"លោក ហ៊ុន សែន មិនមែន​ជា​គំរូ​នៃ​ការ​ផ្លាស់ប្ដូរ​សង្គម"

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់ប្ដូរ​ដូច​ការ​អះអាង​របស់​គាត់​នោះ​ទេ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៥។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយ​ដឹង​ថា  លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់ប្ដូរ​ដូច​ការ​អះអាង​របស់​គាត់​នោះ​ទេ។

ការ​ប្រើ​ល្បិច និង​ការ​ប្រកាស​នៅ​បន្ត​កាន់​អំណាច​រហូត​ដល់​អាយុ​ជិត ១០០​ឆ្នាំ​របស់​គាត់ ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ផ្លាស់ប្ដូរ។ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា​មាន​បញ្ហា​សង្គម​ជា​ច្រើន​មិន​អាច​ដោះស្រាយ​ចេញ ហើយ​ថែមទាំង​ប្រែប្រួល​ទៅ​រក​ស្ថានការណ៍​អាក្រក់​ទៀត​ផង។

តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ជា​សាស្ត្រាចារ្យ​គំរូ​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ផ្សេង​ទៀត​បាន​ទេ?

លោក ប៊្រែដ អាដាម ប្រតិកម្ម​តប​លោក ហ៊ុន សែន

មាន​ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា លោក​អាច​បង្រៀន​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ផ្សេងៗ​អំពី​ការ​ផ្លាស់ប្ដូរ​នោះ លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​តំបន់​អាស៊ី មាន​ប្រសាសន៍​ថា លោក​អត់​ផ្ទុះ​សំណើច​មិន​បាន​នៅ​ពេល​លោក​ឮ​ដូច្នេះ។

ទោះ​ជា​យ៉ាង​ណា លោក​ថា ផ្អែក​តាម​ការ​ជាក់ស្ដែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​គ្រូ​ដ៏​ពូកែ​ម្នាក់​បង្រៀន​មេដឹកនាំ​ជុំវិញ​ពិភពលោក​អំពី​វិធីសាស្ត្រ​ក្នុង​ការ​កាន់​អំណាច​បាន​យូរ​តាម​រយៈ​អំពើ​ពុករលួយ និង​ការ​គំរាមកំហែង៖ «ខ្ញុំ​គិត​ថា លោក ហ៊ុន សែន គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​រំលោភ​សិទ្ធិមនុស្ស និង​ផ្ដាច់ការ។ ខ្ញុំ​មិន​គិត​ថា មាន​មេដឹកនាំ​ប្រទេស​ណា​មួយ​ចង់​រៀន​ពី​គាត់​ទេ ពីព្រោះ​គាត់​បាន​ដឹកនាំ​ប្រទេស​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស  មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ លោក ហ៊ុន សែន និង​មន្ត្រី​ជុំវិញ​ខ្លួន​គាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង។ នៅ​ពេល​គាត់​លើក​ឡើង​ថា គាត់​ជា​សាស្ត្រា​ចារ​នៃ​ការ​ផ្លាស់ប្ដូរ​នោះ ធ្វើ​អោយ​ខ្ញុំ​ហួសចិត្ត​និយាយ​លែង​ចេញ ពីព្រោះ​លោក ហ៊ុន សែន កាន់​អំណាច​ជាង ៣០​ឆ្នាំ​ហើយ នោះ​ហើយ​ជា​ការ​មិន​ផ្លាស់ប្ដូរ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ជាង ៣៦​ឆ្នាំ​ហើយ  នោះ​ហើយ​ដែល​ជា​ការ​មិន​ផ្លាស់ប្ដូរ ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មុខ​ដដែលៗ​ច្រើន​នាក់​ណាស់​ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ជាង ២០​ឆ្នាំ​ហើយ ដោយ​គ្មាន​ការ​ផ្លាស់ប្ដូរ ហើយ​លោក ហ៊ុន សែន  ខ្លួន​ឯង​ប្រកាស​ថា គាត់​នឹង​នៅ​កាន់​អំណាច​យូរ​​ទៅ​មុខ​ទៀត នោះ​ហើយ​ជា​ការ​មិន​មាន​ការ​ផ្លាស់ប្ដូរ។  ដើម្បី​ខ្លួន​គាត់ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​កាន់​អំណាច​បាន​យូរ​ទៅ​មុខ លោក ហ៊ុន សែន ដែល​ពូកែ​ខាង​នយោបាយ បាន​ប្រើ​ល្បិចកល​កខ្វក់​ក្នុង​ការ​បំបែកបំបាក់ គាបសង្កត់ និង​បង្ក្រាប​មនុស្ស​ដែល​ប្រឆាំង​នឹង​គាត់»

