លោក សម រង្ស៊ី រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ក្រោយ​មាន​ដីកា​កោះ​ហៅ​បន្តបន្ទាប់

ដោយ ម៉ម មុនីរតន៍
2015.11.21
សម រង្ស៊ី ៦២០ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Taing Sarada

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំនឿ​មុតមាំ យក​ឈ្នះ​ការ​បោះឆ្នោត​លើ​គណបក្ស​កាន់​អំណាច​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ បើ​ទោះ​ខ្លួន​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ពិបាក​បន្ត​ទៀត​ក្ដី។

ទន្ទឹម​នឹង​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ត្រូវ​បន្ត​អត់ធ្មត់ និង​ជឿជាក់​ចំពោះ​គោលនយោបាយ​របស់​ខ្លួន។ ដោយ​ឡែក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ យល់​ឃើញ​ថា គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច គឺ​ធ្វើ​ការ​ដោយ​មិន​មាន​ភាព​រវើរវាយ ឬ​ចេះ​តែ​ស្មានៗ ​ចំពោះ​លទ្ធផល​ដែល​មិន​ទាន់​ទាំង​បាន​មក​ដល់​ផង ដូច​គណបក្ស​ប្រឆាំង​ឡើយ។

ការ​បោះឆ្នោត​សកល​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​​នៅ​សល់​ប្រមាណ ៣​ឆ្នាំ​ខាង​មុខ​ទៀត ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បង្ហាញ​ជំនឿ​នៅ​ពេល​នេះ​ថា គណបក្ស​ជំទាស់​ដែល​ជា​ដៃគូ​ប្រយុទ្ធ​ដ៏​ខ្លាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដណ្ដើម​ការ​បោះ​ឆ្នោត​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៨។

ថ្លែង​សារ​នយោបាយ​ពី​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ ខាង​មុខ​ទៀត​នេះ គឺ​គណបក្ស​ជំទាស់​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​យក​ប្រជាប្រិយភាព និង​សន្លឹក​ឆ្នោត​ពី​អ្នក​គាំទ្រ ហើយ​អាច​ឈាន​ទៅ​ដឹកនាំ​ប្រទេស​វិញ​ម្ដង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ងាយ ជាពិសេស​រឹត​តែ​ធ្វើ​ឲ្យ​គោលនយោបាយ​បក្ស​មាន​ភាព​រឹងមាំ​ជាង​មុន ហើយ​បាន​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​រក​យុទ្ធសាស្ត្រ​ថ្មី​ទៀត​សម្រាប់​ការ​ប្រយុទ្ធ​បន្ត​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ដោយ​យុត្តិធម៌៖ «យើង​សម្រេច​ក្នុង​ចិត្ត​របស់​យើង​ថា យើង​នឹង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ជ័យជំនះ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ ដូច​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន»

វីដេអូ​ឃ្លិប​ជិត ៤​នាទី​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ខ្លួន នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​ពុំ​បាន​លើក​ឡើង​ពី​គម្រោង​នៃ​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា វិញ​ទេ បើ​ទោះ​ជា​មាន​ដីកា​ថ្មី​មួយ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បន្ថែម​ពី​លើ​ដីកា​តាម​ចាប់​ខ្លួន​លោក​ហើយ​ក្តី។ ដីកា​តាម​ចាប់​​ខ្លួន​មេ​បក្ស​ប្រឆាំង​ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​លើ​លោក ហោ ណាំហុង ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​លោក ស៊ឺ វណ្ណនី កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ភាព​តានតឹង​ផ្នែក​នយោបាយ មិន​ទាន់​ទាំង​ចុះ​កម្តៅ​ទៅ​វិញ​នៅ​ឡើយ​ផង រយៈពេល ៨​ថ្ងៃ​ក្រោយ​ពោល គឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ស្រាប់​តែ​មាន​ដីកា​ថ្មី​បន្ថែម​មួយ​ទៀត ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ របស់​លោក កោ វណ្ឌី។ ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ជា​ថ្មី​ទៀត​នេះ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​៤ ធ្នូ គឺ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​សម​គំនិត ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក ឈឹម ផលវរុណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ក្នុង​ការ​អធិប្បាយ​ជុំវិញ​ជំហរ​គណបក្ស​ជំទាស់​នៅ​ពេល​នេះ ក៏ប៉ុន្តែ​លោក​អះអាង​ថា អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អនុវត្ត គឺ​ពុំ​មែន​ចេះ​តែ​ស្រមើស្រមៃ ឬ​យល់សប្ដិ​ឃើញ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​កាន់​អំណាច​ធ្វើ​ដោយ​ផ្អែក​លើ​គោលការណ៍​ត្រឹមត្រូវ និង​មាន​ទស្សនវិស័យ​ជាក់លាក់​របស់​ខ្លួន៖ «សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​យើង​ធ្វើ​នយោបាយ​មិន​ផ្អែក​ទៅ​លើ​ការ​ទស្សន៍ទាយ​ទេ គឺ​យើង​ផ្អែក​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​សន្តិភាព និង​សន្តិសុខ​ជាតិ ស្ថិរភាព​ដែល​ជា​មូលដ្ឋាន​សម្រាប់​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ជាតិ»

ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ត្រូវ​ប្រឈម​នឹង​ការ​តានតឹង​ផ្នែក​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ដោយ​ឡែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា ការ​វិល​ចូល​ប្រទេស​វិញ គឺ​មេ​បក្ស​ជំទាស់​នៅ​តែ​អាច​មក​បាន ក៏ប៉ុន្តែ​វិល​ចូល​ដោយ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ណា​មួយ​នោះ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អ្វី​ឡើយ ដោយសារ​កម្ពុជា ធ្លាប់​មាន​ពិសោធន៍​រួច​មក​ហើយ៖ «កន្លង​មក​យើង​បាត់បង់​ប្រយោជន៍​ជាតិ រឿង​ទាក់ទង​នឹង ២ ភាគ ៣ មក ៥០​ភាគរយ​បូក​១ អ៊ីចឹង​នេះ​រឿង​មួយ។ រឿង​ទីពីរ ប្រសិន​បើ​គាត់​ហ៊ាន​ប្រឈម​មក​ឲ្យ​ជាប់​គុក​ជាប់​ច្រវាក់​ទៅ គឺ​ខ្ញុំ​គិត​ថា មាន​​ដំណោះស្រាយ​លឿន​ជាង ល្អ​ជាង ហើយ​មិន​ចាំបាច់​ដោះដូរ​នឹង​ប្រយោជន៍​ជាតិ​ទេ»

ជុំវិញ​ការ​វិល​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី វិញ​នេះ លោក អេង ឆៃអ៊ាង ធ្លាប់​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ ការ​វិល​ចូល​ស្រុក​វិញ វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ គឺ​ខាង​គណបក្ស​ត្រូវ​សិក្សា និង​សម្របសម្រួល​ផ្នែក​នយោបាយ​ជា​មុន​សិន មុន​នឹង​ត្រូវ​សម្រេច​ថា ត្រូវ​ធ្វើ​បែប​ណា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។