ខុមហ្វ្រែល៖ ក្រុម​តំណាងរាស្ត្រ​ស្ត្រី​បក្ស​ប្រឆាំង​ចុះ​មូលដ្ឋាន​សកម្ម​ជាង​បក្ស​ប្រជាជន

ដោយ រាជ វិញ្ញូ
2017.04.27
សឺនកេត សិរីលក្ខណ៍ ២០១៧ ១៤៤០ មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី សឺនកេត សិរីលក្ខណ៍ (កណ្ដាល) ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​យេនឌ័រ​ផ្នែក​នយោបាយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៦ ក្រុម​តំណាងរាស្ត្រ​ស្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ទៅ​មូលដ្ឋាន​ច្រើន​ជាង​តំណាងរាស្ត្រ​ស្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​ស្ត្រី​បក្ស​ប្រឆាំង បែរ​ជា​មាន​ភាព​សកម្ម​ជាង​តំណាងរាស្ត្រ​ស្ត្រី​មក​ពី​គណបក្ស​កាន់​អំណាច។

អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​តំណាងរាស្ត្រ​សរុប ១២៣​នាក់ គឺ​មាន​តែ ៩៨​នាក់​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៥៤​នាក់ មាន​ស្ត្រី ១៧​នាក់ និង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៤៤​នាក់ មាន​ស្ត្រី ៣​នាក់ បាន​ចុះ​មូលដ្ឋាន​ចំនួន ១.៦៦៥​លើក​ក្នុង​ឆ្នាំ​២០១៦។ ការ​ចុះ​មូលដ្ឋាន​ក្នុង​ឆ្នាំ​២០១៦ នេះ បាន​កើន​ឡើង​ចំនួន ៥៥៨​លើក បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៥។ អង្គការ​ដដែល​នេះ​បង្ហាញ​ថា ចំពោះ​គណបក្ស​កាន់​អំណាច​វិញ ចុះ​មូលដ្ឋាន​បាន​ចំនួន ៥៦៤​លើក​ស្មើ​ប្រមាណ ៣៣% (៣៣,៨៧%) គឺ​តិច​ជាង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ចុះ​មូលដ្ឋាន​បាន​ចំនួន​រហូត ១.១០១​លើក ស្មើ​ប្រមាណ ៦១% (៦១,១៣%)

អង្គការ​ខុមហ្វ្រែល​បន្ត​ថា ថ្វីត្បិតតែ​គណបក្ស​កាន់​អំណាច​មាន​តំណាងរាស្ត្រ​ជា​ស្ត្រី​រហូត​ទៅ​ដល់ ១៧​នាក់ បាន​ចុះ​ទៅ​មូលដ្ឋាន និង​គណបក្ស​ប្រឆាំង​តែ ៣​នាក់​ដែល​ចុះ​ទៅ​មូលដ្ឋាន​ក្ដី ប៉ុន្តែ​ការ​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​ស្ត្រី​របស់​បក្ស​ប្រឆាំង គឺ​មាន​ភាព​សកម្ម​ជាង ព្រោះ​បើ​គិត​ជា​មធ្យម តំណាងរាស្ត្រ​ស្ត្រី​មក​ពី​បក្ស​ប្រឆាំង​ម្នាក់ បាន​ចុះ​ទៅ​មូលដ្ឋាន​ចំនួន ៤០​លើក គឺ​ច្រើន​ជាង​តំណាងរាស្ត្រ​ស្ត្រី​បក្ស​កាន់​អំណាច​ម្នាក់ ដែល​បាន​ចុះ​ទៅ​មូលដ្ឋាន​តែ ១៣​លើក។

ទោះ​ជា​យ៉ាង​ណា ក្នុង​ចំណោម​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​ក្រុម​តំណាងរាស្ត្រ​ជា​ស្ត្រី ដើម្បី​ទៅ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ មាន​តែ​ចំនួន ១៣​លើក ស្មើ​នឹង​ជិត ៤% (,៨៣%) ប៉ុណ្ណោះ រីឯ​ការ​ចុះ​ទៅ​សំណេះសំណាល ការ​ចែក​អំណោយ និង​ការ​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​មាន​ចំនួន ២២១​លើក ស្មើ​នឹង ៦៥% (៦៥,១៩%)

មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា ថ្វីត្បិតតែ​ភាគរយ​នៃ​ការ​ចុះ​មូលដ្ឋាន​របស់​ក្រុម​តំណាងរាស្ត្រ​ស្ត្រី​មាន​ច្រើន​ជាង​ភាគរយ​នៃ​តំណាងរាស្ត្រ​បុរស ហើយ​ចំនួន​ស្ត្រី​មាន​ការ​កើន​ឡើង​ក្នុង​ឆាក​នយោបាយ​ក្ដី ប៉ុន្តែ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ នៅ​តែ​មិន​ទាន់​ផ្ដល់​ឱកាស​ឲ្យ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​ដោយសារ​ពុំ​ទាន់​មាន​ច្បាប់ ឬ​គោល​នយោបាយ​ដើម្បី​គាំទ្រ​ឲ្យ​ស្ត្រី​ប្រឡូក​ក្នុង​ឆាក​នយោបាយ«ចង់​ឲ្យ​មាន​ការ​ឆ្លាស់​គ្នា​ក្នុង​ការ​ឈរ​ឈ្មោះ​រវាង​បុរស និង​ស្ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​មាន​មេ​ដឹកនាំ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​ដែល​ជា​ស្ត្រី-បុរស​មាន​ភាព​ស្មើ​គ្នា»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​យេនឌ័រ​ផ្នែក​នយោបាយ៖ សភា និង​តំណាងរាស្ត្រ​ស្ត្រី និង​ក្រុម​ពិសេស​ចូលរួម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ និង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ស្ត្រី នៅ​ថ្ងៃ​ទី​២៧ មេសា។

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល បញ្ជាក់​ទៀត​ថា ស្ត្រី​ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ​មាន​ចំនួន​ជាង ៤​លាន​នាក់ (.២១៣.៤២៧​នាក់) ស្មើ​នឹង ៥៣% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ស្ត្រី-បុរស​ទាំងអស់​ជាង ៧​លាន​នាក់ (.៨៧៣.១៩៤​នាក់)។ ជាមួយ​គ្នា​នេះ អង្គការ​ខុមហ្វ្រែល​ដែល​សហការ​គ្នា​ជាមួយ​ក្រុម​ស្ត្រី​ងាយ​រងគ្រោះ​ដីធ្លី ស្ត្រី​ជន​ពិការ និង​អង្គការ​លើក​កម្ពស់​ស្ត្រី​មួយ​ចំនួន​ទៀត នឹង​ដាក់​អ្នក​សង្កេតការណ៍​ស្ត្រី​ចំនួន ៣០០​នាក់ ដើម្បី​តាមដាន និង​សង្កេតការណ៍​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន​១១។

នៅ​ពេល​ខាង​មុខ អង្គការ​ខុមហ្វ្រែល នឹង​បង្ហាញ​អំពី​តួលេខ​ស្ត្រី​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

ស្ត្រី​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែង​ថា ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ខាង​មុខ​របស់​កញ្ញា គឺ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ និង​ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​ឈ្លោះ​ប្រកែក​គ្នា​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត«មួយ​ទៀត គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា តើ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មាន​សារសំខាន់​អី​ខ្លះ»

ចំណែក​អតីត​ស្ត្រី​មាន​បញ្ហា​ដីធ្លី​នៅ​បុរីកីឡា និង​ជា​បេក្ខនារី​លេខ​រៀង​ទី​មួយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧មករា អ្នកស្រី រស់ សេងឃាង ថ្លែង​ថា ប្រសិន​បើ​អ្នកស្រី​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់ អ្វី​ដែល​អ្នកស្រី​ត្រូវ​ធ្វើ គឺ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ស្ត្រី និង​កុមារ​ដោយ​យុត្តិធម៌«គឺ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់​លើ​ជួយ​ដល់​ប្រជាពលរដ្ឋ»

មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ បញ្ជាក់​ថា ប្រសិន​បើ​ស្ត្រី​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​ច្រើន​ដូច​បុរស ស្ត្រី​ដែល​ជា​មេ​ឃុំ​ទាំងនោះ នឹង​ផ្ដោត​សំខាន់​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដូច​គ្នា និង​កុមារ​បាន​ច្រើន​ជាង​មុន។ អ្នកស្រី​ក៏​សង្កេត​ឃើញ​ថា រយៈពេល​កន្លង​ទៅ ស្ត្រី​មាន​បញ្ហា​ដីធ្លី និង​ផ្ទះ​សម្បែង​មួយ​ចំនួន​ដែល​ធ្លាប់​រង​ការ​ឈឺ​ចាប់ គឺ​នៅ​ពេល​ជាប់​ឆ្នោត​ជា​មេ​ឃុំ-ចៅ​សង្កាត់ ពួក​គេ​បាន​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​ជាង​ស្ត្រី​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។