លោក ស ខេង ថា​រឿង​លក្ខន្តិកៈ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ចប់​ហើយ

ដោយ រាជ វិញ្ញូ
2017.05.04
កឹម សុខា ប៉ុល ហំម មូរ សុខហួរ អេង ឆៃអ៊ាង ៨៥៥ ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​ការងារ​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៤ ឧសភា ថា ភាព​ចម្រូងចម្រាស​រវាង​ក្រសួង​មហាផ្ទៃ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​រឿង​លក្ខន្តិកៈ​បក្ស​នោះ បាន​ចប់​សព្វគ្រប់​ហើយ។

លោក​បន្ត​ថា រឿង​កន្លង​មក​ដែល​នាំ​ឲ្យ​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​សមាសភាព​របស់​អនុប្រធាន​បក្ស​ប្រឆាំង ដោយសារ​តែ​បក្ស​នេះ​ធ្វើ​ខុស​ទៅ​នឹង​លក្ខន្តិកៈ​ដែល​តម្កល់​ទុក​នៅ​ក្រសួង ហើយ​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ៖ «កាល​ណា​ឯកសារ​គាត់​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ គឺ​ត្រូវ​គោរព​តាម​ឯកសារ​នោះ ហើយ​នៅ​ពេល​គាត់​មិន​គោរព ឱ្យ​ខ្ញុំ​ទៅ​គោរព​យ៉ាង​ម៉េច​នឹង​កើត? ហើយ​ឱ្យ​ខ្ញុំ​ប្រាប់​គាត់​ថា ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​ត្រូវ ខ្ញុំ​អត់​ដឹង​ដែរ ពីព្រោះ​ឯកសារ​គាត់​តម្កល់​ទុក មក​ឱ្យ​ខ្ញុំ​ណែនាំ ខ្ញុំ​នឹង​ខុស​ហើយ អ៊ីចឹង​ខ្ញុំ​មិន​អាច​និយាយ​ទាំង​ទទឹង​ទិស​នៅ​ពេល​គាត់​ធ្វើ​ខុស ហើយ​ខ្ញុំ​ថា​ត្រូវ​ទេ។ ដូច្នោះ អត់​បាន​ទេ ត្រូវ​តែ​ធ្វើ​តាម​ឯកសារ​ដែល​គាត់​តម្កល់​ទុក ហើយ​ខ្ញុំ​គ្រាន់​តែ​ជម្រាប​ប្រាប់​គាត់​ថា​ខុស គឺ​ខុស​ទៅ​នឹង​ច្បាប់​របស់​គាត់​ទេ»

ការ​ថ្លែង​របស់​លោក ស ខេង នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​ដែល​មាន ៩​ជំពូក និង ៥៨​ប្រការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ពេល​គណបក្ស​នេះ​បាន​យក​ទៅ​តម្កល់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ក្រោយ​ពី​បាន​ធ្វើ​វិសោធនកម្ម​ប្រការ ៤៧ (ថ្មី) ទៅ​ប្រការ ៤៧ (ថ្មី​មួយ) ដោយ​សម្រេច​លុប​ចេញ​រយៈពេល​នៃ​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។

ក្រោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ នេះ នៅ​ថ្ងៃ​ទី​៣ ឧសភា មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា គណៈកម្មការ​នាយក​គណបក្ស នឹង​ជ្រើសរើស​អនុប្រធាន​នៅ​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​ឧសភា បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​គណបក្ស វិល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក វិញ។ មន្ត្រី​បក្ស​ប្រឆាំង​ដដែល​នេះ​បញ្ជាក់​ថា គណបក្ស​នឹង​ដាក់​បេក្ខភាព​អនុប្រធាន​បក្ស​នេះ​ជា​បេក្ខភាព​ចាស់​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។