អ្នកចូលរួមធ្វើបាតុកម្មទាមទារឲ្យ លោក កឹម សុខា ចុះចេញពីតំណែងជាអនុប្រធានសភា នៅថ្ងៃទី២៦ តុលា ដែលក្រុមបាតុករនោះមានសមាសភាពចម្រុះ ហើយខ្លះចេញមុខជាចំហ ខ្លះពាក់មួកឃ្លុបខ្មៅរបៀបគិញសម្ងាត់លាក់ខ្លួននៅក្បែររបង និងក្រោមដើមឈើជុំវិញមន្ទីររដ្ឋសភា ខ្លះនៅសម្រាកលើរថយន្តដែលពួកគេជិះមកនោះដោយមិនខ្វល់អ្វីទាំងអស់។
អ្នកចូលរួមបាតុកម្មទាំងនោះ បានបង្ហាញជំហរផ្សេងៗគ្នាអំពីការមកចូលរួមបាតុកម្មបណ្ដេញ លោក កឹម សុខា ឲ្យចុះចេញពីតំណែង។ អ្នកខ្លះខឹងសម្បារនឹងការសន្យារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមិនគោរពតាមសន្យារបស់ខ្លួនកាលពីយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣ កន្លងមក។
យុវជនម្នាក់មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ញាំង បានឲ្យដឹងថា ពួកគេមកនេះដោយអ្នកជួលឡានឲ្យជិះដោយមិនគិតថ្លៃ ហើយអាជ្ញាធរបានដើរប្រាប់កាលពីល្ងាចថ្ងៃទី២៥ តុលា ថា ទៅធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា ដោយគាត់សន្យាខ្យល់៖ «សន្យាខ្យល់ និយាយមិនពិតតែម្តង ដូចលុយ ៤ម៉ឺនជូនចាស់អីជាដើម និងប្រាក់ខែ ១៥០ដុល្លារជូនកម្មករតាមរោងចក្រអីហ្នឹង គឺអត់បានដូចបំណងទេ»។
ចំណែកបុរសម្នាក់ទៀតដែលធ្វើដំណើរមកជាមួយគ្នាដែរនោះ ក៏បានថ្លែងប្រាប់ប្រហាក់ប្រហែលគ្នាដែរ ហើយបញ្ជាក់ថា ការមកចូលរួមនេះមិនមានការចាត់តាំងពីខាងណាមួយច្បាស់លាស់នោះទេ គឺមកតាមគ្នា ហើយមានអ្នកចែកទឹកមួយដប និងក្រមាក្រហមមួយ ដើម្បីឲ្យចងចង្កេះដូចៗគ្នា៖ «កឹម សុខា ចុះ...ចុះចេញទៅ!»។
ទោះយ៉ាងណាក្តី សកម្មភាពពួកគេនោះ ក្រុមខ្លះហាក់លឹបលនៅឆ្ងាយពីក្បួនតវ៉ាធំនៅមុខរដ្ឋសភា ដែលមានមនុស្សច្រើនរយនាក់ចូលរួមស្រែកទាមទារឲ្យ លោក កឹម សុខា ចុះចេញពីតំណែង។ ក្រុមខ្លះទៀតបានស្រែកច្រៀងចម្រៀងដែលមានន័យថា លោក កឹម សុខា ជាមនុស្សបង្កប់របស់គណបក្សប្រជាជនកម្ពុជា ហើយពួកគេជ្រុលខ្លួនបោះឆ្នោតឲ្យ តែឥឡូវគេដឹងហើយ សូមឲ្យចុះចេញពីតំណែង៖ «ស៊ីភីភី (CPP) លាក់អាខា អ្នកណាក៏គេដឹងអស់ហើយ តែខ្ញុំមិនអាចដើរថយក្រោយ...»។
