យុវជន​៣​ក្រុម​ជួបជុំ​គ្នា​ផ្សព្វផ្សាយ​អំពី​សន្តិភាព

ដោយ ឡេង ម៉ាលី
2014.02.23
យុវជន ៦១០ ក្រុម​យុវជន​រាំ​ផ្សព្វផ្សាយ​សន្តិភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Uon Chhin

យុវជន​ក្នុង​ក្រុម​ការងារ​សន្តិភាព ៣​ក្រុម មាន​មនុស្ស​ចំនួន ៥០​នាក់​ក្នុង​មួយ​ក្រុម បាន​ជួបជុំ​គ្នា​ផ្សព្វផ្សាយ​អំពី​សន្តិភាព​នៅ​ទីលាន​សាធារណៈ រាជធានី​ភ្នំពេញ ៣​កន្លែង នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ។

តំណាង​ក្រុម​ការងារ​សន្តិភាព​មួយ​រួប គឺ​លោក ឈាង រិទ្ធី ថ្លែង​ថា ក្រុម​ការងារ​សន្តិភាព​ជា​បណ្ដាញ​អង្គការ​សមាគម​ចំនួន​ជាង ២០ ដែល​ធ្វើ​ការ​ដើម្បី​កសាង​សន្តិភាព​នៅ​កម្ពុជា។ យុវជន​ក្នុង​ក្រុម​ការងារ​ដែល​មាន​ចំនួន​ពី​ជាង ១០​នាក់ ទៅ ៥០​នាក់​ក្នុង​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​រាំ ទាត់​សី និង​លេង​ល្បែង​ប្រជាប្រិយ លាក់​កន្សែង​នៅ​ទី​សាធារណៈ ៣​កន្លែង​ខុស​គ្នា គឺ​សួន​ច្បារ​មុខ​វត្ត​បទុម សួន​មុខ​វត្ត​ឧណ្ណាលោម និង​នៅ​សួន​ស្ពាន​នាគ ជិត​វត្ត​ភ្នំ ដើម្បី​ផ្សព្វផ្សាយ​សារ​សន្តិភាព។

ការ​ផ្ញើ​សារ​សន្តិភាព​របស់​ពួក​យុវជន​ទាំង​នេះ គឺ​តាម​រយៈ​អាវ​ដែល​គេ​ពាក់​មាន​សរសេរ​សារ​ថា "យើង​រួម​គ្នា​ដើម្បី​សន្តិភាព" និង "សន្តិភាព​នៅ​ក្នុង​ដៃ​របស់​អ្នក"។

លោក ឈាង រិទ្ធី បញ្ជាក់​ថា ពួក​លោក​មិន​ទាម​ទារ​សន្តិភាព​តែ​ពី​រដ្ឋាភិបាល​ទេ គឺ​សំដៅ​ដល់​សាធារណជន​ទូទៅ៖ «យើង​អត់​បាន​ទាមទារ​ដោយ​ផ្ទាល់​ទេ។ ប៉ុន្តែ​យើង​ព្យាយាម​ឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​ពាក្យ​សន្តិភាព។ បើ​សិន​ករណី​គាត់​មាន​រឿង​អី​កើត​ឡើង គាត់​ប្រកាន់​ខ្ជាប់​នូវ​អហិង្សា ហើយ​គាត់​ស្រឡាញ់​សន្តិភាព​ទាំង​អស់​គ្នា ទាំង​ប្រជាពលរដ្ឋ ទាំង​រដ្ឋាភិបាល»

ការ​ជួបជុំ​របស់​យុវជន​នៃ​ក្រុម​ការងារ​សន្តិភាព​នៅ​មុខ​វត្ត​បទុម និង​វត្ត​ឧណ្ណាលោម បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ ប៉ុន្តែ​នៅ​ឯ​សួន​ស្ពាន​នាគ​ជិត​វត្ត​ភ្នំ​វិញ បាន​ប៉ះ​សម្ដី​គ្នា​តឹងតែង​ជាមួយ​អាជ្ញាធរ ដែល​ថា​ការ​ជួបជុំ​របស់​យុវជន​ទាំង​នេះ​ជា​ការ​ប្រមូល​ផ្ដុំ​ខុស​ច្បាប់។ ជា​ចុង​ក្រោយ​ពួក​យុវជន​បាន​បំបែក​គ្នា​វិញ ដោយ​មិន​ការ​ប៉ះទង្គិច​ហិង្សា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។