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រពណ៍ និង​សន្និបាត​កោះ​ពេជ្រ ក្នុង​ពិធី​ជួបជុំ​ពិសា​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​ឧកញ៉ា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា  លោក​បាន​ប្រាប់​ទៅ​អតីត​ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក ដែល​ផុត​អាណត្តិ ដែល​លោក​បាន​ជួប​ថា លោក​អាច​ធ្វើ​ជា​គ្រូបង្រៀន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អំពី "ការ​ផ្លាស់ប្ដូរ"។

លោក ហ៊ុន សែន៖ «ថ្ងៃ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក មុន​ពេល​ដែល​ចាកចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​ហៅ​ថា ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ​អ្នក​ណា? ឯកឧត្ដម​កំពុង​និយាយ​ជាមួយ​អ្នក​ណា? ឯកឧត្ដម​ពិត​ជា​កំពុង​និយាយ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ឯកឧត្ដម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្ដម ឬ​នាយករដ្ឋមន្ត្រី​ប្រទេស​ផ្សេង​លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ»

ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន

ក្នុង​រយៈពេល ៣០​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​ផ្លាស់ប្តូរ​ពិតជា​កើត​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ ឧទាហរណ៍៖ ការ​បញ្ចប់​សង្គ្រាម​ជាមួយ​ខ្មែរ​ក្រហម និង​ការ​ជួយ​អោយ​កម្ពុជា ត្រឡប់​ចូល​ទៅ​ក្នុង​ឆាក​អន្តរជាតិ​វិញ ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) និង​បាន​បង្ក​លក្ខណៈ​អោយ​វិនិយោគិន​បរទេស​ជា​ច្រើន​ចូល​មក​កម្ពុជា ជាដើម។ ប៉ុន្តែ​សម្រាប់​លោក ប្រ៊ែដ អាដាម យល់​ឃើញ​ថា ការ​បញ្ចប់​សង្គ្រាម​ជាមួយ​ខ្មែរ​ក្រហម​គឺ​បណ្ដាល​មក​កត្តា​ខាង​ក្រៅ​ដែល​ខ្មែរ​ក្រហម​លែង​មាន​បរទេស​គាំទ្រ និង​ខ្មែរ​ក្រហម​ខ្លួន​ឯង​នឿយណាយ​លែង​ចង់​ធ្វើ​សង្គ្រាម ហើយ​លោក ហ៊ុន សែន គ្រាន់តែ​ឆក់​ឱកាស​តាម​កាលៈទេសៈ​ប្រែប្រួល​ប៉ុណ្ណោះ។

ចំណែក​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អាស៊ាន វិញ លោក​ថា ទោះជា​អ្ន​កណា​ជា​នាយករដ្ឋមន្ត្រី ក៏​កម្ពុជា​អាច​ចូល​បាន​ដែរ។ លោក ប្រ៊ែដ អាដាម បន្ត​ថា ការ​ពិត​ទៅ​គឺ​ដោយសារ​តែ​លោក ហ៊ុន សែន ទេ​ដែល​ធ្វើ​អោយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ពន្យារ​ពេល​ដាក់​បញ្ចូល​កម្ពុជា ទៅ​ជា​សមាជិក​នោះ ពីព្រោះ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ របស់​លោក ហ៊ុន សែន ធ្វើ​អោយ​អាស៊ាន​ផ្អាក​បញ្ចូល​កម្ពុជា ជា​សមាជិក​ទៅ​តាម​កាល​កំណត់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហា​ដែល​មិន​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​នោះ​មាន​ច្រើន។

