ពលរដ្ឋ​ខេត្ត​ស្វាយរៀង​បារម្ភ​ពី​គ្រាប់បែក​គីមី​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2017-10-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC
មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​សិក្សា និង​កំណត់​លក្ខណៈ​បច្ចេកទេស​យក​គ្រាប់​គីមី​ប្រភេទ chlorobenzalmalononitrile (CS) នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of CMAC
Photo courtesy of CMAC

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​កន្លែង​ផ្ទុក​គ្រាប់បែក​គីមី​មិនទាន់​ផ្ទុះ​ថា ពួកគេ​រស់នៅ​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ​មិនដែល​ព្រួយបារម្ភ ឬ​ភ័យខ្លាច​ពី​ឥទ្ធិពល​គ្រាប់បែក​គីមី​នោះ​ទេ។ ប៉ុន្តែ ពលរដ្ឋ​ទើប​ចាប់​ផ្ដើម​ព្រួយបារម្ភ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ក្រោយពេល​លោក ហ៊ុន សែន និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គ្រាប់​នេះ​សាហាវ និង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ។

វោហារ​សព្ទ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ព្រមាន​ពី​ករណី​គ្រោះថ្នាក់​គ្រាប់​បែក​គីមី នៅ​ស្រុក​រមាសហែក​ខេត្ត​ស្វាយរៀង កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ តំបន់​ផ្ទុក​គ្រាប់បែក​មាន​ការ​ព្រួយ​បារម្ភ។ ពួកគេ​ខ្លាច​គ្រាប់បែក​នោះ នៅ​ពេល​ជីក​យកចេញ​មាន​បញ្ហា​អ្វីមួយ​នោះ នឹង​បង្ក​គ្រោះ​ដល់​អាយុ​ជីវិត​ពួកគេ។

ពលរដ្ឋ​រស់នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក ម៉ៅ សាវិន មាន​អាយុ ៧៧ឆ្នាំ ប្រាប់​ថា កាល​ពី​មុន​លោក​មិនដែល​ចាប់អារម្មណ៍​ទៅ​នឹង​គ្រាប់បែក​គីមី បើ​ទោះ​ជា​លោក​ធ្លាប់​បាន​ដឹង​ពី​ឥទ្ធិពល និង​ការ​ទម្លាក់​គ្រាប់​នៅ​នេះ​កាលពី​អំឡុង​១៩៧២។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា កាលពី​គ្រាប់​បែក​ទម្លាក់​មិន​មាន​មនុស្ស​ស្លាប់ ប៉ុន្តែ​គ្រាប់បែក​នេះ​ធ្វើ​ហប់​ខ្យល់​ក្លិន​ឆួល​ពិបាក​រក​ដង្ហើម។

ពលរដ្ឋ​មួយទៀត លោក ឈុន សាគុណ បាន​ឲ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ដើម​ឆ្នាំ​២០១៧ ថា កាល​ពី​សម័យ​ទម្លាក់​គ្រាប់បែក លោក​នៅ​ក្មេង​តូចៗ ហើយ​បើ​តំបន់​ណា​ត្រូវ​ម្សៅ​គ្រាប់បែក​ធ្លាក់​ចំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សន្លប់។ លោក​បន្ត​ថា លោក​ធ្លាប់​ជីក​ដី​ចម្ការ​ប៉ះចំ​អំបែង​គ្រាប់បែក គឺ​អំបែង​គ្រាប់​នោះ​ធំ​ក្លិន​ឆួល​ធ្វើ​ឲ្យ​ក្ដៅ​ក្រហល់​ក្រហាយ​មុខ។ ពលរដ្ឋ​រូប​នេះ យល់​ថា នៅ​ពេល​ជីក​គ្រាប់បែក​បើ​មានការ​ប្រុងប្រយ័ត្ន និង​វិច​ខ្ចប់​ត្រឹម​ត្រឹម នឹង​មាន​គ្រោះថ្នាក់​នោះ​ទេ។

