ចៅសង្កាត់​អូរចារ​ក្រុង​បាត់ដំបង​ប្ដេជ្ញា​បន្ត​ការងារ​ជូន​ពលរដ្ឋ​ទោះ​រង​ការ​ធ្វើ​បាប

ដោយ អាស៊ីសេរី
2017-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាប់​ឆ្នោត​ថ្មី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​កញ្ញា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាប់​ឆ្នោត​ថ្មី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​កញ្ញា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ជាថ្មី ថា នៅតែ​បន្ត​ការងារ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ងាករេ​ឡើយ ទោះបីជា​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ក៏ដោយ។ ចៅសង្កាត់​រូប​នេះ អះអាង​ថា មូលហេតុ​ដែល​កញ្ញា​មិន​រាថយ ដោយ​យល់ឃើញ​ការងារ​ទាំងអស់​នោះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ឡើង។

ចៅសង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១១ តុលា​ថា បើទោះជា​ស្ថានការណ៍​នយោបាយ​ក្ដៅ​គគុក​យ៉ាង​នេះ​ក្ដី ក៏​កញ្ញា​នៅតែ​បន្ត​ការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​មិន​រុញរា​ឡើយ។ ចៅសង្កាត់​គណបក្សប្រឆាំង​រូប​នេះ អះអាង​ថា មូលហេតុ​ដែល​សកម្ម​ការងារ​ទៅមុខ ពីព្រោះ​គិត​ថា ការងារ​ដែល​ខ្លួន​អនុវត្ត​គឺ​គ្មាន​អ្វី​ខុស​នោះ​ទេ៖ «ហើយ​មកដល់​ពេល​ខ្ញុំ​មិនបាន​យកចិត្តទុកដាក់ រឿង​ភ័យខ្លាច​ឬ​ដើរ​ថយក្រោយ​នោះ​ទេ។ ព្រោះ​យើង​ជាប់​ជា​ចៅសង្កាត់​ហើយ​មិន​បម្រើ​ពលរដ្ឋ​គឺ​គ្មាន​ន័យ​ទេ ហើយ​ធ្វើ​ប្រជាពលរដ្ឋ​អស់សង្ឃឹម​ដោយសារ​យើង​មិន​ធ្វើ​ការងារ​ជូន​ពួកគាត់»

ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​អូរចារ ភាគច្រើន​គាំទ្រ​នឹង​ការ​អភិវឌ្ឍ​របស់​ចៅសង្កាត់​មួយ​នេះ ហើយ​ថែមទាំង​លើក​ឡើង​ថា ជា​ចៅសង្កាត់​សកម្ម​ការងារ ដើម្បី​ប្រយោជន៍​រួម។

ពលរដ្ឋ​រស់នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ​អះអាង​ថា ផ្លូវ​នៅមុខ​ផ្ទះ​របស់​អ្នកស្រី​លិច​ទឹក​រាល់​ឆ្នាំ ដោយ​ពុំ​មាន​ចៅសង្កាត់​ណា​ជួយ​សាងសង់​ឲ្យ​នោះ​ទេ គឺ មានតែ​ចៅសង្កាត់​ជាប់ឆ្នោត​ថ្មី​រូប​នេះ បាន​ដាក់​លូ​សង់​ផ្លូវ​ឲ្យ​ពួកគាត់​ធ្វើដំណើរ​បាន​ស្រួល៖ «ខ្ញុំ​ត្រូវការ​ឲ្យ​គាត់​ធ្វើ​ការងារ​បន្ត​ទៀត ព្រោះ​គាត់​ធ្វើ​ការ​ល្អ ហើយ​គាត់​ចិត្តល្អ​ណាស់ ជួយ​ពលរដ្ឋ​ដោយ​មិន​រើសអើង​គណបក្ស​នយោបាយ​ទេ»