​ជា​ត្រួសៗ ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ អំណាច​តុលាការ និង​អង្គ​នីតិប្បញ្ញត្តិ មាន​រដ្ឋ​សភា ព្រឹទ្ធ​សភា ស្ថិត​ក្រោម​ឥទ្ធិពល និង​ការ​គាបសង្កត់​របស់​គណបក្ស​កាន់​អំណាច។ រដ្ឋសភា​បាន​ត្រឹម​ជា​ស្ថាប័ន​ចាំ​ប្រថាប់ត្រា តុលាការ​ក្លាយ​ជា​ស្ថាប័ន​បម្រើ​អោយ​ផលប្រយោជន៍​នយោបាយ។  កង​ប្រដាប់​អាវុធ​ដែល​មាន​កាតព្វកិច្ច​បម្រើ​រដ្ឋ បែរ​ជា​ប្រកាស​ស្មោះស្ម័គ្រ​បម្រើ​បក្ស។ អំពើ​ពុករលួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ពុករលួយ​ខ្ពស់​បំផុត។ ការ​អនុវត្ត​ច្បាប់​មាន​ការ​រើសអើង ហើយ​អំពើ​និទណ្ឌភាព​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ដែល​ក្នុង​នោះ​ឃាតក​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន មេដឹកនាំ​សហជីព អ្នក​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ព្រៃឈើ ព្រះសង្ឃ និង​តារា​សម្ដែង​ល្បីៗ រាប់​សិប​នាក់ គិត​ពី​ឆ្នាំ​១៩៩៣ មក មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស។ ការ​គាបសង្កត់​សេរីភាព​សំដែង​មតិ​កាន់​តែ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ តាម​រយៈ​ធ្វើ​ច្បាប់​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ និង​ការ​ប្រើ​កម្លាំង​សន្តិសុខ​បង្ក្រាប​បាតុករ​អហិង្សា។ កម្មវិធី​វិមជ្ឈការ ឬ​ការ​ផ្ទេរ និង​ផ្ដល់​អំណាច​អោយ​អាជ្ញាធរ​ឃុំ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​មិន​បាន​ជោគជ័យ។

​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បំពាន​ច្បាប់​ដឹក​ទៅ​ក្រៅ​ប្រទេស​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ឆ្ពោះ​ទៅ​រក​ភាព​វិនាស​សាបសូន្យ។ អ្នក​តវ៉ា​ច្រើន​អាច​ត្រូវ​ចាប់​ដាក់គុក ឬ​បាញ់​សម្លាប់។  វិបត្តិ​ដីធ្លី​មិន​អាច​ដោះស្រាយ​បាន​កើត​មាន​ពាសពេញ​ផ្ទៃ​ប្រទេស  សូម្បី​តែ​ជម្លោះដីធ្លី​នៅ​សហគមន៍​បុរីកីឡា និង​បឹងកក់ ក្បែរ​ច្រមុះ​រដ្ឋាភិបាល ទុក​អូស​បន្លាយ​រាប់​ឆ្នាំ​ដោះស្រាយ​មិន​ចេញ នោះ​ក៏​ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មនុស្ស​ចាស់​ដែល​គ្មាន​ទី​ពឹង រដ្ឋ​គ្មាន​កម្មវិធី​ជួយ។ ពលរដ្ឋ​ប្រមាណ ១​លាន​នាក់​ចំណាក​ស្រុក​ឡើង​ស្ងាត់​ភូមិ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ដោយសារ​​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស។ ខណៈ​មេដឹកនាំ ឬ​មន្ត្រី​មួយ​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​កប់​ពពក កម្ពុជា​នៅ​តែ​សុំ និង​ខ្ចី​លុយ​គេ​ដើម្បី​យក​មក​ចំណាយ និង​បំពេញ​ប្រាក់ខែ​អោយ​មន្ត្រី​រាជការ​របស់​ខ្លួន ហើយ​ថ្មីៗ​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ជំពាក់​ប្រាក់ខែ​សាកសព​អតីត​យុទ្ធជន​ជាង ១,៥​លាន​ដុល្លារ។