ក្រោយ​លោក ហ៊ុន សែន ព្រមាន​ពី​ករណី​គ្រាប់បែក​គីមី មិនទាន់​ផ្ទុះ​នៅ​ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង រយៈ​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ក្នុង​សប្ដាហ៍​នេះ រួម​ថ្លែង​បែប​ចំអក​ទៅ​សហរដ្ឋអាមេរិក​ថា ពេល​ជួប​មុខ​លោក​ទារ​តែ​បំណុល​នោះ។ លោក ហ៊ុន សែន ថែម​ទាំង​អះអាង​ថា នឹង​ជីក​យក​គ្រាប់បែក​គីមី​នេះ​ចេញ​ដោយ​មិន​ខ្ចី​សុំ​លុយ​អាមេរិក។

ពេលនេះ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) ប្រកាស​ថា នឹង​ចាប់​ផ្ដើម​ជីក​យក​គ្រាប់បែក​នេះ​ចេញ​នៅ​ដើម​សប្ដាហ៍​ក្រោយ​។

មេភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក លោក ព្រាប សំអាង ឲ្យ​ដឹង​ថា ថ្នាក់លើ​ប្រាប់​លោក​ឲ្យ​ជម្លៀស​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កប់​មីន​ចេញ​ពី​ទីតាំង​នេះ ចំងាយ ៥០០​ម៉ែត្រ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​តុលា តទៅ ដែល​ផែនការ​ជម្លៀស​នេះ មាន​រយៈពេល​១០​ថ្ងៃ។ លោក​មេភូមិ​បន្ត​ថា ចាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ពី​ប្រកាស​ពី​ឥទ្ធិពល​គ្រាប់បែក​នេះ រួម​ទាំង​មាន​មន្ត្រី​ធំៗ​ចុះទៅ​កន្លែង​កប់​មីន​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​ក្នុង​ភូមិ​ចាប់​ផ្ដើម​ភ័យខ្លាច។

កាលពី​ចុងខែ​មករា ឆ្នាំ​២០១៧ ស៊ីម៉ាក់ បាន​រក​ឃើញ​ថា គ្រាប់បែក​គីមី (chlorobenzalmalononitrile) មាន​ទម្ងន់​ប្រមាណ​ជាង ២០០​គីឡូក្រាម ក្នុង​មួយ​គ្រាប់ បាន​កប់​ក្នុង​ដី​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ស៊ីម៉ាក់​ថា គ្រាប់​បែក​ទាំងពីរ​គ្រាប់ ជា​ប្រភេទ​ធុង​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ត្រូវ​បាន​ទម្លាក់​ពី​យន្តហោះ​របស់​អាមេរិក ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដើម្បី​បណ្ដេញ​ទាហាន​កុម្មុយនិស្ត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា នៅ​ជាប់​ព្រំដែន​វៀតណាម។ ប៉ុន្តែ​ទើប​ឃើញ​លោក ហ៊ុន សែន បង្ហាញ​ការភ័យខ្លាច​ពី​ឥទ្ធិពល​គ្រាប់បែក​គីមី​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ដែល​ប្រតិកម្ម​របស់ ហ៊ុន សែន គឺ​ស្រប​ពេល​ដែល​លោក​ចោទ​ប្រកាន់​ថា សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ចលនា​បដិវត្ត​ពណ៌​ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ខណៈ​រដ្ឋាភិបាល​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​នេះ។

