ពលរដ្ឋ​ថា​បណ្ដឹង​រំលាយ​បក្ស​ប្រឆាំង​គ្រាន់​តែ​ជា​លេស​ខ្លាច​ចាញ់​របស់​បក្ស​កាន់អំណាច

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នោះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ ពួកគេ​យល់​ថា ក្រៅពី​បក្ស​សង្គ្រោះ​ជាតិ គ្មាន​គណបក្ស​ណា​ដែល​អាច​មាន​លទ្ធភាព​ប្រកួត ជាមួយ​បក្ស​កាន់អំណាច​សព្វថ្ងៃ​នោះ​ទេ។

ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។

ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ យល់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​មេធាវី​នៃ​ក្រសួងមហាផ្ទៃ ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា តាម​សំណើ​របស់​គណបក្ស​នយោបាយ​ចំនួន​២ គឺ​គណបក្ស​យុវជន​កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​គ្រាន់តែ​ជា​លេស​របស់​គណបក្ស​កាន់អំណាច ដើម្បី​បំបាត់​គណបក្សប្រឆាំង​កុំ​ឲ្យ​បាន​ចូលរួម​ការបោះឆ្នោត​សកល និង​ជា​លេស​ដែល​គណបក្ស​នេះ ខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នោះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ ពួកគេ​យល់​ថា ក្រៅពី​បក្ស​សង្គ្រោះ​ជាតិ គ្មាន​គណបក្ស​ណា​ដែល​អាច​មាន​លទ្ធភាព​ប្រកួត ជាមួយ​បក្ស​កាន់អំណាច​សព្វថ្ងៃ​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុងភ្នំពេញ យល់​ថា បណ្ដឹង​សុំ​រំលាយ​បក្ស​ប្រឆាំង​របស់​មេធាវី​ទាំង​៥ តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ គឺជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​ភ័យខ្លាច​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

ក្រសួងមហាផ្ទៃ​បាន​ប្រគល់​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​បក្ស​ប្រឆាំង ឲ្យ​ទៅ​មេធាវី​៥​រូប ដែល​ដឹកនាំ​ដោយ លោក គី តិច មេធាវី​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក្រុម​មេធាវី នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា បាន​បញ្ជូន​ពាក្យបណ្ដឹង និង​ភស្តុតាង​កម្រាស់​ជិត​កន្លះ​ម៉ែត្រ ដែល​មាន​២១​កញ្ចប់ ចូល​ដល់​មហា​អយ្យការ​អម​តុលាការ​កំពូល រួចរាល់​ហើយ។

មេធាវី លោក គី តិច បាន​ប្រាប់​សារព័ត៌មាន នៅ​ក្រោយ​ដាក់ពាក្យ​បណ្ដឹង​រួច ថា ការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើតាម​សំណើ​របស់​គណបក្ស​ពីរ ដែល​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ។ ដោយឡែក ភស្តុតាង​ចំនួន​២១​កញ្ចប់​នោះ ក៏​មាន​ខ្លះ បាន​មក​ពី​គណបក្ស​យុវជន​កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច ផង​ដែរ។

លោក គី តិច បន្ត​អះអាង​ថា ពាក្យបណ្ដឹង​ដែល​ក្រុម​លោក​ស្នើ​សុំ មិនមែន​ប្រឆាំង លោក កឹម សុខា ឬ ទាមទារ​សំណង​នោះ​ទេ គឺ​ស្នើសុំ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា​ចោល​តែម្ដង។

ពលរដ្ឋ​ម្នាក់ទៀត ជា​កម្មករ​សំណង់ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ យល់ថា សកម្មភាព​ប្ដឹង​នេះ គឺជា​ចេតនា នៃ​ការ​រំលាយ​បក្ស​ប្រឆាំង ក្នុង​លេស​បំបាត់​ដៃគូ​ខ្លាំង។ កម្មករ​សំណង់​រូប​នេះ នៅ​រារែក​ក្នុង​ចិត្ត​នៅឡើយ​ចំពោះ​ការ​ទៅ​បោះឆ្នោត​ឆ្នាំ​២០១៨។

ចាប់​តាំង​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​លោក​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​មក អ្នក​តាមដាន​នយោបាយ ប្រមើល​ឃើញ​ថា ច្បាប់​នេះ​មាន​ចេតនា​បម្រើ​ផលប្រយោជន៍​បក្ស​កាន់អំណាច ក្នុង​ការ​បំបាត់​គណបក្ស​នយោបាយ ជា​ដៃគូ​ប្រកួត​ជាជាង​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ។

ពលរដ្ឋ​ខ្លះ អះអាង​ថា បើ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​បោះឆ្នោត​ឆ្នាំ​២០១៨​ទេ ពួកគេ នឹង​សរសេរ​ពាក្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត រួច​គូ​ប្រអប់​ដើម្បី​គូស បើ​ទោះ​ជា​សន្លឹកឆ្នោត​នោះ​ត្រូវ​ចាត់ទុកថា មិនបានការ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។