បក្ស​ប្រឆាំង​ខេត្ត​ព្រៃវែង​​ថា​គ្មាន​សកម្មជន​ជាង​៤០០​នាក់​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច

ដោយ អាស៊ីសេរី
2017-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​ព្រៃវែង។
ផែនទី​ខេត្ត​ព្រៃវែង។
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង អះអាង​ថា គ្មាន​សកម្មជន​ជាង ៤០០​នាក់ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ។ ការ​អះអាង​ដូច្នេះ បន្ទាប់​ពី​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​បាន​ផ្សព្វផ្សាយ​ថា មាន​សកម្មជន​ជាង ៤០០​នាក់ នៅ​ស្រុក​ស្វាយអន្ទរ បាន​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហ្វ្រេសញ៉ូវ (Fresh News) ដែល​ចោទ​ថា សមាជិក​បក្ស​ប្រឆាំង​ចំនួន ៤១៧​នាក់ នៅ​ស្រុក​ស្វាយអន្ទរ ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នោះ គឺ​ជា​ការ​បំផ្លើស​ការពិត និង​មាន​ចេតនា​បំបែក​បំបាក់​សាមគ្គី​ភាព​របស់​បក្ស​ប្រឆាំង។

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​លេខា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង លោក ជុំ ចាន់ បញ្ជាក់​ថា នៅ​ស្រុក​ស្វាយអន្ទរ មាន​តែ​ក្រុមប្រឹក្សា​ឃុំ​តែ ២​នាក់​ប៉ុណ្ណោះ បាន​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។ ចំណែក​ការ​ចុះ​ផ្សាយ​ថា មាន​សមាជិក​ជាង ៤០០​នាក់ នឹង​ធ្វើ​វេទិកា​ជាដើម​នោះ គឺ​ជា​រឿង​មិន​ពិត៖ «»។

​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បណ្ដាញ​សារព័ត៌មាន Fresh News ចុះ​ផ្សាយ​ថា បាន​ទទួល​លិខិត​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ស្រុក, សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់, ជំទប់ និង​សកម្មជន​នៅ​ស្រុក​ស្វាយអន្ទរ ជាង ៤០០​នាក់​ថ្មី​ទៀត ដែល​បាន​សម្រេច​ចិត្ត​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​សុំ​ចូលរួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ជុំ ចាន់ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹងមាំ​ដដែល ទោះ​បី​ជា​មាន​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្តី និង​មាន​យុទ្ធនាការ​ដើរ​អូសទាញ​ឲ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ក៏ដោយ៖ «»។

​រហូត​មក​ដល់​ពេល​នេះ នៅ​សល់​តែ ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​រដ្ឋាភិបាល លោក ហ៊ុន សែន នឹង​ចូល​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​០១៧។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ព័ត៌មាន​នៃ​ការ​រត់​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច និង​ការ​ធ្វើ​ពិធី​ទទួល​សមាជិក​ថ្មី ព្រមទាំង​រូបភាព​នៃ​ការ​ដុត​អាវ និង​មួក គឺ​មិន​មែន​ទើបតែ​កើត​ឡើង ខណៈ​ដែល​បក្ស​ប្រឆាំង​ប្រឈម​នឹង​ការ​រំលាយ​ចោល​នោះ​ទេ ពោល​គឺ​កើតឡើង​តាំង​ពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ទី​ផុត​បក្ស​ប្រឆាំង​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដដែល​ទៅ​វិញ។ លោក​បន្ថែម​ថា ការ​អូសទាញ​របស់​បក្ស​កាន់​អំណាច​របៀប​នេះ គឺ​មិន​សូវ​បាន​ផល​ឡើយ៖ «»។

​លោក ជុំ ចាន់ អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ទើប​តែ​មាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៨​នាក់ បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ម្នាក់​គឺ​លោក ឡុង ប៊ុន្នី។ លោក ជុំ ចាន់ ថា ការ​ចុះ​ចូល​នេះ គឺ​មិន​មែន​ជា​ទឹកចិត្ត​របស់​ពួកគេ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល