ប្រធាន​បក្ស​ប្រឆាំង​គាំទ្រ​លោក ហ៊ុន សែន ដែល​ចង់​កែប្រែ​ខ្នាត​ផែនទី

ដោយ ម៉ម មុនីរតន៍
2016-11-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​បង្ហាញ​ជំហរ​គាំទ្រ​ការ​កែប្រែ​ខ្នាត​ផែនទី​ដែល​លោក ហ៊ុន សែន ផ្ដួចផ្ដើម​គំនិត​ជាមួយ​រដ្ឋាភិបាល​វៀតណាម ថ្មីៗ​នេះ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី​បាន​ពិគ្រោះ​យោបល់​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​វៀតណាម ថា​នឹង​ស្នើ​ឲ្យ​ប្រទេស​បារាំង ធ្វើ​ផែនទី​ថ្មី​ឡើង​វិញ​សម្រាប់​កម្ពុជា-​វៀតណាម។ ខ្នាត​ផែនទី​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​កែប្រែ​នេះ គឺ​កែ​ពី ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) មក​ជា​ខ្នាត ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន់) វិញ។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​ខ្វែង​គំនិត​គ្នា​រឿង​ផែនទី និង​ភាព​ចម្រូងចម្រាស​បញ្ហា​ព្រំដែន​នេះ ប្រហែល​ជា​អាច​លែង​កើត​មាន​ទៀត​ហើយ​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ប្រសិន​បើ​បំណង​នៃ​ការ​កែប្រែ​ខ្នាត​ផែន​ពី​ការ​ប្រើប្រាស់​ខ្នាត​ផែនទី​បោន (Bonne) មក​ជា​ខ្នាត យូ.ធី.អឹម (UTM) វិញ។ ការ​បញ្ជាក់​ដូច​នេះ​របស់​លោក​បណ្ឌិត មាស នី ស្រប​ពេល​ប្រធាន​គណបក្ស​ប្រឆាំង​បង្ហាញ​ជំហរ​គាំទ្រ​គំនិត​របស់​លោក ហ៊ុន សែន។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទ្រាំ​រស់​នៅ​ដោយ​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​តុលាការ​ក្រុង​ភ្នំពេញ អស់​ពេល​ជា​ច្រើន​​ឆ្នាំ​ណាស់​មក​ហើយ បង្ហាញ​បំណង​របស់​ខ្លួន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង កែប្រែ​ខ្នាត​ផែនទី​នេះ។

ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង ដែល​ធ្លាប់​រិះគន់​ដោយ​មិន​សំចៃ​មាត់ និង​ធ្លាប់​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស ព្រោះ​រឿង​ព្រំដែន​នេះ​ដែរ យល់​ឃើញ​ថា អ្វី​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​វា​ក៏​ជា​វត្ថុ​បំណង​ដែល​លោក​តែង​តែ​គិត​ចង់​បាន​ដែរ៖ «វា​ជា​គំនិត​ល្អ ខ្លួន​ខ្ញុំ​ក៏​មាន​គំនិត​ដូច​គ្នា​អ៊ីចឹង​ដែរ។ យើង​ត្រូវ​ពឹង​ពាក់​អ្នក​ដែល​មាន​ជំនាញ មាន​បទពិសោធន៍ មាន​ឯកសារ​ ដោយ​សារ​គេ​មាន​ពាក់ព័ន្ធ​រឿង​នេះ​ជិត ១៥០​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​សប្បាយ​ចិត្ត»

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ស្រង​សម្ដី​របស់​លោក ហ៊ុន សែន ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា ការ​បម្លែង​ខ្នាត​ផែនទី​ពី មួយ​លើ​មួយ​រយ​ពាន់​មក​ជា​ខ្នាត មួយ​លើ​ហាសិប​ពាន់​វិញ​នេះ គឺ​ដើម្បី​ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ពី​ឆ្នាំ​២០០៥។ គេ​នៅ​ចាំ​បាន​ថា មាន​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ធ្លាប់​រត់​ភៀសខ្លួន និង​ត្រូវ​ជាប់​គុក ព្រោះ​តែ​រិះគន់​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ។

ក្រុម​អ្នក​រិះគន់​ចាត់​ទុក​ថា សន្ធិសញ្ញា​បំពេញ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ រស់​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សន្ធិសញ្ញា​ដែល​ព្រមព្រៀង​រវាង​កម្ពុជា-​វៀតណាម នេះ គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទៅ​វៀតណាម បន្ថែម​ទៀត។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នៅ​ខេត្ត​សៀមរាប លោក ហ៊ុន សែន បាន​ចាត់​ឲ្យ​លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​​ព្រាង​ឯកសារ​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​លិខិត​ស្នាម​ផ្លូវការ ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​កែ​ខ្នាត​ផែនទី​នេះ​ឡើង​វិញ។

ទាក់ទិន​រឿង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ឃើញ​ថា ប្រធាន​គណបក្ស​ប្រឆាំង​មិន​គួរ​ប្រញាប់ប្រញាល់​លឿន​ពេក យល់​ព្រម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នេះ​ទេ។ ជាង​នេះ​ទៀត ការ​កែប្រែ​ត្រូវ​មាន​សេចក្ដី​សម្រេច​ពី​រដ្ឋ​សភា​ជា​មុន​សិន មុន​នឹង​ចង់​កែប្រែ​អ្វី​មួយ ព្រោះ​កម្ពុជា ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ចែង​ថា បូរណភាព​ទឹកដី​កម្ពុជា មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