ទស្សនៈ​របស់​​លោក បារ៉ាក់ អូបាម៉ា ស្ដីពី​ការ​ផ្លាស់ប្ដូរ

​តើ​មេដឹកនាំ​នៃ​ប្រទេស​មួយ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ដឹកនាំ​ប្រជាជាតិ​កើត​មាន​វិបត្តិ​ធ្ងន់ធ្ងរ និង​មិន​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​ខ្លួន​ឯង​បាន​បែប​នេះ អាច​ធ្វើ​អោយ​មេដឹកនាំ​នៃ​ប្រទេស​ដទៃ ដូចជា​សហរដ្ឋអាមេរិក ទទួល​យក​ជា​គំរូ​បាន ឬ​ទេ? គ្មាន​នរណា​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​ជួស​មេដឹកនាំ​សហរដ្ឋអាមេរិក​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា ថ្លែង​នៅ​ក្នុង​ប្រទេស​អេត្យូពី (Ethiopia) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) មាន​ប្រសាសន៍​ជា​ទូទៅ​ថា មាន​មេដឹកនាំ​ខ្លះ​មិន​ចង់​អោយ​មាន​ការ​ផ្លាស់ប្ដូរ​ទេ ចង់តែ​នៅ​ក្រាញ​អំណាច​ជា​រៀង​ហូត ដោយ​គិត​ថា មាន​តែ​ខ្លួនឯង​ទេ​ដែល​អាច​គ្រប់គ្រង​ប្រទេស​បាន។

លោក​ថា គេ​គួរ​តែ​បើក​ឱកាស​អោយ​មាន​អ្នកដឹកនាំ​ថ្មី ដែល​មាន​ឈាម​ថ្មី និង​ចក្ខុវិស័យ​ថ្មី ចូល​ដឹកនាំ​ប្រទេស​ម្ដង៖ "ខ្ញុំ​សុំ​និយាយ​ដោយ​ស្មោះ ខ្ញុំ​មិន​យល់​ចំណុច​នេះ​សោះ! ខ្ញុំ​កាន់​តំណែង​អាណត្តិ​ទី​ពីរ វា​ជា​មហា​កិត្តិយស​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក។ ខ្ញុំ​មិន​ស្រមៃ​ថា អាច​នឹង​រក​កិត្តិយស និង​ការងារ​ណា​ប្រសើរ​ជាង​នេះ​ទេ។ ខ្ញុំ​ស្រឡាញ់​តំណែង​ខ្ញុំ។ ប៉ុន្តែ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ខ្ញុំ​មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទៀត​ទេ។ ខ្ញុំ​គិត​ថា ខ្ញុំ​ជា​ប្រធានាធិបតី​ល្អ បើ​ខ្ញុំ​ឈរ​ឈ្មោះ ខ្ញុំ​នឹង​ជាប់​ទៀត តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ឡើយ"

លោក អូបាម៉ា មាន​ប្រសាសន៍​បន្ត​ដូច្នេះ៖ "មាន​ការងារ​ច្រើន​ទៀត​ណាស់​ដែល​ខ្ញុំ​អាច​ជួយ​ជំរុញ​សហរដ្ឋអាមេរិក អោយ​ជឿនលឿន​ទៅ​មុខ​ទៀត តែ​ច្បាប់​គឺ​ជា​ច្បាប់ គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​បាន​ទេ ទោះជា​ប្រធានាធិបតី​ក៏​ដោយ។ ខ្ញុំ​សុំ​និយាយ​ដោយ​ស្មោះ ខ្ញុំ​ទន្ទឹង​ចាំ​ជីវិត​រស់​នៅ​មួយ​ក្រោយ​ឈប់​ធ្វើ​ប្រធានាធិបតី។ ខ្ញុំ​នឹង​មិន​មាន​កង​សន្តិសុខ​យ៉ាង​ច្រើន​នៅ​ជុំវិញ​ខ្លួន​គ្រប់​ពេល​ទៀត​ទេ។ នេះ​មាន​ន័យ​ថា ខ្ញុំ​អាច​ដើរ​បាន​ដោយ​សេរី។ ខ្ញុំ​អាច​បាន​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ខ្ញុំ។ ខ្ញុំ​ក៏​នៅតែ​អាច​រក​វិធី​នានា​ដទៃ​ទៀត​ដើម្បី​បម្រើ​ប្រទេស​ខ្ញុំ។ ខ្ញុំ​អាច​មក​លេង​ទ្វីប​អាហ្វ្រិក បាន​ញឹក​ជាង។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ថា ហេតុ​អ្វី​មនុស្ស​ខ្លះ​ចង់​កាន់​អំណាច​យូរ​ម្ល៉េះ? ជាពិសេស​ពេល​ដែល​ពួកគេ​មាន​លុយ​ច្រើន​ហូរហៀរ?