នេះជាលើកទីពីរ ដែលមានបាតុករធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា។ កាលពីខែមិថុនា ឆ្នាំ២០១៣ មានមនុស្សជាង ២ម៉ឺននាក់ តវ៉ាប្រឆាំង លោក កឹម សុខា ដែលដឹកនាំដោយ លោក ជុំ ម៉ី អតីតអ្នកទោសនៅមន្ទីរស-២១ ឬគុកទួលស្លែងក្នុងសម័យខ្មែរក្រហម។
ចំណែកមនុស្សមួយក្រុមទៀតមិនថ្លែងអ្វីទាំងអស់ មានទឹកមុខកាចមាំ ពាក់មួកឃ្លុបខ្មៅ មានចងក្រមាក្រហមនៅចង្កេះបង្កប់ខ្លួនតាមកៀនរបង និងក្រោមដើមឈើឆ្ងាយប្រមាណ ១០០ម៉ែត្រ ជុំវិញបរិវេណរដ្ឋសភា ហាក់កំពុងរង់ចាំបទបញ្ជាឲ្យធ្វើសកម្មភាពអ្វីមួយ។
ដោយឡែកក្រុមមួយចំនួនទៀត អង្គុយមើលគេពីក្នុងឡាន ដូចមិនដឹងរឿងអ្វីទាំងអស់។ ពួកគាត់មួយចំនួន បានថ្លែងប្រាប់អ្នកកាសែតដោយប្រយ័ត្នប្រយែងបំផុត ព្រោះខ្លាចមេក្រុមពួកគេរករឿងថានិយាយផ្ដេសផ្ដាស។ ពួកគាត់ឲ្យដឹងដោយសុំឲ្យលាក់អត្តសញ្ញាណថា មុនឡើងឡានមក អាជ្ញាធរប្រាប់ថា ឲ្យទៅចូលរួមប្រជុំនៅភ្នំពេញ ប៉ុន្តែពេលមកដល់អត់មានប្រជុំរឿងអ្វីក្រៅពីធ្វើបាតុកម្មនោះទេ ធ្វើឲ្យពួកគេខកចិត្ត និងចាត់ទុកជាទង្វើមិនគប្បីមួយ៖ «គេថាឲ្យមកប្រជុំនៅភ្នំពេញ តែពេលមកដល់ឃើញគេធ្វើសកម្មភាពបាតុកម្ម...ខ្ញុំអត់ដឹងដែរមេឃុំគេឲ្យមក...»។
ទោះបីអ្នកចូលរួមបាតុកម្មនៅមុខរដ្ឋសភា នៅថ្ងៃទី២៦ តុលា មិនបង្ហាញពីអង្គការចាត់តាំងច្បាស់លាស់យ៉ាងណាក្តី ប៉ុន្តែមុនព្រឹត្តិការណ៍កើតឡើងមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅប្រទេសបារាំង សំដៅទៅគណបក្សប្រឆាំងថា បើខឹងកុំលេង បើលេងកុំខឹង ហើយលេងលើកនេះ អាចបាត់តំណែងអនុប្រធានរដ្ឋសភាទៀតផង។ លោក ហ៊ុន សែន បន្តថា មេបាតុកម្មនៅទីក្រុងប៉ារីស និយាយថា គេគោរពសិទ្ធិអ្នកធ្វើបាតុកម្មនៅទីក្រុងប៉ារីស ដើម្បីប្រឆាំងលោក ដូច្នេះលោកក៏គោរពសិទ្ធិអ្នកធ្វើបាតុកម្មនៅភ្នំពេញដូចគ្នាដែរ។
ទាក់ទងបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សមានក្តីបារម្ភថា ការធ្វើបាតុកម្មតបតគ្នាទៅវិញទៅមករវាងអ្នកប្រឆាំងរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល ផ្ទុះឡើងនូវអំពើហិង្សាកាន់តែធ្ងន់ធ្ងរថែមទៀត។ ទន្ទឹមគ្នានេះ មន្ត្រីសង្គមស៊ីវិលក៏ចង់ឲ្យរដ្ឋាភិបាល គោរពសិទ្ធិអ្នកបញ្ចេញមតិពីគ្រប់ភាគីឲ្យបានស្មើៗគ្នា ឬកុំមានការរើសអើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។