អ្នក​វិភាគ​សង្គម និង​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការ​បង្ហាញ​ជំហរ​របស់​មេ​បក្ស​ប្រឆាំង​ប្រហែល​ជា​ចង់​បាន​ការ​អនុគ្រោះ​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល។

លោក​បន្ត​ថា លោក សម រង្ស៊ី ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​ការ​អត់​ឱន​ផ្នែក​នយោបាយ​នេះ តាម​រយៈ​រូបមន្ត​នៅ​ក្នុង​រដ្ឋសភា​ម្ដង​រួច​​មក​ហើយ៖ «ខ្ញុំ​គិត​ថា រឿង​នេះ​មិន​ខុស​គ្នា​អី​ពី​ស្ថានភាព​មួយ​ដែល​កើត​ឡើង​ពី​អាណត្តិ​មុន​ទាក់ទិន​ទៅ​នឹង​រឿង ៥០+១ ហើយ​និង ២​ភាគ​៣​ទេ ដែល​ពេល​នោះ​គឺ​គណបក្ស​ប្រឆាំង​បាន​យល់​ព្រម​អនុម័ត ៥០+១ ដែល​ជា​ការ​អនុម័ត​ផ្សេងៗ​នៅ​ក្នុង​សភា»

កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញ​ជំហរ​កែប្រែ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​២ នេះ​ដែរ។ អ្នក​វិភាគ​នយោបាយ​រិះគន់​ថា ប្រសិន​បើ​មាត្រា​២ នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម ដូច​បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​មែន នោះ​មិន​ខុស​ពី​ការ​កាត់​តម្រឹម​ផែនទី​ទៅ​នឹង​ផ្ទៃដី​ជាក់​ស្ដែង​ដែល​ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​អះអាង​ថា កំពុង​បាត់បង់​ទៅ​វៀតណាម ឡើយ។

បញ្ហា​ព្រំដែន​នេះ នៅ​តែ​ជា​ចំណុច​រសើប និង​ក្ដៅ​គគុក​របស់​រដ្ឋាភិបាល​ដែល​ចាត់​វិធានការ​មិន​រើស​មុខ។ ទាក់ទិន​រឿង​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​ក្រោម​ហេតុផល​ថា ក្បត់​ជាតិ និង​នាំ​ឲ្យ​វឹកវរ​ដល់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Near Chey

ពី Kratie

According to his mother in law, Lok yeay Phoat, Ngek Tiou Long,s wife who told us in Long Beach, CA in 2004, Sam Rainsy had received millions of Dollars from Hun Sen, for all what he had been told, from Changing the 2/3 TO 50+1 SYSTEM in Khmer Constitution, and other issues which facilitate Ayorg Youn's, traitor Hun Sen to kill Khmer and destroy Cambodia. Sam Rainy is just a traitor and Hun Sen' dog.
She also told us that Monique SIHANOUK was the One who got Ho Chi Ming, Last Will and stayed with H C M until he died.

Nov 27, 2016 04:39 AM

កូនខ្មែរ

ពី ភព

តើសមរង្សីបានធ្វើអ្វីខ្លះសម្រាប់រាស្រ្តនិងប្រទេសខ្មែរ?ទី១ៈដកពាក្យបណ្ដឹងហ៊ុនសែនចេញពីតុលាការអន្តរជាតិដោះដូរនិងការលើកលែងពីហ៊ុនសែនឲ្យខ្លួនបានចូលស្រុកវិញុ,ទី២ៈចូលរួមកែប្រែច្បាប់សម្រាច់ពី២/៣មក៥០បូកមួយវិញដើម្បីឲ្យហ៊ុនសែនស្រួលសម្រាច់ការដូចសព្វថ្ងៃ,ទី៣ៈដឹកនាំដំណាងរាស្រ្តបក្សខ្លួនឯងចូលសភាដើម្បីឲ្យសភាហ៊ុនសែនពេញលក្ខណៈនិងពេញច្បាប់,ទី៤ៈយល់ស្របគាំទ្រហ៊ុនសែនក្នុងការគូសផែនទីស្រុកខ្មែរជាថ្មី(ខ្នាត១/៥០០០០)ដើម្បីដោះដូរការលើកលែងទោសនឹងបានចូលស្រុកវិញហើយក៏ជាការគាំទ្រហ៊ុនសែនក្នុងការកាត់ដីខ្មែរឲ្យទៅយួនស្របច្បាប់ដែរ។រួមមកសកម្មភាពសមរង្សីទាំងប៉់ុន្មានគឺជួយហ៊ុនសែនកាត់ដីខ្មែរឲ្យទៅយួនដោយស្របច្បាប់។
កំណត់សំគាល់៖សកម្មភាពសមរង្សី=សកម្មភាពសមសារី៕

Nov 26, 2016 10:08 PM

អ្នក​អាន​អនាមិក

Sam Rainsy has lost his memory all the time when he has almost done his job.

Nov 26, 2016 08:22 AM

អ្នក​អាន​អនាមិក

ពូជន៍ក្បត់ជាតិ នៅតែក្បត់ជាតិដដែល-----> បណ្ដាំក្រមង៉ុយ នៅជាធរមានគ្រប់សម័យកាល។

Nov 26, 2016 06:44 AM

គេហទំព័រ​ទាំងមូល