អាជ្ញាធរ​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​ខ្លះ​នៅ​កំពង់ធំ​មិន​ពេញ​ចិត្ត​​ធ្វើការ​ក្នុង​ទីស្នាក់ការ​បក្ស

ដោយ​ សូត សុខប្រាថ្នា
2017.08.19
សាលា​ឃុំ ទំរីង កំពង់ធំ ២០១៧ បន្ទប់​ធ្វើ​ការ​នៃ​សាលា​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ត្រូវ​បាន​ដាក់​នៅ​ជាមួយ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំ ដោយសារ​តែ​មិន​មាន​អគារ​សាលាឃុំ​សម្រាប់​ធ្វើ​ការងារ។ រូបថត​ខែ​កក្កដា ឆ្នាំ​២០១៧
Photo provided

ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មួយ​ចំនួន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ក្រោយ​ពេល​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង​កាល​ពី​ដើម​ខែ​កក្កដា មក ពួកគេ​ត្រូវ​ចូល​ធ្វើ​ការងារ​ដោយ​បង្ខំ​ចិត្ត។ ពួកគាត់​អះអាង​ថា នៅ​មូលដ្ឋាន​របស់​ពួកគាត់​មិន​មាន​សាលា​ឃុំ​ឡើយ ហើយ​ត្រូវ​យក​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច សម្រាប់​ផ្ដល់​សេវា​សាធារណ​ជូន​ពលរដ្ឋ​ជំនួស​ទៅ​វិញ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន ដូចជា​សង្កាត់​អូរគន្ធរ ក្រុង​ស្ទឹងសែន នៅ​ឃុំ​ទំរីង ស្រុក​សណ្ដាន់ និង​ឃុំ​ត្បូងក្រពើ ស្រុក​សន្ទុក ជាដើម សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ការងារ​ជូន​ពលរដ្ឋ។

ជំទប់​ទី​២ ឃុំ​ត្បូងក្រពើ ស្រុក​សន្ទុក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី សៀង ស៊ីណន មាន​ប្រសាសន៍​ថា អគារ​សាលា​ឃុំ​មួយ​នេះ គឺ​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ពេក ហើយ​មិន​បាន​កសាង ឬ​ជួសជុល​ថ្មី​ឡើយ ហើយក៏​ត្រូវ​យក​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ជា​កន្លែង​ធ្វើការ​ជំនួស។ អ្នកស្រី​បញ្ជាក់​ថា ករណី​នេះ​កើត​ឡើង​ជាង ២​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​ពេញ​ចិត្ត ម្យ៉ាង​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន​ក៏​មិន​ពេញ​ចិត្ត​ដែរ។ អ្នកស្រី​ថា ការ​យក​ទីស្នាក់ការ​គណបក្ស​ធ្វើ​ជា​កន្លែង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ គឺ​មិន​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​ច្បាប់​នោះ​ទេ៖ «ធ្វើ​ការ​ហ្នឹង ធ្វើ​ការ​ទាំង​មិន​ពេញ​ចិត្ត ប៉ុន្តែ​បើ​យើង​ធ្វើ​ពហិការ​ពេល​នេះ គឺ​ជិត​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ នៅ​សល់​តែ ១០​ថ្ងៃ​ទេ»

​មិន​ខុស​គ្នា​នេះ ជំទប់​ទី​២ ឃុំ​ទំរីង ស្រុក​សណ្ដាន់ លោក ជុំ លាម អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ​ពួកគាត់​ត្រូវ​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រហូត ព្រោះ​មិន​ទាន់​មាន​សាលាឃុំ។ លោក​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​ឡើង នៅ​ពេល​យក​ទីស្នាក់ការ​គណបក្ស​បម្រើ​ការងារ​ជូន​ពលរដ្ឋ ដូចជា​កន្លែង​តូច​ចង្អៀត មិន​មាន​បន្ទប់​ប្រជុំ​កិច្ចការ​សម្ងាត់​របស់​អាជ្ញាធរ។ ជាង​នេះ​ទៀត មាន​សំឡេង​រំខាន ពិសេស​នៅ​ពេល​មន្ត្រី​របស់​គណបក្ស​មាន​ពិធី​ជប់លៀង​ម្តងៗ​ជាដើម៖ «ខ្ញុំ​មិន​ពេញចិត្ត​ទេ ប៉ុន្តែ​ពី​មុន​មក​យើង​អស់​ជម្រើស ដោយសារ​យើង​តវ៉ា​ជាមួយ​គេ​ដែរ ប៉ុន្តែ​គេ​មិន​សូវ​អើពើ»

