អ្នក​នយោបាយ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ថ្កោលទោស​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

ដោយ ថា កិត្យា
2016.07.10
ដង្ហែ​សព​លោក កែម ឡី ២០១៦ ៨៥៥ ពលរដ្ឋ​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ អ្នក​នយោបាយ និង​រដ្ឋាភិបាល សុទ្ធតែ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វែក​មុខ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​សុទ្ធតែ​មាន​អារម្មណ៍​ក្តុកក្តួល​រំជើបរំជួល​ចិត្ត ទប់​ទឹក​ភ្នែក​មិន​បាន​ចំពោះ​មរណភាព​របស់​លោក កែម ឡី។ ពួក​គេ​ចាត់​ទុក​ថា មរណភាព​លោក កែម ឡី គឺ​ជា​ការ​បាត់បង់​បញ្ញវន្ត​មួយ​រូប និង​អ្នក​ស្នេហា​ជាតិ​ដ៏​អង់អាច​ម្នាក់៖ «លោក​បណ្ឌិត កែម ឡី ជា​មនុស្ស​ដែល​មាន​ធនធាន និង​ឧត្តម​គតិ​ខ្ពស់​ក្នុង​ការ​និយាយ ក្នុង​ការ​ធ្វើ ជាពិសេស​ដូច​ដឹង​ហើយ លោក​បាន​ចុះ​ទៅ​តាម​ព្រំដែន និង​សហគមន៍​ផ្សេងៗ​ដែល​គាត់​ដើរ​ស្រាវជ្រាវ​ជាច្រើន។ គាត់​ជា​មនុស្ស​ល្អ​ដែល​យើង​សោកស្ដាយ​គាត់»

ក្រៅ​ពី​សម្ដែង​ក្តី​សោកស្ដាយ​នោះ ប្រជាពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ថា ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក្រោម​ហេតុផល​ថា លោក កែម ឡី តែង​តែ​វិភាគ និង​បញ្ចេញ​មតិ​យោបល់​រិះគន់​ឥត​សំចៃ​មាត់​លើ​ស្ថាប័ន​រដ្ឋ និង​រដ្ឋាភិបាល ដើម្បី​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ការ​កែលំអ​របៀប​ធ្វើ​ការ និង​របៀប​ដឹក​នាំ​ពិត​ប្រាកដ៖ «លោក​បណ្ឌិត កែម ឡី មិន​ដែល​មាន​គំនុំ​គំកួន និង​មិន​ដែល​មាន​សត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ។ អ្វី​ដែល​គាត់​មាន​នោះ គឺ​ការ​វិភាគ និង​ការ​បញ្ចេញ​យោបល់​របស់​គាត់​ទៅ​លើ​ស្ថាប័ន​រដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​ដែល​គាត់​តែង​តែ​រិះគន់​ចំៗ​ទៅ​លើ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គាត់​និយាយ​ទៅ​ធ្វើ​ឲ្យ​គេ​ខឹង ដែល​គាត់​និយាយ​ត្រូវ​ទៅ​លើ​បុគ្គល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​ដណ្ដើម​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គេ​ខឹង ដែល​គេ​ថា​ជា​ឆ្អឹង​ទទឹង​ក និង​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​របស់​ជន​អគតិ​របស់​ជន​ដៃ​ឆៅ​ទាំង​នោះ»

រីឯ​អ្នក​នយោបាយ​មក​ពី​បក្ស​ផ្សេងៗ ក៏​បង្ហាញ​ពី​ភាព​សោកសៅ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ដែរ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សម្ដែង​ការ​សោកស្ដាយ និង​សូម​វិញ្ញាណក្ខន្ធ​លោក កែម ឡី ទៅ​កាន់​សុគតិភព«យើង​សោកស្ដាយ​ដៃគូ​ពិភាក្សា​គ្នា​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​លោក​បណ្ឌិត​តែង​តែ​ផ្តល់​បទពិសោធន៍​ឲ្យ​ខ្ញុំ​ច្រើន​ដែរ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច ដើម្បី​វែក​មុខ​ជន​ដៃ​ដល់ ហើយ​និង​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​ប្រទេស​ជាតិ​កំពុង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ជា​គំរូ​មួយ​ដើម្បី​កុំ​ឲ្យ​អ្នក​ក្រោយ​ប្រព្រឹត្ត​ដូច​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ទៀត»

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បង្ហាញ​ការ​រន្ធត់​ចិត្ត និង​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ៖ «ការ​បាត់បង់​លោក កែម ឡី គឺ​ជា​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​ប្រទេស​ជាតិ​យើង។ កាល​គាត់​នៅ​រស់ គឺ​គាត់​បាន​ជួយ​សង្គម​ច្រើន​ណាស់ ការ​វិភាគ និង​ការ​ផ្តល់​នូវ​អនុសាសន៍​បញ្ចេញ​នូវ​ទស្សនៈ​មាន​ផល​វិជ្ជមាន​ច្រើន ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌។ យើង​មាន​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ។ សូម​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច ស្រាវជ្រាវ​រក​មូលហេតុ​ពិត»

ចំពោះ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​បាត់បង់​លោក កែម ឡី គឺ​ជា​ការ​បាត់បង់​បញ្ញវន្ត​ដ៏​ល្អ​របស់​កម្ពុជា៖ «ដំណឹង​នេះ​ធ្វើ​ឲ្យ​យើង​រន្ធត់ សោកសៅ មិន​នឹក​ស្មាន​ថា​ពួក​ដៃ​ដល់​មក​ធ្វើ​បាប​បញ្ញវន្ត​ម្នាក់​ដែល​គ្នា​អត់​មាន​អី​សោះ មាន​តែ​សម្ដី។ យើង​សោកស្ដាយ​ការ​បាត់បង់​ធនធាន​មនុស្ស និង​បញ្ញវន្ត។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សារព័ត៌មាន និង​ពលរដ្ឋ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឃាតកម្ម​នេះ»

ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា លោក កែម ឡី ជំពាក់​លុយ​នោះ លោក ផៃ ស៊ីផាន បដិសេធ​មិន​បញ្ចេញ​យោបល់​នោះ​ទេ

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ៩​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

នៅ​កម្ពុជា មាន​អ្នក​ល្បីល្បាញ និង​អ្នក​ចេះ​ដឹង​ជាច្រើន​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​រន្ធត់ រួម​មាន​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ហើយ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ឡើយ។ ឃាតកម្ម​ធំៗ​ទាំង​នោះ​រួម​មាន ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ក្នុង​ឆ្នាំ​២០០៤ ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ឆ្នាំ​២០១២។ នៅ​មាន​ឃាតកម្ម​ជាច្រើន​ទៀត ដូចជា​ករណី​អ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណា អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ រួម​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត ដូចជា​ក្នុង​ករណី​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា និង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម ជាដើម ដែល​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​បន្ទោស​រដ្ឋាភិបាល ថា​នៅ​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ការពារ​មនុស្ស​ដែល​មាន​ឆន្ទៈ​ខ្ពស់​ទាំង​នេះ និង​បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។