និយមន័យសន្តិភាពត្រឹមត្រូវគឺជាពាក្យដែលសំដៅទៅលើការរស់នៅដោយសុខដុមរមនា ពុំមានភ័យខ្លាច ពុំមានទំនាស់ ពុំមានបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសង្គម»។
សង្គមស៊ីវិលលើកឡើងថា ជារៀងរាល់ថ្ងៃបើកតែភ្នែកព្រលឹមឡើងប្រជាពលរដ្ឋកម្រនិយាយគ្នារឿងកិច្ចការអភិវឌ្ឍន៍ណាស់មានឮសូរតែព័ត៌មាន និងការជជែកគ្នាតែពីរឿងគ្រឿងញៀន អំពើលួចប្លន់ ការបាញ់ប្រហារ កាប់សម្លាប់ ចាប់រំលោភ គ្រឿងស្រវឹង ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងអំពើអយុត្តិធម៌សង្គមដទៃទៀត ជាពិសេស បញ្ហាអសន្តិសុខទាំងនេះនៅតែឋិតនៅទំព័រមុខរបស់កាសែតក្នុងស្រុក និងផ្សព្វផ្សាយព្រោងព្រាតនៅតាមកញ្ចក់ទូរទស្សន៍នានា។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៦ មានបទល្មើសកើតឡើងជាង ១.៧០០លើក កម្លាំងនគរបាលបង្ក្រាបបានប្រមាណ ៨០% ដែលស្មើនឹង ១.០៦៧ករណី ឃាត់ខ្លួនជនល្មើសបាន ១.៥៣៧នាក់ ក្នុងនោះបទឧក្រិដ្ឋ ៣៧៦នាក់បទមជ្ឈិម ១.១៦១នាក់។
នៅក្នុងឱកាសអបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី១៤ នេះដែរ រដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ខិតខំបន្តពង្រឹងការការពារ ថែរក្សាសន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ ពង្រឹងឯកភាពជាតិ ជៀសវាងរាល់អំពើទាំងឡាយណាដែលនាំឲ្យខ្មែរបែកបាក់ ដោយគោរពវប្បធម៌អហិង្សា អនុវត្តនូវការអត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យ ការរក្សាសណ្ដាប់ធ្នាប់សង្គម ការគោរពច្បាប់ និងការដោះស្រាយទំនាស់ដោយសន្តិវិធី។
ទោះបីលោក ហ៊ុន សែន ប្រកាសចង់រក្សាសន្តិភាពក៏ដោយ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមបង្ក្រាបបាតុករគណបក្សប្រឆាំងដែលប៉ងធ្វើបាតុកម្មអហិង្សា ទោះក្នុងរូបភាពណាក៏ដោយ ជាពិសេសលោកបានប្រកាសព្រមានបិទផ្លូវចរចាជាមួយគណបក្សសង្គ្រោះជាតិ ទៀតផង។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា អំពើហិង្សាច្រើនតែកើតចេញពីភាគីសមត្ថកិច្ចដែលមានតួនាទីជួយសម្រួលឲ្យការតវ៉ាដោយសន្តិវិធីប្រព្រឹត្តទៅឲ្យបានរលូន។ លោកបន្ថែមថា ការដែលមានសន្តិភាពនោះ រដ្ឋាភិបាលមិនត្រូវប្រើប្រាស់នូវកងកម្លាំង ឬការប្រើប្រាស់ពាក្យសម្ដីណាដែលគំរាមកំហែងទៅដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋនោះទេ។
អង្គការសង្គមស៊ីវិល លើកទឹកចិត្តឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវពង្រឹងបន្ថែមទៀតនូវតួនាទីភារកិច្ច និងពង្រឹងនូវការអនុវត្តច្បាប់ឲ្យស្របតាមរដ្ឋធម្មនុញ្ញ ព្រមទាំងពង្រឹង និងពង្រីកការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឲ្យពលរដ្ឋរស់នៅជាមួយសន្តិភាពពេញលេញពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។