នាយករដ្ឋមន្ត្រី​សុំ​ឲ្យ​ពលរដ្ឋ​យោគយល់​​រឿង​ទឹក​លិច​ផ្លូវ

ដោយ ទេព សុរ៉ាវី
2014.09.29
ទឹក​លិច ភ្នំពេញ ៦២០ ទឹក​លិច​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ភ្លៀង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ២០១៤។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ យោគ​យល់​ចំពោះ​បញ្ហា​លិច​ផ្លូវ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បៀលប្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា។

លោក ហ៊ុន សែន និយាយ​ថា បញ្ហា​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ កញ្ញា បង្ក​ឲ្យ​មាន​ផ្លូវ​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ លិចលង់​ជា​ច្រើន និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មួម៉ៅ។ យ៉ាង​ណា​លោក ហ៊ុន សែន បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ចាត់វិធានការ​ប្រឹងប្រែង​ក្នុង​ការ​រំដោះ​ទឹក​ចេញ​កុំ​ឲ្យ​លិច​ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​កសាង​ប្រព័ន្ធ​លូ​ថ្មីៗ និង​ពង្រីក​ប្រព័ន្ធ​លូ​បន្ថែម​ទៀត។

​លោក ហ៊ុន សែន៖ «ប្រជាពលរដ្ឋ​របស់​យើង​មេត្តា​យោគយល់​ផង​ដែរ​ទៅ​លើ​បញ្ហា​ស្ថានភាព​នៃ​ការ​លិច​ផ្លូវ​ក្នុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ។ ម្សិលមិញ​នេះ​ភ្លៀង​ធ្លាក់​ប្រមាណ​ជា ៧០ ទៅ ៨០​មិល្លីម៉ែត្រ​អ៊ីចឹង​ទោះ បី​ជា​យើង​មាន​លូ​ធំ​ជាង​ហ្នឹង​ក៏​មិន​អាច​ដោះ​រួច​ទេ ទីក្រុង​ប្រទេស​ខ្លះ​ក៏​លិចលង់​លើស​ពី​ទីក្រុង​យើង​ទៅ​ទៀត ព្រោះ​ម្សិលមិញ​ហ្នឹង​វា​មក​មួយ​ភ្លែត​​គឺ​សម្បើម​ពេក»

ភ្លៀង​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​លិចលង់​រហូត​ផ្លូវ​ខ្លះ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ដោយសារតែ​កម្ពស់​ទឹក​បាន​ដក់​ឡើង​រហូត​ត្រឹម​ចង្កេះ ហើយ​តំបន់​ខ្លះ​ត្រឹម «ក»។ មាន​រថយន្ត​និង​ម៉ូតូ​ច្រើន​រយ​គ្រឿង​លិច​ខូច​កណ្ដាល​ផ្លូវ។

​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​រិះគន់​ថា ការ​ជន់​លិច​ក្រុង​ភ្នំពេញ​នេះ កើត​ឡើង​ដោយសារ​តែ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ឯកជន​ខ្លះ​បាន​ចាក់​ដី​លុប​បឹង​ដែល​អាច​រំដោះ​ទឹក​ចេញ​បាន ដូចជា​បឹងកក់ បឹងទំពុន និង​បឹងស្នោ​ជាដើម។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បង្ហាញ​ថា រដូវ​ភ្លៀង​នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​បញ្ចប់​ក្នុង​សប្ដាហ៍​ទី​២ ឬ​សប្ដាហ៍​ទី​៣ ក្នុង​ខែ​វិច្ឆិកា។ នៅ​ឆ្នាំ​នេះ​រដូវ​រងា​អាច​អូស​បន្លាយ​រយៈពេល​វែង​ជាង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។