​ចំណែក​នៅ​សង្កាត់​អូរគន្ធរ ក្រុង​ស្ទឹងសែន ក៏​មាន​បញ្ហា​ប្រឈម​ដែរ។ នៅ​ពេល​ប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​ម្ដងៗ​នៅ​អាណត្តិ​ទី​៤​នេះ ពួកគេ​នាំគ្នា​ប្រជុំ​នៅ​វត្ត​អារាម ហើយ​នៅ​ពេល​ផ្ដល់​សេវា​សាធារណ​ជូន​ពលរដ្ឋ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ៤​នាក់ នាំ​គ្នា​ធ្វើការ​នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​សម្រេច​មិន​ចូល​រួម​ធ្វើការ​ជាមួយ​ទេ ដោយ​យល់​ថា ជា​រឿង​ផ្ទុយ​ទៅ​នឹង​ច្បាប់​គ្រប់គ្រង​ថ្នាក់​ក្រោម​ជាតិ។ បញ្ហា​គ្មាន​អគារ​សាលា​សង្កាត់​នេះ កើត​ឡើង ៣​អាណត្តិ​មក​ហើយ ប៉ុន្តែ​នៅ​អាណត្តិ​ទី​៤​នេះ អគារ​សាលា​សង្កាត់​អូរគន្ធរ ត្រូវ​បាន​ចាប់​ផ្ដើម​សាងសង់​ឡើង។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ខាង​លោក​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ ប៉ុន្តែ​លោក​អះអាង​ថា កន្លង​មក​មិន​មាន​ករណី​នេះ​កើត​ឡើង​ទេ៖ «ធ្វើ​នៅ​ផ្ទះ​ខ្ញុំ​ជឿ​ថា​មាន ប៉ុន្តែ​ទៅ​ធ្វើ​នៅ​ទីស្នាក់ការ​បក្ស​ដូចជា​មិន​មាន​ទេ។ បើ​សិន​មាន​ករណី​នេះ យើង​រក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ដែល​រក​ទីតាំង​ណា​មុន​នឹង​យើង​មាន​ការ​សាងសង់​សាលាឃុំ»

លោក សុខ លូ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​កសាង​អគារ​សាលា​ឃុំ គឺ​ធ្វើ​ឡើង​តាម​ជំហានៗ ដោយសារ​គម្រោង​ថវិកា​របស់​ក្រសួង​មហាផ្ទៃ ផ្ដល់​ឱ្យ​គឺ​មាន​កំណត់។

​ឃុំ-​សង្កាត់​នៅ​ខេត្ត​កំពង់ធំ គឺ​មាន​ចំនួន​៨១។ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ខែ​មិថុនា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដឹកនាំ​ឃុំ-​សង្កាត់​ចំនួន ៤១ ហើយ​គណបក្ស​កាន់​អំណាច​ឈ្នះ​បាន​ចំនួន​៤០។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ដើម្បី​បែងចែក​ឱ្យ​ជ្រះស្រឡះ និង​ងាយស្រួល​ចំពោះ​ការ​ផ្ដល់​សេវា​សាធារណ​ជូន​ពលរដ្ឋ ទីតាំង​សាលាឃុំ​បណ្ដោះអាសន្ន​មិន​គួរ​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ណា​មួយ​ទេ៖ «ប្រសិនបើ​គ្មាន​សាលា​ឃុំ​ទេ ខ្ញុំ​គិត​ថា វា​បរាជ័យ​មួយ​ដែល​របស់​គោលនយោបាយ​វិមជ្ឈការ និង​សហ​វិមជ្ឈការ ព្រោះ​គោលនយោបាយ​ហ្នឹង​គឺ​ផ្ដល់​ភាព​ជា​ម្ចាស់​ទៅ​លើ​ការងារ​របស់​ឃុំ»

លោក​បន្ត​ថា ជម្រើស​ល្អ​បំផុត រាជរដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការ​ផ្ដល់​សាលាឃុំ​សមរម្យ​មួយ​ដល់​បណ្ដា​ឃុំ​-​សង្កាត់ ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ទាំង​នោះ។ លោក​បន្ថែម​ថា ប្រសិនបើ​ករណី​ទាំង​នេះ មិន​អាច​ដោះស្រាយ​បាន គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ និង​ឯករាជភាព​របស់​ឃុំ-​សង្កាត់​ទាំង​នោះ ម្យ៉ាង​ប៉ះពាល់​ដល់​ការ​រីកចម្រើន​ផ្នែក​វិមជ្ឈការ និង​សហ​វិមជ្ឈការ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។