សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន​ប្ដេជ្ញា​មិន​ចុះចូល​កាន់អំណាច​ទោះបី​ត្រូវ​រលាយ​បក្ស

ដោយ អាស៊ីសេរី
2017-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​រួមគ្នា​ប្ដេជ្ញា​មិន​ចុះចូល​បក្ស​កាន់អំណាច នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​រួមគ្នា​ប្ដេជ្ញា​មិន​ចុះចូល​បក្ស​កាន់អំណាច នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន ប្រកាន់​ជំហរ​ជាថ្មី​ថា ពួកគាត់​មិន​ចុះចូល​ធ្វើជា​សមាជិក​គណបក្ស​កាន់អំណាច​ជា​ដាច់ខាត បើ​ទោះ​បី​ជា គណបក្ស​របស់​ខ្លួន​ត្រូវ​គេ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាងមុខ​ក្ដី។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​មិន​ទៅ​ជ្រក​ក្រោម​ទង់​ទេវតា ដោយសារ​ពួកគេ​មើល​ថា មានតែ​គណបក្សប្រឆាំង​ទេ ដែល​អាច​ស្រោចស្រង់​នាវា​កម្ពុជា​ឆ្ពោះ​រក​ប្រជាធិបតេយ្យ​បាន។

មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អះអាង​ថា ពួកគាត់​បាន​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ហើយ គឺ​នៅតែ​សកម្ម​ការងារ​របស់​គណបក្ស​ខ្លួន​ទៅ​មុខ​ទៀត ដោយ​មិន​ក្បត់​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អ្នកស្រី វ៉ែន ដារា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ថ្វីបើ​មួយ​រយៈ​ចុងក្រោយ​នេះ មាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មាន​ទាំង​ថ្នាក់​ឃុំ ស្រុក រហូត​ដល់​អភិបាលខេត្ត​ប៉ៃលិន បាន​មក​បញ្ចុះបញ្ចូល​អ្នកស្រី ព្រមទាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ខ្លួន ឲ្យ​ទៅ​រួមរស់​ក្រោម​ដំបូល​ទេវតា​ជាច្រើន​លើក​មក​ហើយ​ក្ដី ក៏​មិន​អាច​ទិញ​ទឹកចិត្ត​អ្នកស្រី។

អ្នកស្រី​អះអាង​ថា មូលហេតុ​ដែល​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ព្រោះ​បាន​ស្គាល់​ក្រយៅ​ច្បាស់​ហើយ​ថា គណបក្ស​មួយ​នេះ​មិន​អាច​ធ្វើ​ប្រទេសជាតិ​រីក​ចំរើន​បាន​ទេ៖ «ខ្ញុំ​អត់​មាន​ចាប់​អារម្មណ៍​បញ្ហា​ចុះចូល​ទេ គឺ​ថា​ជំហរ​ខ្ញុំ​នៅ​តែ​រឹង​ដដែល ហើយ​មិន​មែន​ទើប​តែ​អាណត្តិ​នេះ​ទេ​ គ្រប់​អាណត្តិ​មក​ហើយ​​តែង​តែ​គេ​អូសទាញ​ខ្ញុំ។ កាល​គ្រួសារ​ខ្ញុំ​គេ​ចាប់​ដាក់គុក ១៣​ឆ្នាំ ខ្ញុំ​មិន​ទៅ​ផង​ ទម្រាំ​មក​ដល់​ថ្ងៃ​នេះ​គឺ​ដាច់ខាត​ហើយ សុខចិត្ត​ធ្វើ​ដើម្បី​ជាតិ​ដើម្បី​ប្រជាពលរដ្ឋ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី៨ វិច្ឆិកា បាន​ថ្លែង​សាជាថ្មី​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ជា​ពុំ​ខាន។

ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន បបួល​មហាជន​ទូទៅ​ភ្នាល់​គ្នា​ថា ១០០ ស៊ី​តែ ១​ទេ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មិន​រលាយ​នោះ។

អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​ក៏បាន​ដាក់​ទំនាយ​ដល់​ក្រុម​ប្រឆាំង​ផង​ដែរ​ថា ពួកគេ​ទៅ​ចុះ​នរក​ឯណា​ក៏​ទៅៗ​ប្រសិនបើ​មិន​ជឿ​លោក​នោះ។

ទោះជា​យ៉ាង​នេះ​ក្ដី អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា បើ​ទោះ​ជា​មាន​សារ​បែប​គំរាមកំហែង របស់​លោកនាយក​រដ្ឋមន្ត្រី​យ៉ាង​នេះ​ក្ដី ក៏​លោក​និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​ប៉ៃលិន មិន​ចុះចូល​គណបក្ស​កាន់អំណាច​ជាដាច់ខាត ព្រោះ​លោក​ថា មានតែ​គណបក្សប្រឆាំង​តែ​មួយ​គត់ ដែល​អាច​ដឹក​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​សង្គម​ប្រជាធិបតេយ្យ​បាន៖ «ព្រោះ​ទាំង​គ្នា​យើង​គិត​ថា ការងារ​​ហ្នឹង​មិន​មែន​​ជា​របស់​យើង​ ជា​របស់​ប្រជាពលរដ្ឋ​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​យើង​មក​ឈរ​តំណាង​បក្ស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ ហើយ​ដល់​ពេល​យើង​លក់​យក​ប្រយោជន៍​ខ្លួន​ឯង វា​ផ្ទុយ​នឹង​ឆន្ទៈ​យើង​ផង​ និង​ផ្ទុយ​ពី​ផល​ប្រយោជន៍​ពលរដ្ឋ​ផង។ដូច្នេះ​ពួក​យើង​មិន​អាច​ធ្វើ​ជា​មនុស្ស​ងប់ងុល​គិត​ចង់​បាន​តែ​ប្រយោជន៍​ខ្លួន​ឯង​ទេ»

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ការ​រួម​គ្នា​ស្មោះស្ម័គ្រ​របស់​មន្ត្រី​ថ្នាក់ក្រោម នៃ​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺជា​សញ្ញា​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា គណបក្ស​មួយ​នេះ​ចាក់គ្រឹះ​រឹងមាំ​នៅ​ថ្នាក់​មូលដ្ឋាន។ លោក មាស នី ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ភាព​ខ្លាំង​របស់​គណបក្ស​ប្រឆាំង ដែល​មិន​អាច​បំបែក​បាន ដោយ​ងាយ​ឡើយ៖ «អ៊ីចឹង​ទេ​ខ្ញុំ​គិត​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​​គណបក្ស​នេះ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​គូបដិបក្ខ​របស់​ខ្លួន​ទេ​ ដូច្នេះ​មាន​តែ​ផ្លូវ​បង្ហាញ​សាមគ្គី​ភាព​មួយ​ទេ។ រឿង​នេះ​ក៏​ជា​ផ្នែក​មួយ​បង្ហាញ​ជា​សញ្ញា​ទៅ​កាន់​គួរ​បដិបក្ខ​របស់​ខ្លួន​ថា កម្លាំង​នៅ​ក្នុង​មូលដ្ឋាន​មិន​ថមថយ​ទេ ហើយ​មក​ដល់​ពេល​នេះ សង្គ្រោះ​ជាតិ​នៅ​រក្សា​កម្លាំង​បាន​ល្អ​ ព្រោះ​ការ​ចុះ​ចូល​មាន​ចំនួន​តិច»

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា បើ​ទោះ​ជា​មាន​អាជ្ញាធរ​គណបក្ស​កាន់អំណាច​មក​ចែចូវ​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ គណបក្ស​លោក​ជាច្រើនលើក​មក​ហើយ​ក៏ដោយ​ចុះ ប៉ុន្តែ​លោក​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​សកម្មជន​របស់​គណបក្ស​ណា​ម្នាក់​ទៅ​ជ្រក​ក្រោម​ទង់​ទេវតា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរ

សូមគាំទ្រនូវការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់នេះ។ អ្នកទាំងអស់គ្នាធ្វើត្រឹមត្រូវហើយ។

Nov 09, 2017 07:48 PM

គេហទំព័រ​ទាំងមូល