នៅ​ពេល​អ្នកដឹកនាំ​ដូរ​ច្បាប់ គ្រាន់​តែ​អោយ​គាត់​នៅ​កាន់​អំណាច​បាន​ត​ទៅ​ទៀត វា​នឹង​ធ្វើ​អោយ​មាន​អស្ថិរភាព និង​ទុក្ខវេទនា​ដល់​ប្រជាជន ដូច​ដែល​យើង​ឃើញ​នៅ ប៊ូរុនឌី (Burundi) ហើយ​ជា​ញឹកញយ វា​ជា​ជំហាន​ដំបូង​ក្នុង​ការ​នាំ​ប្រទេស​ជាតិ​ទៅ​កាន់​ជ្រោះ​មហន្តរាយ។ ជួនកាល​យើង​ឮ​អ្នកដឹកនាំ​ណា​ម្នាក់​និយាយ​ថា មាន​តែ​គាត់​ម្នាក់​គត់​ដែល​អាច​ដឹកនាំ​ប្រទេស​បាន។ បើ​អ្វី​ដែល​គាត់​និយាយ​នេះ​ពិត នោះ​គឺ​គាត់​មិន​បាន​កសាង​ប្រទេស​ជាតិ​របស់​គាត់​អោយ​បាន​ត្រឹមត្រូវ​ទេ។

​លោក ណេលសុន មែនដែលឡា (Nelson Mandela) ជា​ឧទាហរណ៍ ក៏ដូចជា លោក ចច្ច វ៉ាស៊ីតោន (George Washington) ដែរ បាន​បន្សល់​កេរ្តិ៍​ឈ្មោះ​យូរអង្វែង មិន​ដោយសារ​តែ​ពី​សកម្មភាព​គាត់​ពេល​កាន់​អំណាច​ទេ តែ​ដោយសារ​តែ​ពួកគាត់​ព្រម​ចុះ​ចេញ​ពី​តំណែង រួច​ផ្ទេរ​អំណាច​ដោយ​សន្តិភាព។ គ្មាន​នរណា​ម្នាក់​គួរ​កាន់​អំណាច​ដឹកនាំ​មួយ​ជីវិត​នោះ​ទេ ហើយ​ប្រទេស​របស់​លោក​អ្នក​ក៏​អាច​នឹង​ប្រសើរ​ជាង​នេះ ប្រសិនបើ​មាន​ឈាម​ថ្មី គំនិត​ថ្មី។ ខ្ញុំ​មាន​វ័យ​នៅ​ក្មេង​ណាស់​នៅ​ឡើយ តែ​ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ដទៃ​ទៀត​ដែល​គេ​មាន​ថាមពល​ថ្មី មាន​ចក្ខុវិស័យ​ថ្មី ដែល​ល្អ​សម្រាប់​ប្រទេស​ខ្ញុំ ហើយ​ក្នុង​ករណី​ខ្លះ វា​ក៏​ល្អ​សម្រាប់​ប្រទេស​របស់​លោក​អ្នក​ដែរ"

ការ​ផ្លាស់ប្ដូរ​ដើម្បី​កាន់​អំណាច​របស់​លោក ហ៊ុន សែន

និយាយ​អំពី​ការ​ផ្លាស់ប្ដូរ​ច្បាប់​ដើម្បី​បន្ត​ក្ដាប់​អំណាច កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​រួញរា​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​លោក​យល់​ថា ជា​ការ​ចាំបាច់ ក្នុង​នោះ​រួម​មាន​ការ​សម្លុត​គំរាមកំហែង​មេដឹកនាំ​បក្ស​របស់​ខ្លួន ការ​គំរាម​រំលាយ​របប​រាជា​និយម និង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ថា តំណែង​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​បាន​មក​លើ​លោក។

​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៤ លោក ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣។ ប្រព័ន្ធ​នយោបាយ​កម្ពុជា គឺ​ជា​ប្រព័ន្ធ​សភា​និយម។ ក្នុង​ន័យ​នេះ រដ្ឋសភា​ជា​អ្នក​បង្កើត​រាជរដ្ឋាភិបាល ដូច្នេះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​ត្រូវ​កើត​មុន​គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៤ ដោយ​ភ័យ​ខ្លាច​តំណាងរាស្ត្រ​មិន​បោះ​ឆ្នោត​អោយ​លោក​ធ្វើ​នាយករដ្ឋមន្ត្រី​ត​ទៅ​ទៀត លោក ហ៊ុន សែន បាន​បង្ខំ​អោយ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​បង្កើត​អោយ​មាន​បញ្ញត្តិ​ថ្មី​មួយ​ហៅ​ថា "ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម"  ដែល​តម្រូវ​អោយ​មាន​កា​របោះ​ឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី សមាជិក​គណៈរដ្ឋមន្ត្រី និង​ប្រធាន អនុ​ប្រធាន​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ក្នុង​ពេល​តែមួយ ឬ​ហៅ​ថា បោះឆ្នោត​ជា​កញ្ចប់។ នោះ​មាន​ន័យ​ថា កូន​និង​ឪ​បែរ​ជា​តម្រូវ​អោយ​កើត​ក្នុង​ពេល​តែ​មួយ។

ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​ការ​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ ឬ​ហត្ថលេខា​របស់​ប្រមុខ​រដ្ឋ​ស្ដីទី។ សម្ដេច​ព្រះ នរោត្តម សីហនុ គ្រា​នោះ​ព្រះអង្គ​គង់​នៅ​ក្រៅ​ប្រទេស មិន​ព្រម​ឡាយ​ព្រះហស្តលេខា។ ចំណែក​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ជា​ប្រមុខ​រដ្ឋ​ស្ដីទី ក៏​មិន​ព្រម​ចុះ​ហត្ថលេខា​ទៀត។ ទាល់ច្រក​ការ​ប្រើ​កម្លាំងបាយ​ក៏​ចាប់​ផ្ដើម ដោយ​លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ បាន​ទៅ​ចាប់​បង្ខំ​លោក ជា ស៊ីម ប្រធាន​បក្ស​ប្រជាជន​កម្ពុជា អោយ​ចាក​ចេញ​ពី​ប្រទេស​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​បាងកក ដើម្បី​យក​លេស​បើក​ឱកាស​ប្រើប្រាស់​លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុប្រធាន​ព្រឹទ្ធ​សភា អោយ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​អាច​ចុះ​ហត្ថលេខា​លើ "ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម" នោះ។

​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ចុះ​ហត្ថលេខា​លើ "ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម" ការ​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណៈរដ្ឋមន្ត្រី និង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​សភា​ក្នុង​ពេល​តែមួយ​ក៏​បាន​ធ្វើ​ឡើង​ភ្លាមៗ ហើយ​លោក ហ៊ុន ហ៊ុន ក៏​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។

​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នោះ បាន​រង​ការ​រិះគន់​ខ្លាំង​ពី​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា។  លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត សុខ ទូច តែង​ហៅ​វិសោធនកម្ម "ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម" នោះ​ថា វា​ជា​ការ "ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ"។

​បើ​តាម​លោក ប្រ៊ែដ អាដាម នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ លោក ហ៊ុន សែន គឺ​ជា​អ្នក​នយោបាយ​ដែល​មាន​ទេពកោសល្យ​ដ៏​ពូកែ​ម្នាក់។ លោក​ថា លោក ហ៊ុន សែន ពូកែ​ប្រើ​ឧបាយ​កល្ប​បំបែកបំបាក់​ដើម្បី​គ្រប់គ្រង។

គណបក្ស​នយោបាយ​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បីៗ ក្នុង​នោះ​មាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដែល​បង្កើត​ឡើង​ដោយ​សម្ដេច​ព្រះបរមរតនកោដ្ឋ ព្រះ​នរោត្តម សីហនុ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា របស់​លោកតា សឺន សាន សុទ្ធតែ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំបែក​ខ្ទេច​ដូច​ផេះ។

ទោះ​ជា​យ៉ាង​ក៏​ដោយ​ចុះ ត្រឡប់​មក​និយាយ​អំពី​ការ​មិន​ផ្លាស់ប្ដូរ​វិញ ក្រៅ​តែ​ពី​មាន​នាយករដ្ឋមន្ត្រី​មុខ​ដដែល​ជាង ៣០​ឆ្នាំ​នេះ កម្ពុជា​ក៏​មាន​រដ្ឋមន្ត្រី​មុខ​ដដែលៗ​ជា​ច្រើន​នាក់ ដែល​មិន​ផ្លាស់ប្ដូរ​រសោះ​ជាង ២​ទសវត្ស​កន្លង​មក​នេះ។ ប្រហែលជា​កម្ពុជា នៅ​មាន​មេដឹកនាំ​មុខ​ដដែលៗ មិន​មាន​ឈាម​ថ្មី គំនិត​ថ្មី ចក្ខុវិស័យ​ថ្មី​នេះ​ហើយ ទើប​វិបត្តិ​សង្គម​ជា​ច្រើន​ក៏​មិន​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។