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ដោះ​គ្រាប់បែក​គីមី ២​គ្រាប់​បន្សល់​ទុក ក្នុង​ឃុំ​គគីរ​នេះ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា លោក សេរី កុសល បាន​និយាយ​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នៃ​ការ​ប្រកាស​នៃ​ការ​រក​ឃើញ​គ្រាប់បែក​នេះ ព្រោះ​រដ្ឋាភិបាល​ត្រូវការ​ពេលវេលា​ដើម្បី​ជូនដំណឹង ទៅ​អង្គការ​សហប្រជាជាតិ ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថាន​ពាក់ព័ន្ធ​នានា។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ដូចនេះ ស្ថានទូត​អាមេរិក​បដិសេធ​ថា មិន​ទទួល​បាន​សំណើ​ពី​រដ្ឋាភិបាល​រឿង​ជួយ​សម្អាត​គ្រាប់បែក​គីមី កប់​ក្នុង​ដី​នៅ​ខេត្ត​ស្វាយរៀង​ទេ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក អារ៉ែ​ន ស្វាត៍ចេស្ស (Arend Zwartjes) ឲ្យ​អាស៊ីសេរី​ដឹង​តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា ស្ថានទូត​ពុំ​មាន​ការជំទាស់​ឡើយ ប្រសិនបើ​ស៊ីម៉ាក់ នឹង​ត្រូវ​យក​ថវិកា​មួយ​ចំនួន នៃ​ទឹកប្រាក់​ចំនួន ២​លាន​ដុល្លារ​អាមេរិក ដែល​សហរដ្ឋអាមេរិក​ផ្ទល់​ឲ្យ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រើប្រាស់​លើ​ការ​ដោះ​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​នានា សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ដោះ​គ្រាប់បែក​គីមី​នេះ។

ជាង​នេះ​ទៅ​ទៀត អ្នកនាំពាក្យ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា គម្រោង​ដោះ​មីន​មនុស្សធម៌​ចំនួន​បី ដែល​ត្រូវ​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​លុបចោល​ទៅវិញ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​សម​យុទ្ធ​យោធា​រួមគ្នា​ជាមួយ​អាមេរិក។

រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​បំណុល​នោះ កំពុង​ជំពាក់​បំណុល សហរដ្ឋអាមេរិក ដែល​បន្សល់​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ ជិត​៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា ពាក់​កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​លុបបំបាត់​យុទ្ធភណ្ឌ ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ លោក​អះអាង​ថា ប្រាក់​ចំនួន​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស ពោល​គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០​ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រជាជនភ័យខ្លាចដោយសារនាយករដ្ឋមន្ត្រីប្រមាន???។អញ្ចឹងRFAយល់ថាទុកឲ្យប្រជាជនរស់នៅជាមួយគ្រាប់បែកគីមីអញ្ចឹងទៀតដោយស្ងប់ស្ងាត់ដោយមិនបាច់ភ័ខ្លាច???។

Oct 02, 2017 06:00 AM

Comrade Hun Sen as a vietcong deadly hit-squards

Comrade Hun Sen try to blame game to others,and this bomb was used during n.vietnam's war to destroy n.vietnames commie guerrillas by B-52 bomber to bombardment on along Ho Chi Minh's trailed to cutoff NVC rebellions who smuggled the weapons,medicines,foods from China,USSR and other.So why the B-52 bombarded inside Khmer's territory ?"around 1967-1969s",because Sihanouk permission the nvc's radical guerrillas hit/run to based inside Cambodia to avoid B-52 air raided campaign to destroy the n.vietcong commie guerrillas who hit/run into Khmer territory to avoid from bombardment.Probably early in 1969 when i was a childhood in that time and i watched the news broadcasted"blacken white tv",and i seen some young/old innocent khmer pple gotten killed or wounded,am not complained that situation,because the B-52 bomber chased them"nvc"who run for life to avoid bombardment"or include comrade Hun Sen too,who's the hell u no?.

Oct 01, 2017 06:17 PM

ដើមត្នោត

គេដឹងថាមានគ្រាប់នេះយូរដែរហើយ តែគេចិញ្ចឹមទុកដើម្បីប្រើប្រាស់ក្នុងល្បែងនយោបាយរបស់គេ ។

Oct 01, 2017 06:16 PM

គេហទំព័រ​ទាំងមូល