មន្ត្រី​រដ្ឋាភិបាល​ថា​មេ​ដឹក​នាំ​អាស៊ាន​មិន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ

ដោយ ប្រាជ្ញ ចេវ
2016.02.18
កៅ គឹមហួន ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អំពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន បន្ទាប់​ពី​មក​ដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស មិន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នោះ​ទេ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន គាំទ្រ​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម​នោះ។

ថ្លែង​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​មួយ​ចំនួន បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក កៅ គឹមហួន ឲ្យ​ដឹង​ថា មុន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន (US-ASEAN) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​សួរ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អាស៊ាន​ថា គាំទ្រ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ទេ? ជា​ការ​ឆ្លើយ​តប ប្រមុខ​រដ្ឋាភិបាល​ទាំង​នោះ​យល់ព្រម​គាំទ្រ ប៉ុន្តែ​មិន​មាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​នោះ​ទេ។

លោក កៅ គឹមហួន បន្ត​ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន លោក ហ៊ុន សែន បង្ហាញ​គោល​ជំហរ​ចាស់​ដដែល​ទាក់ទង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ស្នើ​ទៅ​ភាគី​ជម្លោះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ការ​គោរព​ច្បាប់​អន្តរជាតិ និង​គោរព​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​សមុទ្រ​ចិន​ខាង​ត្បូង។

កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន រយៈពេល​ពីរ​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ឧទ្យាន សាន់នីឡែនដ៍ (Sunnylands) ទីក្រុង​រ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។ ជា​លទ្ធផល ប្រមុខ​ដឹក​នាំ​សហរដ្ឋ​អាមេរិក និង​បណ្ដា​មេ​ដឹក​នាំ​អាស៊ាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​មាន​ចំនួន ១៧​ចំណុច ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ។

បើ​តាម​ប្រតិភូ​រដ្ឋាភិបាល​ដដែល កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ១០​ប្រទេស​នៃ​អាស៊ាន ទទួល​បាន​លទ្ធផល​សំខាន់ៗ​មួយ​ចំនួន គឺ​ពង្រឹង និង​ពង្រីក​នយោបាយ​ការ​បរទេស​រវាង​អាស៊ាន និង​អាមេរិក ជំរុញ​កិច្ច​សហការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច គឺ​បើក​ច្រក​ទ្វារ​ឲ្យ​ផលិតផល ឬ​ទំនិញ​របស់​បណ្ដា​ប្រទេស​អាស៊ាន ចូល​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក។ លោក​ថា រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​អាមេរិក ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា និង​ស្នើ​បន្ត​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា-អាមេរិក ក៏ដូចជា​អាស៊ាន-អាមេរិក និង​ចំណុច​ចុង​ក្រោយ​កម្ពុជា បន្ត​ចូលរួម​វិភាគទាន​ទៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​កសាង​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។