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​អណ្ដូងចេញ​ម្នាក់ទៀត ថ្លែង​ថា អ្នកស្រី​ពេញចិត្ត​និង​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​របស់​សង្កាត់​អូរចារ ពីព្រោះ​ចៅសង្កាត់​រូប​នេះ​ធ្វើការ​ដើម្បី​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​អរ​ណាស់​ដែល​ចៅសង្កាត់​បាន​មក​ធ្វើ​ផ្លូវ​ឲ្យ​ពួកគាត់​នេះ ព្រោះ​កាលពីមុន​ខ្ញុំ​ដើរ​លុយ​ទឹក ទើបតែ​ឥឡូវ​ជាប់​ចៅសង្កាត់​ថ្មី​គាត់​ធ្វើ​ផ្លូវ​ឲ្យ ខ្ញុំ​សូម​អរគុណ​ដែល​ជួយ​ឲ្យ​ខ្ញុំ​បាន​ផ្លូវ​ដើរ​នេះ ព្រោះ​ក្មេង​ទៅ​សាលារៀន​មិន​ពិបាក​ដូច​មុន​ទេ។ ហើយ​មេឃុំ​ថ្មី​នេះ​សំដីសំដៅ​គេ​ល្អ​ណាស់»

កន្លងមក ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​សាលាក្រុង​បាត់ដំបង​ចេញ​លិខិត​កោះហៅ​ទៅ​ព្រមាន​ជាច្រើន​លើក​រួច​មក​ហើយ ដោយសារ​ស្ដីបន្ទោស​ឲ្យ​បំពេញ​ការងារ​តាម​បែប​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ។ មិនតែប៉ុណ្ណោះ ការងារ​របស់​ចៅសង្កាត់​រូប​នេះ ជំរុញ​ឲ្យ​សមាជិក​រដ្ឋសភា លោក ឈាង វុន ឈរជើង​មិន​នឹង​ក៏បាន​ចុះ​មក​ពិនិត្យមើល​ដល់​ទី​កន្លែង​ជាច្រើនលើក។ លោក ឈាង វុន ថែមទាំង​បាន​ស្ដីបន្ទោស​ទៅ​ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ ថា​អភិវឌ្ឍ​ខុស​បច្ចេកទេស និង​គ្មាន​ស្តង់ដារ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ការងារ​អភិវឌ្ឍ​របស់​ចៅសង្កាត់​អូរចារ ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ហើយ​លោក​ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ងាក​មក​រក​ការ​ពិភាក្សា​គ្នា​ប្រសើរ​ជាង​ការ​ទម្លាក់កំហុស ទៅលើ​បុគ្គល​ម្នាក់ៗ៖ «យើង​អត់​ត្រូវ​បន្ទោស​ទេ យើង​ត្រូវ​ចូលរួម​ទៅ​វិញ ខ្ញុំ​គិត​ថា ចូលរួម​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នឹង​បាន​ប្រសើរ​ទៅវិញ ដូច​ជា​ការ​ដាក់​លូ ប្រសិនជា​គាត់​ធ្វើ​មិន​ត្រឹមត្រូវ យើង​នាំគ្នា​ចូល​ទៅ​មើល ហើយ​ប្រជុំ​ជជែក​គ្នា​ទៅ​ថា ការ​ដាក់​លូ​នឹង​មិន​ត្រឹមត្រូវ​ទេ ឥឡូវ​យើង​ធ្វើ​របៀប​ណា​វិញ​ដើម្បី​ឲ្យ​ការ​ដាក់​លូ​បាន​ល្អ នេះ​ជា​ការ​ចូលរួម​ហើយ​វា​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ពេលនេះ​ទឹក​លិច​ក្នុង​ភូមិ​ឃុំ​របស់​គាត់»

ចាប់​តាំង​ពី​ជាប់ឆ្នោត​ធ្វើជា​ចៅសង្កាត់​អូរចារ​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជិត​៣​ខែ​ហើយ។ អំឡុង​កាន់​តំណែង​ជា​ចៅសង្កាត់​មួយ​នេះ ច្រើន​តែ​បង្ហោះ​សកម្មភាព​ការងារ​របស់​ខ្លួន​តាម​ហ្វេសប៊ុក​(Facebook) ស្ទើរ​រៀងរាល់ថ្ងៃ ទាំង​ការងារ​នៅ​ក្នុង​សង្កាត់ និង​ចុះ​តាម​ភូមិ ដូចជា​ការ​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម និង​ការ​ស្ដារ​ប្រឡាយ​ទឹក​ជាដើម។ ចៅសង្កាត់​រូប​នេះ ប្ដេជ្ញា​នឹង​បំពេញការងារ​របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ​ទៅ​មុខ​ទៀត ដោយ​មិន​រាថយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

LY SENG HONG

ពី P PENH

សូមសរសើរប្អូនស្រី​ សូមធ្វើបន្តទៀត។

Oct 11, 2017 09:59 PM

គេហទំព័រ​ទាំងមូល